ភ្នំពេញ៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា តាមរយៈ ពានរង្វាន់ បាល់ទាត់ Soccer Leagueនេះ នឹងធ្វើីឲ្យយុវជន មន្រ្តីរាជការ មានឱកាស បានលេងកីឡា ស្រឡាញ់កីឡា ជាពិសេស រឹតចំណងសាមគ្គីភាព មិត្តភាព និងបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរថែមទៀត។ឯកឧត្តម ហ៊ុន ម៉ានី បានបន្ថែមទៀតថា គោលបំណងសំខាន់របស់ពានរង្វាន់ Soccer League គឺផ្តល់ឱកាសឲ្យយុវជននានា មកពីក្រុមហ៊ុន សមាគម អង្គការ ខណ្ឌ រាជធានី-ខេត្ត ទាំង១៨០០នាក់ បានជួបជុំគ្នា រិតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការតាមរយៈការប្រកួតនេះឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ។

ឯកឧត្តម ប្រធាន ស.ស.យ.ក បានចាត់ទុកថា ព្រឹត្តិការណ៍នេះ គឺផ្តល់ឲ្យយុវជន ដែលជាមហាគ្រួសារខ្មែរទូទាំងប្រទេស ដែលមានមុខងារ និងកន្លែងខុសគ្នាៗ បានស្គាល់គ្នាទៅវិញទៅមក ដើម្បីឲ្យក្លាយជាបណ្តាញបង្កើនទំនាក់ទំនង ចេះអត់ឱនអធ្យាស្រ័យ និងចេះគោរពគ្នាទៅវិញទៅមក ពោលគឺយើងរួមគ្នាបំផុសចលនាកីឡា បាល់ទាត់ នៅកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។

ឯកឧត្តម ហ៊ុន ម៉ានី បានជំរុញទឹកចិត្តយុវជន លេងកីឡាដើម្បីសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ក៏ដូចជាផ្តល់ឱកាសឲ្យយុវជនបញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន លើវិស័យកីឡាបាល់ទាត់នេះផង និងរួមចំណែកអប់រំស្មារតីយុវជន ឲ្យប្រើប្រាស់ពេលវេលាទំនេរពីការសិក្សា និងការងារ ងាកមកលេងកីឡាជាជាងយកពេលទៅប្រព្រឹត្តអំពើអបាយមុខផ្សេងៗផងដែរ ។

ឯកឧត្តម បានស្នើរដល់អាជ្ញាកណ្តាល ចៅក្រម សូមកាត់សេចក្តីដោយយុត្តិធម៌ រីឯកីឡាករគ្រប់រូប គប្បីប្រកាន់ភ្ជាប់នូវបទបញ្ជាប្រកួត និងលក្ខខណ្ឌ ជាពិសេសប្រកួតក្នុងស្មារតីសប្បាយរីករាយ និងភាតរភាពជាបងប្អូន ប្រកួតប្រជែងឲ្យអស់ពីសមត្ថភាព និងមានការអាធ្យាស្រ័យគ្នាទៅវិញទៅមក ។

គួរបញ្ជាក់ថា ពានរង្វាន់ Soccer League លើកទី៥ ឆ្នាំ២០១៩នេះ មាន៧២ក្រុមចូលរួម កីឡាករសរុប១៨០០ នាក់ គណៈកម្មការបច្ចេកទេសបែងចែកជា១៦ពូល ដោយពូលខ្លះមាន៥ក្រុម និងពូលខ្លះទៀតមាន៤ក្រុម តែក្នុងមួយពូលៗ យក១ក្រុម ដែលមានពិន្ទុខ្ពស់ជាងគេឡើងទៅវគ្គបន្ត ។ ហើយការប្រកួតគ្រោងនឹងដំណើរការប្រកួតផ្លូវការ ពីថ្ងៃទី២ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ លើ៥ទីលានផ្សេងៗគ្នា៕