សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង​គណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុង​ប្រាក សាធារណរដ្ឋឆែកហើយ នៅព្រឹកថ្ងៃទី១៤ តុលានេះ។ នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការដែល ធ្វើឡើងនៅវិមានបុរាណ Kramarova ក្នុងទីក្រុងប្រាក វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ត្រូវបានការធ្វើគារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងរ៉ាក់ទាក់បំផុត ពីសំណាក់សមភាគី នាយករដ្ឋមន្រ្តីឆែក ឯកឧត្តម Andrej Babis និងថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាលឆែកជាច្រើនរូប​ទៀត។ នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលអមដំណើរ​ដោយផ្ទាល់ ពីសមភាគីនាយករដ្ឋមន្រ្តីឆែក បានអញ្ជើញធ្វើដំណើរកាត់កម្រាលព្រំក្រហម ប្រារព្វពិធី ផ្លូវការនៅចំពោះមុខកងកិត្តិយស និងកងត្រែទ័ពនៃសាធារណរដ្ឋឆែក។ សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមនាយករដ្ឋមន្រ្តីឆែក បានអញ្ជើញគោរពទង់ជាតិនៃប្រទេសទាំងពីរ ព្រះរាជាណាចក្រ កម្ពុជា និងសាធារណរដ្ឋឆែក ក្នុងទិដ្ឋភាពទាំងស្រុងដូចតទៅ (អូសភ្លេងគោរពទង់ជាតិ និងដើរត្រួត ពលកងកិត្តិយស)

បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចផ្លូវការរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែល​អមដំណើរដោយផ្ទាល់ពីសមភាគីនាយករដ្ឋមន្រ្តីឆែក ឯកឧត្តម Andrej Babis អញ្ជើញធ្វើគារវកិច្ច ស្វាគមន៍ពីសំណាក់ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលឆែក និងឥស្សរជនជាន់ ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបរិយាកាសស្និទ្ធស្នាលរ៉ាក់ទាក់បំផុត។ សូមបញ្ជាក់ថា សាធារណរដ្ឋ​ឆែក មានផ្ទៃក្រឡាទំហំ ៧ម៉ឺន៨ពាន់៨៦៧គីឡូម៉ែត្រការ៉េ មានព្រំប្រទល់ជាប់និងប្រទេសអូទ្រីស អាល្លឺម៉ង់ ប៉ូឡូញ និងស្លូវ៉ាគី និងមានប្រជាជនរស់នៅសរុប ១០លាន៦សែន៨ម៉ឺន៦ពាន់២៦៩នាក់ គិតក្នុងខែកក្កដាឆ្នាំ២០១៨។ ប្រជាជនឆែកកាន់សាសនារ៉ូម៉ាំងកាតូលីក។ ស្ថានភាពសេដ្ឋកិច្ច សាធា រណរដ្ឋឆែក ក្នុងឆ្នាំ២០១៧កន្លងទៅ ផលិតផលសរុបក្នុងស្រុក GDP ៣៧៥,៩ពាន់លានដុល្លាអាមេ រិក ក្នុងនោះ GDP សម្រាប់មនុស្សម្នាក់ ៣ម៉ឺន៥ពាន់៥០០ដុល្លាអាមេរិក ក្នុងមួយឆ្នាំ។ អត្រាកំណើន GDP ៤,៣% ផលិតផលសំខាន់ៗគិតជាភាគរយ(GDP) ក្នុងនោះផ្នែកសេវា ៥៩,២% ឧស្សាហកម្ម ៣៨% និងកសិកម្ម២,៨%។ សាធារណរដ្ឋឆែកជាប្រទេសមានការនាំចេញ នូវផលិតសំខាន់ៗមួយ ចំនួនដូចជា គ្រឿងម៉ាស៊ីន ឧបករណ៍ដឹកជញ្ជូន វត្ថុធាតុដើម ប្រេងឥន្ធន: និងសារធាតុគីមី។ល។ សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បានភ្ជាប់ទំនាក់ទំនងការទូត ជាមួយអតីតសាធារណរដ្ឋ​សង្គម​និយមឆេកូស្លូវ៉ាគី នៅថ្ងៃទី១៨ ខែឧសភាឆ្នាំ១៩៥៦។ នៅឆ្នាំ១៩៧៥ ទំនាក់ទំនងការទូតនៃ​ប្រទេស​ទាំងពីរ ត្រូវបានកាត់ផ្តាច់ក្នុងរបបខ្មែរក្រហម។ ឆ្នាំ១៩៧៩ កម្ពុជាបានភ្ជាប់ទំនងទំនង​ជា​មួយ​នឹង សាធារណរដ្ឋសង្គមនិយមឆេកូស្លូវ៉ាគី នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៩៦ ទំនាក់ទំនងការ​ទូត​រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឆែក ត្រូវបានបង្កើតឡើងវិញ​បន្ទាប់ពីប្រទេស​ឆេកូ​ស្លូ​វ៉ា​គី​ បែងចែកជាពីរប្រទេស។ កាលពីថ្ងៃទី១៨ដល់ថ្ងៃទី២០ ខែកញ្ញា​ឆ្នាំ​២០០៦ ព្រះករុណា សម្តេច​ព្រះ​បរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ ទៅ​កាន់សាធារណរដ្ឋឆែក ដើម្បីទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែករបាំ ពីសាធារណរដ្ឋឆែក។

បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចផ្លូវការរួចមក សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមនាយករដ្ឋ មន្រ្តីឆែក អញ្ជើញធ្វើជំនួបពិភាក្សាចង្អៀត និងធ្វើជំនួបកំពូលទ្វេភាគី រួមទាំងពិធីទទួលទានអាហារ ការងារថ្ងៃត្រង់ ក្នុងបរិយាកាសស្និទ្ធស្នាលនិងរ៉ាក់ទាក់បំផុត។ ក្នុងជំនួបកំពូលទ្វេភាគីគ្នានោះ ប្រមុខ ដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ឆែក បានធ្វើការពិភាក្សាគ្នាដោយឆ្លុះបញ្ចាំងពីទំនាក់ទំនង ទ្វេភាគីដ៏ជិតស្និទ្ធ និងមានជាយូរណាស់មកហើយ ដែលបានផ្តួចផ្តើមដោយមេដឹកនាំ នៃប្រទេសទាំង ពីរ។ ក្នុងជំនួបកំពូលគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានបំពេញព្រះរាជតួនាទីយ៉ាង​សំ​ខាន់ ក្នុងការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហការយ៉ាងកក់ក្តៅរបស់ប្រជាជន នៃប្រទេសទាំង​ពីរ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងនូវអំណរ​គុណយ៉ាងជ្រាលជ្រៅចំពោះជំនួយ ដែលមិនអាចកាត់ថ្លៃបានរបស់រដ្ឋាភិបាល និងប្រជាជន នៃសាធា រណរដ្ឋឆែក ដែលបានផ្តល់ដល់កម្ពុជាក្នុងគ្រាលំបាកបំផុត បន្ទាប់ពីការរំដោះប្រទេសក្នុងឆ្នាំ១៩៧៩​។ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានធ្វើការពិនិត្យឡើងវិញដោយក្តីពេញចិត្ត ចំពោះការអភិវឌ្ឍ នៃទំនាក់ទំនងកម្ពុជា-ឆែក និងវឌ្ឍនភាពដែលបានធ្វើក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីជាផលប្រយោជន៍​រួម សម្រាប់ប្រជាជននៃប្រទេសទាំងពីរ និងបានប្តេជ្ញាចិត្តពង្រឹងចំណងមិត្តភាព និងពង្រឹងកិច្ចសហ ប្រតិបត្តិការ ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល និងកសិកម្ម។ ក្នុងជំនួបកំពូលគ្នានោះ មេដឹកនាំទាំងពីរបានផ្លាស់ប្តូរយោបល់ និងឯកភាពគ្នាលើការលើកកម្ពស់ កិច្ច សហប្រតិបត្តិការលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក។ ជាង នេះទៅទៀត មេដឹកនាំទាំងពីរបានទទួលស្គាល់ពីសារសំខាន់ នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ពហុភាគី និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសន្តិភាព និងសមាហរណកម្មពិភពលោក ដើម្បីជា ប្រយោជន៍ដល់ការអភិវឌ្ឍពិភពលោក។ មេដឹកនាំទាំងពីរក៏បានឯកភាពគ្នាជំរុញទំនាក់ទំនងនៅគ្រប់ កម្រិត រួមទាំងផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ខ្ពស់ និងកិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការ​បរ​ទេស នៃប្រទេសទាំងពីរ សំដៅស្វែងរកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក​។ ក្នុងជំនួបកំពូលនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឆែក ចំពោះការបង្វែរបំណុលទៅជាជំនួយអភិវឌ្ឍសម្រាប់ប្រទេសកម្ពុជា ពិសេសការបន្តគាំទ្រពីសំណាក់ រដ្ឋាភិបាលនិងប្រជាជនឆែក ក្នុងការបន្តគាំទ្រផ្តល់ជំនួយក្នុងវិស័យអប់រំ សុខាភិបាល និងអភិវឌ្ឍន៍​ជនបទ ក្រោមកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍។ ក្នុងជំនួបកំពូលនោះដែរ ភាគីទាំងពីរបានឯកភាព គ្នា រៀបចំផែនការរួមដើម្បីអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេស ទាំងពីរ នៅឆ្នាំ២០២១។ ឯកឧត្តមនាយករដ្ឋមន្រ្តីឆែក Andrej Babis បានសំដែងនូវការកោតសរ​សើរយ៉ាងខ្លាំងចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា ចំពោះសន្តិភាពនិងស្ថិរភាព ក្រោមការដឹកនាំ របស់សម្តេចតេជោនាយករដ្ឋមន្រ្តីដែលបានដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រ កបដោយចីរភាព។ ឯកឧត្តមនាយករដ្ឋមន្រ្តីបានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ប្រទេសកម្ពុជា​នឹងសម្រេចគោលដៅទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រ ទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

បន្ទាប់មកប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ អញ្ជើញធ្វើជាសាក្សី នៃពិធីចុះហត្ថលេខាលើ ឯកសារសំខាន់ៗចំនួនពីរ ក្នុងនោះទី១ អនុស្សារណះនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាងក្រសួងសុខាភិបាលកម្ពុជា និងទីភ្នាក់ងារអនុវត្តគម្រោងសុខាភិបាលឆែក VAMED និងទី២អនុ ស្សារណះនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មឆែក។ ការចុះហត្ថ លេខានៃអនុស្សារណះទាំងពីរនេះ គឺជាការបង្អុលបង្ហាញពីបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំប្រទេស​ទាំងពីរ ក្នុងការពង្រីកចំណងមិត្តភាព និងបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដើម្បីផលប្រយោជន៍នៃ ប្រជាជនទាំងពីរ។ សូមបញ្ជាក់ដែរថា នៅក្នុងជំនួបគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានគោ​រពអញ្ជើញឯកឧត្តមនាយករដ្ឋមន្រ្តីឆែក Andrej Babis មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា តាម​ពេលដ៏សមស្រប។ ឯកឧត្តមនាយករដ្ឋមន្រ្តីបានទទួលយកនូវការអញ្ជើញដោយសេចក្តីរីករាយ និង បានថ្លែងនូវអំណរគុណជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ចំពោះការអញ្ជើញនេះ។

បន្ទាប់មកប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ អញ្ជើញធ្វើសន្និសីទកាសែតរួមគ្នា ស្តីពីលទ្ធ​ផលនៃជំនួបកំពូលរបស់មេដឹកនាំទាំងពីរ ។