ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំផ្ទាល់ដោយ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ បានចុះរៀបចំសណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ និងសោភ័ណភាពទីក្រុង បានដឹកនាំកម្លាំងចុះបាញ់ ទឹកលាងសម្អាតតាមច្រាំងទន្លេ ,ផ្លូវថ្នល់ សួនច្បារសាធារណៈនិង រៀបចំសន្តិសុខសណ្ដាប់ធ្នាប់អនាម័យតាមបណ្ដោយ តិរៈវិថីព្រះស៊ីសុវត្ថិ ដោយមិនអនុញ្ញាតឲ្យមានការតាំងលក់រថយន្តនៅលើចិញ្ចើមផ្លូវសាធារណៈទៀតនោះទេ។

បន្ថែមទៀតនោះ បានចុះរៀបចំសណ្តាប់ធ្នាប់ កាណូតទេសចរណ៍ចល័ត នៅតាមសួនច្បារច្រាំងទន្លេចតុមុខ ដោយមិនអនុញ្ញាតអោយ ឈប់ចត ចាប់ម៉ូយ ឬចូលដឹងភ្ញៀវនៅតំបន់ ចាប់ពីរ សួនច្បារខាងកើតផ្សារាត្រី រហូតដល់ខាងក្រោយសាលសន្និសីទចតុមុខឡើយ ។ ប៉ុន្តែ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានដាក់ចេញគោលការណ៍ អនុញ្ញាតអោយចតបណ្ដោះអាសន្ននៅមុខសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( CDC ) ដែលតម្រូវឲ្យទូក កាណូតដឹកភ្ញៀវទេសចរណ៍ទាំងអស់ចូលមកចត តែមួយកន្លែង និងមានផែទូក កាណូតទេសចរណ៍នៅមុខផ្សាររាត្រី សម្រាប់មកទទួលយកភ្ញៀវដែលមានបំណងជិះទូក កាណូតកំសាន្ត ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការគ្រប់គ្រងទូក កាណូត និងលើកកម្ពស់សោភណភាពរាជធានីភ្នំពេញ។

គួររំលឹកផងដែរថាកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្ដីពីសំណើសុំដាក់ផែទូក កាណូតទេសចរណ៍ចល័តនៅម្ដុំទល់មុខវត្តឧណ្ណាលោម ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង ជាលទ្ធផលនៃអង្គប្រជុំ បានសម្រេចឲ្យមានចំណតបណ្ដោះអាសន្ននៅមុខសួនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( CDC ) ដែលតម្រូវឲ្យទូក កាណូតដឹកភ្ញៀវទេសចរណ៍ទាំងអស់ចូលមកចតតែមួយកន្លែង និងមានផែទូក កាណូតទេសចរណ៍នៅផ្សាររាត្រីសម្រាប់មកទទួលយកភ្ញៀវដែលមានបំណងជិះទូក កាណូតកំសាន្ត ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការគ្រប់គ្រងទូក កាណូត និងលើកកម្ពស់សោភ័ណ្ឌភាពរាជធានីភ្នំពេញ៕