ភ្នំពេញ  ប្រុសស្រី២នាក់សង្ស័យជិះម៉ូតូទាក់ ដៃចង្កូតគ្នាបណ្តាលអោយដួលខ្ទាត់មនុស្សចូលកង់រថយន្ត កុងតឺន័រខាងក្រោយកិនស្លាប់គួរឲ្យអណោចអធម័ ។ ហេតុការណ៏នេះកើតឡើង នៅវេលា ម៉ោង៧និង១០នាទីយប់ ថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០១៩។ ស្ថិតតាមបណ្ដោយផ្លូវវ៉េងស្រេង ត្រង់ចំណុចខាងលិចស្តុប ទួល ពង្រ ប្រមាណ១០០ម៉ែត្រ ក្នុង សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។

សពរងគ្រោះមានឈ្មោះ ហ៊ន់ គឹមហេង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ឯកជន យាមនៅផ្លូវកម្ពុជាក្រោម ស្នាក់នៅបន្ទប់ជួល ជិតសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៏សែនជ័យ មានស្រុកកំណើត ភូមិប៉ាក់ព្រី ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង (ស្លាប់បាក់ក ជាអ្នកឌុប)អ្នកជិះខាងក្រោយ មានឈ្មោះ ខេង លក្ខណា ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ អាសយដ្ខាន នៅផ្ទះលេខ២៤៤ ផ្លូវលំ សាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង (ស្លាប់កិនបែកក្បាលនិងខ្លួនខ្ទិច) អ្នកទាំងពីរជិះម៉ូតូម៉ាកហុងដាប៊ីត ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HO.5624 ចំណែក រថយន្ត កុងតឺន័រ ដែលកិនជនរងគ្រោះបាន បើករត់បាត់ស្រមោល។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញ ប្រុសស្រី២នាក់បើកម៉ូតូហុងដា ប៊ិត ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើបានទាក់ដៃចង្កូតម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាក ធ្វើដំណើរស្របគ្នាបណ្ដាលឲ្យដួលចូលកង់រថយន្ត កុងតឺន័រ កិចចំពាក់កណ្ដាលខ្លួនស្លាប់ភ្លាមៗទាំងពីរនាក់។ រថយន្តកុងតឺន័រដឹងថាកិនមនុស្សស្លាប់ហើយព្យាយាមបើករត់ចេញពីកន្លែងកើតហេតុបាត់ស្រមោល ចំណែកឯម៉ូតូម្ខាងទៀតបាន បើកចេញពីកន្លែងកើតហេតុទៅបាត់ផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញចុះវាស់វែងយកម៉ូតូរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិ៏សែនជ័យរងចាំសាច់ញាតិមកទទួលយកនៅពេលក្រោយ ចំណែសាកសពជនរងគ្រោះទាំងពីរនាក់សមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់អោយសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕