(ភ្នំពេញ)៖ គណ:ប្រតិភូជាន់ខ្ពស់នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវកិត្ដិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធាន ទី២ នៃរដ្ឋសភាជាតិកម្ពុជា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ដ្រី រួមមានសមាជិកសមាជិកាគណៈកម្មាធិការអចិន្ទ្រៃយ៍ ព្រឹទ្ធសភា រដ្ឋសភា ដែលមាន ឯកឧត្ដម ឈាង វុន ឯកឧត្ដម យ៉ង់ សែម លោកជំទាវបណ្ឌិត បាន ស្រីមុំ ឯកឧត្ដម ឈិត គឹមយាត និង ឯកឧត្ដម សុខ សូកាន ព្រមទាំងមន្ដ្រីជំនួយការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងរដ្ឋសភា បានអញ្ជើញត្រឡប់មកដល់រាជធានី ប្រកបដោយសុវត្ថិភាព កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ បន្ទាប់ពីទៅចូលរួមមហាសន្និបាតសហភាពអន្ដរសភា (IPU) លើកទី១៤១ កាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងប៊ែលក្រាតប្រទេសស៊ែប៊ី។

មហាសន្និបាតមានសមាជិក ចូលរួមចំនួនជាង២០០០ នាក់ មកពី១៤៩ប្រទេស ក្នុងនោះមានប្រធានសភាចំនួន ៧០នាក់ និងអនុប្រធានសភាចំនួន ៤០នាក់ និងសមាជិកសមាជិកាសភាក្នុងនោះសមាជិកសភាវ័យក្មេងចំនួន ១៧% និងសមាជិកសភាជាស្ដ្រី មានចំនួន ៣០% រួមទាំងសមាជិកសង្កេតការណ៍ និងអង្គការដៃគូមួយចំនួន។ មហាសន្និបាតសហភាពអន្ដរសភាលើកទី១៤១ ក្រោមមូលបទ (ការពង្រឹងច្បាប់អន្ដរជាតិ៖ តួនាទី យន្ដការសភា និងការចូលរួមចំណែកកិច្ចសហប្រតិបត្ដិការក្នុងតំបន់) ក្នុងនោះលោកជំទាវ ប្រធានគណប្រតិភូបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់ នៃច្បាប់អន្ដរជាតិក្នុងការថែរក្សាសន្ដិសុខសន្ដិភាព និងការអភិវឌ្ឍន៍ ជាពិសេសការពង្រឹង យន្ដការពហុភាគីដែលមានលក្ខណះ ទូលំទូលាយប្រកបដោយបរិយាប័ន្ន និងមានប្រសិទ្ធិភាព។

លោកជំទាវ ក៏បានលើកឡើងពីភាពចាំបាច់ នៃការគោរពគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋណាមួយការគោរពអធិបតេយ្យគ្នាទៅវិញទៅមក ការពឹងពាក់គ្នាទៅវិញទៅមកជាវិជ្ជមាន ដើម្បីកសាងសណ្ដាប់ ធ្នាប់ពិភព លោកមួយដែលផ្អែកលើវិធានការច្បាប់ និងតួនាទីរបស់់សភានៅក្នុងការជំរុញកិច្ចពិភាក្សា និងកិច្ចសហប្រតិបត្ដិការអន្ដរជាតិ។ ហើយសភាកម្ពុជាបានប្ដេជ្ញាបន្ដចូលរួមយ៉ាងសកម្មថែមទៀតក្នុងការគោរពសមភាពបរិយាប័ន្ន គោរពគ្នាទៅវិញទៅមកភាពថ្លៃថ្នូរ និងសាមគ្គីភាព។ ជាពិសេសកម្ពុជាបានស្នើបន្ថែមនូវគោលការណ៍ពីរទៀតគឺ «ពិពិធកម្មនិងការគោរពអធិបតេយ្យភាព» ដែលជាសសរស្ដុម្ភដ៏សំខាន់ នៃសន្ដិភាព និងវិបុលភាពសកលលោក។
ទាក់ទងនិងកម្ពុជាលោកជំទាវបានសង្កត់ធ្ងន់ថា៖ បច្ចុប្បន្នសន្ដិភាព និងការអភិវឌ្ឍន៍ដែលរកបានដោយលំបាក់កំពុងមានភាពផុយស្រួយនៅឡើយ។ ដោយសារកើនឡើង នៃនយោបាយប្រជាភិថុតជ្រុលនិយម និងការជ្រៀតជ្រែកបញ្ហាផ្ទៃក្នុងរបស់កម្ពុជាពីសំណាក់ប្រទេសមួយចំនួន។
សភាក៏ដូចរដ្ឋាភិបាលកម្ពុជាអោយតម្លៃជាអាទិភាពលើសន្ដិភាព សន្ដិសុខ និងស្ថេរភាពនយោបាយ ដែលជាបុរេលក្ខខណ្ឌក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក៏ដូចជាការ ពង្រឹងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
នៅក្នុងឱកាសធ្វើសន្និសិទសារព័ត៌មាន នៅអាកាសយានដ្ឋានភ្នំពេញ ឯ.ឧ ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋសភា បានអះអាងថា លោក សម រង្ស៉ី មេចលនាឧទ្ទាមខុសច្បាប់ បានទទួលរងនូវភាពអាម៉ាស់ដ៏ធំបំផុត នៅឯមហាសន្និបាតអន្តរសភា (IPU) លើកទី១៤១ ក្នុងទីក្រុងប៊ែលក្រាត ប្រទេសស៊ែប៊ី។

ឯ.ឧ ឈាង វុន បញ្ជាក់ថា មូលហេតុដែលធ្វើឲ្យលោក សម រង្ស៉ី រងភាពអាម៉ាស់នៅ IPU ដោយសារតែគាត់បានបន្លំខ្លួនចុះឈ្មោះ ធ្វើជាសមាជិក IPU ដើម្បីឡើងថ្លែងសុន្ទរកថា។ ទោះបីជាយ៉ាងណា សភាស្របច្បាប់របស់កម្ពុជា បានតវ៉ាទៅ IPU បន្ទាប់មកខាង IPU បានទទួលយកសំណើរបស់សភាកម្ពុជា និងបានលុបឈ្មោះ លោក សម រង្ស៉ី ដោយមិនអនុញ្ញាតឲ្យឡើងសុន្ទរកថាឡើយ។

ឯ.ឧ ឈាង វុន បានឲ្យដឹងទៀតថា ទោះបីជា លោក សម រង្ស៉ី ត្រូវបានលុបឈ្មោះមិនឲ្យឡើងថ្លែងសុន្ទរកថា ក៏ ដោយ ជនឧទ្ទាមរូបនេះ នៅតែធ្វើសកម្មភាពផ្តេសផ្តាស នៅតែចង់បោកប្រាស់ប្រជាពលរដ្ឋកម្ពុជា។ សកម្មភាពផ្តេសផ្តាសគឺ លោក សម រង្ស៉ី បានទៅថតរូបជាវីដេអូខ្លីបតូចមួយ នៅខាងក្រៅសាល សន្និបាតអន្តរសភា ពោលនៅក្នុងបន្ទប់គេសម្រាប់ជួបគ្នា ដើម្បីជជែកលេង ដើម្បីបោកប្រាស់ប្រជាពលរដ្ឋកម្ពុជាថា អន្តរជាតិបានស្វាគ មន៍គាត់។