ខេត្តបាត់ដំបង៖ ក្រោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់បានធ្វើអោយផ្លូវជាច្រើនខ្សែក្នុងក្រុងបាត់ដំបងរងការខូច ខាតពិបាកក្នុងការធ្វើដំណើរបង្ករអោយកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ទើបប្រជាពលរដ្ឋបង្ខំចិត្តនាំគ្នាស្នើដល់អាជ្ញាធរក៏ដូចជាមន្ត្រីជំនាញអោយជួយជួសជុលឡើងវិញ។

ប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាត់ដំបង បានលើកឡើងដូចៗគ្នាអោយក្រុមអ្នកយកព័ត៌មានយើងដឹងនៅថ្ងៃចុងសប្ដាហ៍នេះថា ផ្លូវកៅស៊ូមួយខ្សែប្រវែងជាង១០០០ម៉ែត្រចាប់ពីចំណុចផ្លូវជាតិលេខ៥ខាងកើតផ្សារ ភួ ពុយ ឆ្លងកាត់ខាងមុខសាលាបឋមសិក្សាអង់ ស្ថិតនៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង បាននិងកំពុងរងការ ខូតខាតយ៉ាងធ្ងន់ធ្ងរដោយខ្វះប្រព័ន្ធលូនិងមុខទឹកហូរចេញបង្ករអោយជន់លិចនៅពេលភ្លៀងធ្លាក់មកម្តងៗនិងមានកំហុកជ្រៅៗពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ទៅមកនិងបណ្តាលអោយកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ផងដែរ។

ប្រជាពលរដ្ឋលើកឡើងទៀតថា ផ្លូវមួយខ្សែនៅចំណុចភូមិអង់នេះវាមានសារសំខាន់ខ្លាំងណាស់ប្រៀបដូចជា សសៃឈាមដែលប្រជាពលរដ្ឋមកពីគ្រប់ទិសទីធ្វើដំណើឆ្លងកាត់និងដឹកកសិផលយកទៅលក់ផងដែរ  ហើយមិនត្រឹមតែប៉ុណ្ណោះធ្វើអោយទឹកភក់ហូរចូលដល់ផ្ទះសូម្បីតែចង់បើកលក់ដូរអ្វីក៏មិនកើតព្រោះគ្មានអ្នកចូលទិញនោះទេ ដោយផ្លូវមួយខ្សែនេះបានរងការខូតខាតប្រហែលជា០៥ខែទៅ០៦ខែមកហើយបើគិតមកទល់ពេលនេះតែខាងអាជ្ញាធរក៏ដូចជាមន្ត្រីជំនាញខេត្តហាក់មិនសូវយកចិត្តទុកដាក់ក្នុងការជួសជុលឡើងវិញឡើយ។

ពាក់ព័ន្ធទៅនឹងការលើកឡើងពីសំណាក់ក្រុមប្រជាពលរដ្ឋខាងលើនេះដែរ លោក ចាន់  សំបូរ ប្រធានមន្ទីរសា ធារណៈការនិងដឹកជញ្ជូនខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងតាមរយះទូរស័ព្ទនៅរសៀលថ្ងៃចុងសប្តាហ៍នេះថា បញ្ហាផ្លូវដែលរងការខូចខាតនៅចំណុចខាងលើនេះគឺជាការងាររបស់សាលាក្រុង និងក្រុមការងារថ្នាក់ជាតិ តែកន្លងមកលោកអភិបាលខេត្ត បានអោយខាងមន្ទីរចេះតែជួយទៅកុំអោយវាលិចជ្រៅទៅៗព្រោះផ្លូវនេះបានចាក់ដីខ្ពស់ពេកខាងមន្ទីរមិនមានថវិការជួយទេ ហើយរឿងផ្លូវខូលនេះខាងលោកទទួលស្គាល់តែផ្លូវនេះធ្វើយ៉ាងមិចក៏មិនជាប់ដែរ ទាល់តែធ្វើការកាយដាក់លូសិនដើម្បីរំដោះទឹកអោយហូរចូលទើបបានជាមិនជន់លិចដូចសព្វថ្ងៃនេះ។

លោកប្រធានមន្ទីរបានបន្តអោយដឹងទៀតថា មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានស្នើទៅក្រុមការងារថ្នាក់ជាតិរួចអស់ហើយពាក់ព័ន្ធបញ្ហាដែលពលរដ្ធបានធ្វើការសុំអោយជួយជួសជុលផ្លូវនៅភូមិអង់ ដោយឡែករឿងមួយទៀតខាងក្រុមការងារថ្នាក់ជាតិកំពុងដោះស្រាយនោះគឺផលប៉ះពាល់ទៅដល់បងប្អូនប្រជាជនដែលរស់នៅតាមបណ្តោយផ្លូវតែម្តង នៅពេលដែលមានការកាយប្រឡាយដាក់លូទាំងសងខាងផ្លូវនោះនេះហើយជាបញ្ហាប្រឈមដែលអាជ្ញាធរត្រូវតែដោះស្រាយជាមួយពលរដ្ធ។ដោយ រៀម សាលី