ភ្នំពេញ  បុរសម្នាក់បានបើករថយន្តមួយគ្រឿងទំនងជាស្រវឹងស្រាបើកបោះពួយយ៉ាងលឿនបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់៣កង់ និងវៀចចេញពីជួរចំនួន៣កង់បន្ថែមទៀត រថយន្តបែកធុងទឹកទៅមុខលែងរួច។ហេតុការណ៏នេះកើតឡើងកាលវេលា ម៉ោង១១និង៣០នាទីយប់ ថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០១៩។

ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ចំណុចជិតរង្វង់មូលចោមចៅ ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។អ្នកបើករថយន្តបង្កមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេបានបើកទ្វារចុះរត់បាត់ស្រមោល។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើក រថយន្ដម៉ាកលុច្សសុីស GS300 ពណ័ស ពាក់ស្លាកលេខ ភ្នំពេញ2AX.9108ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ទឹសដៅពីលិចទៅកើត បោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចកន្លែងកើតហេតុខាងលើក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់៣កង់ និង វៀចចេញពីជួរចំនួន៣កង់បន្ថែមទៀត ។ រថយន្ត វិលមួយជុំខ្ទិចខាងមុខទៅមុខលែង រួច តែសំណាងល្អមិនមានអ្នកណារងរបួសនោះទេ មួយសន្ទុះក្រោយមកអ្នកបើករថយន្តបង្កបានចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញវាស់វែងស្ទូចយក រថយន្តបង្កទៅរក្សាទុកនៅការិយាល័យ ចរាចរណ៏ផ្លូវគោកស្នងការាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់៕