ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះទីតាំងរោងជាងរបស់សិស្ស នៅក្នុងសាលាបឋមសិក្សាទួលសង្កែ បណ្តាលមកពីករណីឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះសម្ភារៈរោងជាងមួយខ្នងខូចខាតសម្ភារៈតុ ទូចាស់ៗអស់មួយចំនួន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវលេខ៩០៧ក្រុមទី៦ ភូមិទួលសង្កែ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ហង់ ណារិន ភេទប្រុស អាយុ៥៨ ឆ្នាំមុខរបរ នាយករង ។សមត្ថកិច្ចបានបន្តថា សំរាប់មូលហេតុគឺបណ្តាលមកពីករណីឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះសម្ភារៈ រោងជាងនៅក្នុងសាលាបឋមសិក្សាទួលសង្កែ១ខ្នងមានទំហំ០៩ម៉ែត្រx០៧ម៉ែត្រ បណ្តាលឲ្យខូចខាតសម្ភារៈតុ ទូចាស់ៗអស់មួយចំនួន តែមិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងរឺមានមនុស្សរងរបួសនោះឡេីយ ។

ក្នុងករណីអគ្គិភ័យខាងលើនេះដែរ សមត្ថកិច្ចបានប្រើប្រាស់រថយន្ត៣គ្រឿង របស់ខាងស្នងការនគរបាលរាជធានីភ្នំពេញចំនួន២គ្រឿង ស្មើនឹង៨ ម៉ែត្រគូប និងរថយន្តជំនួយរបស់សាលាខណ្ឌឬស្សីកែវចំនួនមួយគ្រឿង ស្មើនឹង ០៤ ម៉ែត្រគូប ទើបគ្រប់គ្រងបានជាស្ថាពរនៅវេលាយប់ថ្ងៃដដែល ៕