ភ្នំពេញ ៖ កាលរសៀលពីថ្ងៃទី ៩ ខែតុលាមិញនៅទីស្ដីការក្រសួងទេសចរណ៍ ឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមMikami Masahiro ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំនៅកម្ពុជា ។

នៅក្នុងជំនួបនោះដែរ ថ្នាក់ដឹកនាំទាំង២ បានធ្វើការការវាយតម្លៃខ្ពស់ទៅលើការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅកម្ពុជា ជាពិសេសវិស័យទេសចរណ៍មានការរីកចម្រើនគួរឲ្យគាត់សំគាល់។ ជាក់ស្ដែងកាលពីឆ្នាំ ២០១៨ កន្លងមកទេសចរណ៍នៃប្រទេសទាំងពីរបានកើនឡើងគួឲ្យកត់សម្គាល់ ។ ក្នុងចំណោមភ្ញៀវទេសចរ៦លាន ២ សែននាក់ក្នុងនោះទេសចរជប៉ុនមានជាង 20 ម៉ឺននាក់។ក្នុងរយៈពេល៧ខែដើមឆ្នាំ ២០១៩នេះកម្ពុជាទទួលបានភ្ញៀវទេសចរជប៉ុនប្រមាណ ១៤ម៉ឺននាក់ ដូច្នេះទេសចរជប៉ុននៅតែបន្តកើនឡើងជាលំដាប់ ។

ជាមួយគ្នានោះដែរ ឯកឧត្តមឯកអគ្គរាជទូតជប៉ុន បានកត់សម្គាល់ ឃើញថា ការអភិវឌ្ឍសេដ្ឋកិច្ច ការអភិវឌ្ឍ ទីក្រុងភ្នំពេញ គឺខុសគ្នាឆ្ងាយ កាលពីពេលកន្លងមក។
ឯកឧត្តម បានកោតសសើរ ចំពោះការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា បានខិតខំ អភិវឌ្ឍប្រទេសជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ពិសេសលើវិស័យទេសចរណ៍ មានការរីកចម្រើនខ្លាំង ។ ក្នុងនោះក៏បានធ្វើការបន្លាស់ប្ដូរ រវាងភ្ញៀវទេសចរកម្ពុជា.ជប៉ុនមានការកើនឡើងគួឲ្យកត់សម្គាល់ផងដែរ។

ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានលើកឡើង អំពីស្ថានភាពទេសចរណ៍មួយចំនួន ក្នុងនោះ ឯកឧត្តមបានថ្លែងអំណរគុណភាគីជប៉ុន ក្នុងនាមជាសហប្រធាននៃICCអង្គរ ដែលបានខិតខំជួយអភិរក្សប្រាសាទអង្គរ ហើយក៏បានស្នើសុំបន្តកិច្ចសហប្រតិបត្តិការនេះ រហូតដល់ប្រាសាទ សំបូរព្រៃគុក ដើម្បីជួយផ្សព្វផ្សាយ និងជួយអភិរក្ស តំបន់ប្រាសាទសំបូរព្រៃគុកឲ្យកាន់តែ មានភាពប្រសើរឡើង។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើដល់ភាគីជប៉ុន ជួយផ្សព្វផ្សាយតាមបណ្តាញខ្សែទស្សនកិច្ច បេតិកភ័ណ្ឌ ដើម្បីតភ្ជាប់ប្រាសាទអង្គរ ទៅបឹងមាលា .កោះកេរ្តិ៍ .ព្រះវិហារ និងសំបូរព្រៃគុកផងដែរ ។

ឯកឧត្តម រដ្ឋមន្ត្រី បានស្នើភាគីជប៉ុន តភ្ជាប់ជើងហោះហើរត្រង់បន្ថែមទៀត គឺភ្ជាប់ពីទីក្រុងសំខាន់ៗ របស់ប្រទេសជប៉ុន មកកាន់កម្ពុជា ។ កន្លងមក យើងមានការហោះហើរត្រង់ពីណារីតា មករាជធានីភ្នំពេញ ដូច្នេះហើយឯកឧត្តមរដ្ឋមន្តី្រ បានស្នើភាគីជប៉ុនពិចារណា ភ្ជាប់ជើងហោះហើរ ពីតូក្យូ មកខេត្តសៀមរាប និង ខេត្តសំខាន់ៗ របស់ជប៉ុន មកកាន់កម្ពុជា បន្ថែមទៀត ។ ក្នុងឱកាសនោះ ឯកឧត្តម ថោង ខុន បានស្នើឲ្យភាគីជប៉ុន រៀបចំឲ្យមានស្លុតចុះ នៅអាកាសយានដ្ឋាន អូសាកានៃប្រទេសជប៉ុន ព្រោះបច្ចុប្បន្ន ក្រុមហ៊ុនអាកាស​ចរណ៍ អង្គរ អ៊ែរ ដែលជាក្រុមជាតិ កំពុងសិក្សាគម្រោងហោះហើរត្រង់ទៅកាន់តំបន់នោះ៕