(ភ្នំពេញ)៖ ឯកឧត្តម ប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានកាត់ខ្សែបូរសម្ភោធ ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នូវមន្ទីរពិសោធន៍ចល័ត (Mobile Lab) របស់អគ្គនាយកដ្ឋានកាំកុងត្រូល កាលពីថ្ងៃទី០៩ខែតុលាឆ្នាំ២០១៩កន្លងទៅ។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានថ្លែងថា តាមរយៈរថយន្តមន្ទីរពិសោធន៍ចល័តនេះ ក្រសួង និងអគ្គនាយកដ្ឋានកាំកុងត្រូល នឹងចូលរួមកែតម្រូវគោលនយោបាយ ដើម្បីគ្រប់គ្រងនូវកិច្ចការ សមស្របទៅតាមច្បាប់ កំពុងអនុវត្តន៍ទៅលើសុវត្ថិភាពម្ហូបអាហារ, ការពារអ្នកប្រើប្រាស់ និងភាពប្រកួតប្រជែងឲ្យមានសមភាព។ គិតមកដល់ពេលនេះ រថយន្តមន្ទីរពិសោធន៍ចល័ត ផ្នែកចំណីម្ហូបអាហារមានចំនួន ៣គ្រឿង និង១គ្រឿងផ្សេងទៀត ខាងផ្នែកត្រួតពិនិត្យប្រេងឥន្ធនៈ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏មានមហិច្ឆិតាថា រៀបចំឲ្យមានរថយន្តពិសោធន៍ចល័តប្រភេទនេះ ទូទាំងរាជធានី-ខេត្តទាំងអស់សម្រាប់បម្រើឲ្យទាន់ពេលវេលានៅតាមទីផ្សារ ជាពិសេសនៅជនបទ។

បើតាមឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា រថយន្តមន្ទីរពិសោធន៍ចល័តនេះ បានបំពេញ តម្រូវការយ៉ាងច្រើន ជូនដល់ប្រជាពលរដ្ឋ ចំពោះការផ្តល់សេវាត្រួតពិនិត្យ បន្ទាប់ពីមានការសង្ស័យនានាលើចំណី និងម្ហូបអាហារណា ដែលគ្មានគុណភាព និងប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព។

សូមបញ្ជាក់ថា បច្ចុប្បន្នរថយន្តមន្ទីរពិសោធន៍ចល័តសរុបមានចំនួន ៤គ្រឿងហើយ ក្នុង១គ្រឿងមានតម្លៃជាង ១០ម៉ឺនដុល្លារនឹងធ្វើការទូទាំងប្រទេស ដោយមានកម្មវិធីច្បាស់លាស់ ចេញពីខេត្តមួយចូលខេត្តមួយទៀត ៕