បន្ទាយមានជ័យៈកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះបង្ក្រាបបានករណី ហិង្សា(កាប់ម៉ូតូ) និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា ៖ យោងពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ វីន អ៊ីចិន ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ៖ នៅយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ ខ្លួននិងប្អូនប្រុស បានជិះម៉ូតូទៅផ្សារសហគមន៍ដើម្បីទិញស្បែកជើង ពេលពួកខ្លួនចូលដល់ក្នុងផ្សារ ស្រាប់តែមានគេប្រាប់ថា មានក្មេង ០១ក្រុម បានប្រើពូថៅកាប់ម៉ូតូរបស់ខ្លួនខ្ទេចអស់ហើយ ខ្លួនចេញមកមើល ក៏ឃើញម៉ូតូត្រូវគេកាប់ខ្ទេចផ្នែកខាងមុខ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថា ៖ ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងជំនាញកងរាជអាវុធហត្ថបានចុះធ្វើការស៊ើបអង្កេត និងកំណត់បានមុខសញ្ញាជនសង្ស័យ ធ្វើការកោះហៅជនសង្ស័យមកសាកសួរ និងឃាត់ខ្លួនតែម្តងក្រោយពីការសាកសួររួច ចំនួន ០៥នាក់ រួមមាន៖ ១-ឈ្មោះ សុខ គឹមណង ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិប៉ោយប៉ែត ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ២-ឈ្មោះ សំ ប៉ី ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ បច្ចុប្បន្នរស់នៅភូមិប៉ោយប៉ែត ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ៣-ឈ្មោះ ថុង ហេង ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ បច្ចុប្បន្នរស់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ៤-ឈ្មោះ ប៉ែន ឡុងស៊ាង ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងភ្លើង បច្ចុប្បន្នរស់នៅភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ៥-ឈ្មោះ ឌី សុខលី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងភ្លើង បច្ចុប្បន្នរស់នៅភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងដកហូតវត្ថុតាងរួមមាន ៖ -ពូថៅ ០១ដើម -ខ្សែច្រវ៉ាក់ថ្ពក់សោរខាងចុង និងមានស្នាប់ដៃសម្រាប់កាន់ ០១ខ្សែ -ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

ក្រោយពីសមត្ថកិច្ចជំនាញក្រុង ធ្វើការសាកសួររួច បានកសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត ។លោកវរសេនីយ៍ត្រី គុណ ណាវ នាយការិយាល័យបទល្មើសប្រហ្មទណ្ឌ នៃមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ៖ ក្រោយពីកម្លាំងជំនាញធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ៖ ខ្លួន (ប៉ែន ឡុងស៊ាង) ជាអ្នកកាប់ម៉ូតូរបស់ជនរងគ្រោះពិតមែន ដោយយល់ថាម្ចាស់ម៉ូតូនេះធ្លាប់កាប់ម៉ូតូរបស់ក្រុមខ្លួនដែរ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ។