ភ្នំពេញ៖ លោក​ យស​ យុទ្ធី​ អភិបាល​រង​ខណ្ឌដូនពេញ​ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ​ ចុះបង្ក្រាបជាក់ស្តែងទីតាំងអាជីវកម្ម​ មួយកន្លែង របស់ជនជាតិចិន ដែលត្រៀមបើកហាងម៉ាស្សា ស្ទីម-សូណា និងបង្កប់សេវាផ្លូវភេទ​ កាលពីវេលាម៉ោង​ ៩និង៣០នាទីព្រឹក​ ថ្ងៃទី១៨​ ខែតុលា​ ឆ្នាំ​២០១៩​ ដែលស្ថិតនៅចំណុចផ្ទះលេខ​7Eo ផ្លូវលេខ១៧២​ ភូមិ១០​ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ​។

ដោយអនុវត្តតាមបទបញ្ជារបស់លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់ឲ្យលោក យស យុទ្ធី អភិបាលរងខណ្ឌ លោក ថោង ពិសិដ្ឋ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ និងលោក ហែម វណ្ណា អធិការងខណ្ឌ ដឹកនាំកម្លាំងគណៈកម្មកការចម្រុះ​ ចុះត្រួតពិនិត្យជាក់ស្តែងនៅទីតាំងអាជីវកម្ម​ មួយកន្លែង របស់ជនជាតិចិន ដែលត្រៀមរៀបចំបើកហាងម៉ាស្សា ស្ទីម-សូណា និងបង្កប់សេវាផ្លូវភេទ ដែលមានយីហោ “ឡុងពាន អ៉ីឡុងវ័ន ងូតទឹក”។

ក្រោយចុះពិនិត្យជាក់ស្តែងបានរកឃើញថា​ ទីតាំងខាងលើបានត្រៀមបើកប្រកបអាជីវកម្ម ម៉ាស្សា ស្ទីម-សូណា និងមានបង្ហាញនូវផ្ទាំងរូបភាពអាសអាភាសជាច្រេីនផ្ទាំងដែលធ្វើឱ្យប៉ះពាល់ដល់វប្បធ៌មជាតិ តម្លៃស្ត្រី និងគ្រួសារខ្មែរ រួមទាំងមានស្រោមអនាម័យ ដែលមិនទាន់ប្រើមួយចំនួនធំផងដែរ។

យោងតាមរបាយការណ៍សមត្ថកិច្ចបានអោយដឹងថា នៅក្នុងប្រតិបត្តិការនេះដែរ​ គណគណៈកម្មការបានសម្រេចធ្វេីការដកហូតវត្ថុតាងមួយចំនួនដូចខាងក្រោម៖

១-ដកហូតរូបភាពអាសអាភាសទាំងអស់ ដែលបានដាក់តាំងបង្ហាញនៅលើជញ្ជាំង។
២-ផ្អាកអាជីវកម្មនេះបណ្តោះអាសន្នរង់ចាំបំពេញបែបបទ និងច្បាប់អាជីវកម្មត្រឹមត្រូវទើបអនុញ្ញាតឲ្យប្រកបអាជីវកម្មវិញបាន។
៣-មិនអនុញ្ញាឲ្យដាក់តាំងរូបភាពអាសអាភាស ឬខ្លឹមសារផ្សេងៗ ដែលនាំឲ្យប៉ះពាល់ដល់សីលធម៌សង្គម។
៤-ហាមដាច់ខាតធ្វើអាជីវកម្មបម្រើសេវាផ្លូវភេទ ការប្រើប្រាស់គ្រឿងញៀន ឬយកទីតាំងអាជីវកម្មប្រព្រឹត្តិបទល្មើសផ្សេងៗ។

ក្រៅពីសំភារៈខាងលើនេះ​ គណៈកម្មការ​ពុំបានដកហូតសំភារៈផ្សេងៗ ដែលមិនពាក់ព័ន្ធឡើយ និងបានឲ្យម្ចាស់ទីតាំងខាងលេីធ្វេីការផ្តិតមេដៃលើកំណត់ហេតុផងដែរ។

អត្ថបទ និង រូបភាព ទឹម វិបុល