ខេត្តបាត់ដំបង!កម្លាំងប្រដាប់អាវុធប្រមាណជាង១០០០នាក់បានត្រៀមដើម្បីការពារសន្តិសុខក្នុងពិធីបុណ្យអុំទូកចេញព្រះវស្សាក្នុងស្ទឹងសង្កែនាថ្ងៃខាងមុខនេះ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការខេត្តបាត់ដំបងបានអោយដឹងនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩នេះថា÷ ពិធីបុណ្យអុំទូកដែលប្រព្រឹត្តទៅរយះពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣  ខែតុលា ខាងមុខនេះគណះបញ្ជាការឯកភាពខេត្តបាត់ដំបងបានត្រៀមប្រើប្រាស់កម្លាំងជាង១០០០នាក់ ក្នុងនោះកម្លាំងនគរបាលចំនួនជាង ៧០០នាក់ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ ពិសេសគ្រប់គ្រងតាមដាននិងចាត់វិធានការបង្ការទប់ស្កាត់មុខសញ្ញាប្រព្រឹត្តបទល្មើសនានាជូនប្រជាពលរដ្ឋដែលចូលរួមទស្សនាកម្សាន្តសប្បាយក្នុងកម្មវិធីប្រណាំងទូករហូត ដល់បញ្ចប់កម្មវិធី។

ការត្រៀមកម្លាំងការពារនេះគណះបញ្ជាការកងឯកភាពខេត្តបែងចែកជា២តំបន់ តំបន់A និងតំបន់B ដោយកំណត់តំបន់A ជាវេទិការអុំទូក និងតំបន់B ក្នុងភូមិសាស្ត្រតាមបណ្តោយសងខាងស្ទឹងសង្កែត្រើយខាងលិច ខាងកើត និងទីកន្លែងក្រុមអាជីវករលក់ដូរ ។ដោយឡែកគោលដៅធំៗមួយចំនួនទៀតកម្លាំងជំនាញត្រៀមរៀបចំបង្វែរទិសចរាចរណ៍ រួមទាំងកម្លាំងអន្តរាគមន៍ល្បាតក្នុងភូមិសាស្ត្រជុវិញស្រុក ក្រុង ក្នុងនិងក្រៅទីប្រជុំជននានា ហើយនឹងមានបិតរូបថតមុខសញ្ញាឆក់ លូកហោប៉ៅអោយប្រជាពលរដ្ឋបានស្គាល់ផងដែរសំដៅត្រៀមបង្ការការបាត់បង់ទ្រព្យសម្បត្តិផ្សេងៗ ក្រៅពីនេះប្រជាពលរដ្ឋដែលចូលមកលេងកម្សាន្តគប្បីចូលរួមថែរក្សារបៀបរៀបរយ អនាម័យបរិស្ថាន និងត្រូវសរសេលេខទូរសព្ទ័របស់ខ្លួនដាក់ក្នុងហោប៉ៅក្មេងៗជាកូន ចៅ ងាយស្រួលទាក់ទងពេលវង្វែងគ្នា។

ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន បានបន្ថែមថា ÷ ក្រៅពីការដាក់ពង្រាយកម្លាំងតាមគោលដៅនីមួយៗដោយចំហរ និងសម្ងាត់គណះបញ្ជាការឯកភាពខេត្តក៏បានត្រៀមរថយន្តនាំក្បួនជាច្រើនគ្រឿង រថយន្តពន្លត់អគ្គិភ័យចំនួន០៣គ្រឿង រថយន្តពេទ្យសង្គ្រោះបឋមចំនួន០៧គ្រឿង និងអូប័រចល័តសង្គ្រោះដើម្បីសង្គ្រោះកីឡាករចំនួន២គ្រឿងទៀតផងដែរ។

គួរបញ្ជាក់ថា!ក្នុងឱកាសអបអរសាទរថ្ងៃបុណ្យចេញព្រះវស្សាឆ្នាំនេះដែររដ្ឋបាលខេត្តបាត់ដំបងបានរៀបចំនូវកម្មវិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកនិងសំពះព្រះខែលើកទី១៩ ចំនួន០២ថ្ងៃនៅក្នុងស្ទឹងសង្កែ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩នេះ  ហើយក្រៅពីនេះរដ្ឋបាលខេត្តគ្រោងនិងរៀបចំសន្តិសុខស្ថេរភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយអោយមានភាពល្អប្រសើរជាងឆ្នាំកន្លងមក រួមទាំងការតុបតែងភ្លើងបំភ្លឺលើដើមឈើសួនច្បារ និងបំពាក់កូមបំភ្លឺប្របតាមមាត់ស្ទឹងសង្កែទាំងត្រើយខាងកើត ខាងលិច រៀបចំអោយមាននូវការប្រគុំដន្ត្រីបុរាណ សម័យខ្នាតយក្ស ល្បែងប្រជាប្រិយគ្រប់ប្រភេទ ពិសេសការដាក់តាំងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ថៃជាច្រើនស្តង់ បង្ហោះគោម ប៉ារ៉ាម៉ូទ័រ ហៅម៉ូតូឆត្រ័ហោះ ក៏ដូចជាការបាញ់កាំជ្រួចរាប់ពាន់គ្រាប់ទៀតផង៕