ភ្នំពេញ ៖ ឯកឧត្តម ស សុខា បានថ្លែងនូវចំពោះមុខតំណាងសហព័ន្ធកីឡាជាតិ គ្រូបង្វឹក កីឡាករកីឡាការិនី ប្រមាណ១៥ប្រភេទកីឡា ដោយបញ្ជាក់ថា សូមសហព័ន្ធកីឡាជាតិនានានិងកីឡាករ កីឡាការិនីកុំគិតអាក្រក់ថា កំណែទម្រង់របស់ក្រសួងដើរថយក្រោយ ឬលំបាកទៅៗនោះ ផ្ទុយទៅវិញ ក្រសួងមានគោលដៅកែលម្អឲ្យមានការអភិវឌ្ឍកាន់តែល្អប្រសើរឡើង។ ឯកឧត្តម  រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបែបនេះ ក្នុងជំនួបសំណេះសំណាលលើកទី២ ជាមួយ  គ្រូបង្វឹក កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

ឯកឧត្តម ស សុខា បានថ្លែងថា បច្ចុប្បន្ន ក្រសួង អប់រំ យុវជន និងកីឡា កំពុងធ្វើកំណែទម្រង់ស៊ីជម្រៅ ដើម្បីបង្កើនគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីកម្ពុជាឲ្យកាន់តែល្អប្រសើរ សម្រាប់ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីនឆ្នាំ២០១៩ ក៏ដូចជាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នៅឆ្នាំ២០២១ ក្នុងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នយើងបានរិតបន្តឹងច្រើន ដូចជាការហូបចុក ស្នាក់នៅ និងប្រាក់រង្វាន់ជាដើម ។ ក្រសួងអប់រំ កំពុងដំណើរការកំណែទម្រង់ស៊ីជម្រៅ ដូចជាការហូបចុក ស្នាក់នៅ នៅតាមផ្ទះរៀងៗខ្លួន ប៉ុន្តែពេលនេះគឺមានការប្រមូលផ្តុំជារួម ចំណែកការផ្តល់ថវិកា ភាគច្រើនគឺមិនបានទៅដល់ដៃអ្នកដែលត្រូវទទួលគ្រប់ចំនួននោះទេ ដោយសហព័ន្ធមួយចំនួនបានកាត់លុយពីកីឡាករ កីឡាការិនីរបស់ខ្លួននៅសល់ត្រឹម ៧០ទៅ ៧៥%ប៉ុណ្ណោះ ដោយបញ្ហាបែបនេះ គឺសហព័ន្ធទម្លាក់ទម្ងន់នេះមកលើក្រសួងអប់រំ ។

ឯកឧត្តម បានបញ្ជាក់ថា ការជួបជុំគ្នា ដើម្បីបង្ហាញការត្រៀមខ្លួនរបស់ក្រសួង ក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ ចំពោះការហ្វឹកហាត់ ត្រៀមរបស់អត្តពលិកទាំងក្នុងប្រទេស និងក្រៅប្រទេស សម្រាប់ស៊ីហ្គេមឆ្នាំ២០១៩នេះ និងស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម ជាពិសេស ដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។ «ឯកឧត្តមគិតថា ២០២៣ធ្មេចបើកៗ ពេលវេលានេះពិតជាលឿន ប្រសិនបើយើងមិនធ្វើអ្វីសោះនោះ ។ ម្ចាស់ផ្ទះមិនត្រឹមតែចង់បានត្រឹមតែការប្រកួត និងរៀបចំល្អប៉ុណ្ណោះទេ តែគោលដៅធំបំផុតរបស់យើង ចង់ឈ្នះមេដាយ ឲ្យបានកាន់តែច្រើន គឺកាន់តែល្អ ។

ឯកឧត្តម ស សុខា បានស្នើឲ្យសហព័ន្ធមួយចំនួនត្រូវគោរពនូវតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន ដោយមិនត្រូវទម្លាក់កំហុសដល់អ្នកដទៃ ក្នុងករណីមានផលប្រយោជន៍ខ្លួនជាអ្នកទទួលយកខ្លួនឯង នៅពេលមានបញ្ហាបែរជាទម្លាក់មកលើអ្នកដទៃនោះទេ ។ ចំពោះការផ្តល់ថវិកាដល់គ្រូបង្វឹក កីឡាករ កីឡាការិនីខាងលើនេះ ឯកឧត្តមបានក្រើនរំឭកជាថ្មី ដោយបញ្ជាក់ថា ថវិកាជាតិដែលក្រសួងផ្តល់ជូនេះ គឺជាប្រាក់ឧបត្ថម្ភ មិនមែនជាប្រាក់ខែទេ ៕