ខេត្តបាត់ដំបង! នៅរសៀលថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៩នេះ ក្រុមអាជីវករជាអ្នកលក់ដូរចំណីអាហារក្នុងពិធីបុណ្យអុំទូកនៅស្ទឹងសង្កែ នៃខេត្តបាត់ដំបង បានសម្តែងការមិនពេញចិត្តចំពោះអាជ្ញាធរក្រុងបាត់ដំបងដែលបានដេញពួកគាត់មិនអោយលក់នៅលើទីតាំងធ្លាប់លក់ប្រចាំឆ្នាំដែលអាចប្រឈមការខាតបង់ប្រាក់ចំណូលរហូតជំពាក់លុយអង្គការផងដែរ។

ក្រុមអាជីវករបានលើកឡើងដូចៗគ្នាថា ជារៀងរាល់ឆ្នាំអោយតែមានពិធីបុណ្យអុំទូកនេះឡើងពួកគាត់តែងនាំគ្នាទៅចងការលុយគេបង្គ្រប់ដើម្បីជាដើមទុនយកមកទិញរបស់របរមកលក់ដូរនៅចំណុចក្បែរសួនដើមពោធិ៍ កណ្តាលក្រុងបាត់ដំបងដែលជាកន្លែងឆាកតន្ត្រីរបស់ក្រុមហ៊ុនស្រាបៀរអង្គរ  ហើយថ្ងៃនេះពួកគាត់បាននាំគ្នាដឹករបស់របរមកដាក់រៀបលក់ដូចសព្វឆ្នាំដងតែត្រូវបានកម្លាំងសមត្ថកិច្ចដែលដឹកនាំដោយលោកអភិបាល អភិបាលរងក្រុងបាត់ដំបងដើរដេញនិងហាមមិនអោយពួកគាត់លក់នៅលើទីតាំងចាស់ដែលធ្លាប់លក់ប្រចាំឆ្នាំនោះទេ គឺទុកសម្រាប់តែក្រុមហ៊ុនស្រាបៀរប៉ុណ្ណោះ។

ពួកគាត់បន្តថា បើមិនអោយពួកគាត់លក់ក៏អត់ទៅចុះ តែសុំអោយមានសេចក្តីជូនដំណឹងជាមុន មិនមែនដល់ថ្ងៃរៀបលក់ទើបនាំគ្នាមកដេញរបៀបនេះទេ ព្រោះពួកគាត់បានចងការលុយគេយកមកទិញសម្ភារះអស់ច្រើនណាស់ តើបានលុយអ្វីយកទៅសងគេ មានតែរត់ចោលស្រុកទៅធ្វើការនៅប្រទេសថៃ។

ពាក់ព័ន្ធទៅនឹងការលើកឡើងខាងលើ លោក លាង វាសនា អភិបាលរងក្រុងបាត់ដំបងទទួលបន្ទុកការងាររៀបចំសណ្តាប់ធ្នាប់ បានអោយដឹងដែរថា មូលហេតុដែលពួកគាត់ចុះមកដេញមិនអោយលក់នេះគោលបំណងដើម្បីអោយមានសណ្តាប់ធ្នាប់និងអាចអោយបងប្អូនចេញចូលបាន ហើយបើយើងមិនបានរៀបចំគាត់អញ្ចឹងទេ អ្នកចូលគិតតែចូលអត់មានកន្លែងចេញនេះជាបញ្ហា និងមួយវិញទៀតតាមការព្យាករណ៍ឆ្នាំនេះចំនួនប្រជាពលរដ្ឋនិងមានការកើនឡើងជាងឆ្នាំសព្វមួយដងទៀត ព្រោះខាងអាជ្ញាធរបាត់ដំបងបានគិតគូរខ្លាំងពីរឿងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់និង។

គួរបញ្ជាក់ថា ពិធីបុណ្យអុំទូកក្នុងស្ទឹងសង្កែ នៃខេត្តបាត់ដំបង និងប្រព្រឹត្តរៀបចំធ្វើឡើងរយះពីរថ្ងៃ នៅថ្ងៃទី ១២ និង១៣ ខែតុលា ឆ្នាំ២០១៩ នាថ្ងៃខាងមុខនេះ ។ ដោយ រៀម សាលី