(ខេត្តកណ្តាល)៖ កុមារពិការ ខ្សោយសតិបញ្ញា និងអូទីស្សឹម ចំនួន៩៩ នាក់ក្នុងអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ (Hands of Hope Community) ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានទទួលភាពកក់ក្តៅ និងស្នាមញញឹមពីសំណាក់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) តាមរយៈការចុះពិនិត្យ និងព្យាបាលជំងឺមាត់ធ្មេញ ការផ្តល់សម្ភារៈសិក្សា អាហារ និងភេសជ្ជៈ ជូនដល់ពួកគាត់កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ដែលសកម្មភាពមនុស្សធម៌នេះដឹកនាំដោយ លោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងមានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារស្ម័គ្រចិត្តធីតាជាច្រើននាក់ផងដែរ។

លោក ចាន់ សារិន នាយកអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ បានថ្លែងអំណរគុណសម្ដេចតេជោហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានផ្ដល់អាគារសិក្សាសម្រាប់ក្មួយៗខ្សោយសតិបញ្ញា និងអូទីស្សឹម សិក្សា និងស្នាក់នៅ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅលោកហ៊ុនម៉ាណែត និងលោកស្រីពេជ ចន្ទមុន្នីព្រមទាំងក្រុមការងារសមាគមTYDAទាំងអស់ដែលបានផ្ដល់នូវស្នាមញញឹម និងភាពកក់ក្តៅដល់ក្មួយៗនៅទីនេះ។

តាមរបាយការណ៍របស់អង្គការបានឲ្យដឹងថា ដោយឃើញពីចំនួនកុមារអូទីស្សឹម និងពិការខ្សោយបញ្ញាជាច្រើនក្នុងខេត្តកណ្តាល ដែលពួកគេមិនទាន់បានមានឳកាសចូលរៀនអោយគ្រប់គ្នាស្របតាមគោលការណ៍អប់រំជាតិប្រកបដោយគុណភាព និងចូលរួមក្នុងសង្គម តាមរយៈសកម្មភាពនានា ដូចនេះ ក្នុងរយៈពេលជិត៧ឆ្នាំមកនេះ អង្គការHHC បានសហការជាមួយមន្ទីរអប់ររំយុវជន និងកីឡាខេត្តកណ្តាល ជួសជុលសាលាបានចំនួន៥កន្លែង និងបំពាក់សម្ភារៈតាមស្តង់ដារអប់រំពិសេស ដែលប្រើប្រាស់ថវិកាចំនួន ៤៩៥៧២០០ ដុល្លាអាមេរិក ដែលថវិកានេះបានមកពីការឧបត្ថម្ភដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ហើយក៏បានចុះឈ្មោះកុមារចំនួន៣០៧នាក់ក្នុងស្រុកទាំង៣ដើម្បីអោយកុមារពិការ ជាពិសេសកុមារីពិការបានចូលរៀនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕