រឿងរ៉ាវឈឺចាប់អូសបន្លាយរ៉ាំរ៉ៃដោយសារភ្លើងសង្គ្រាមអស់ជាច្រើនទសវត្សរ៍រហូតដល់ទីបំផុតរុញច្រានប្រទេសឲ្យធ្លាក់ ចូលក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ពិតជាបានធ្វើឲ្យខ្មែរគ្រប់គ្នាឈឺចាប់គ្រប់គ្រាន់ណាស់ទៅហើយ។ ទម្រាំតែស្តារប្រទេសឡើងវិញបានដូចសព្វថ្ងៃ គេត្រូវការពេលស្ទើរតែកន្លះសតវត្សរ៍ឬពាក់កណ្តាលជីវិតមនុស្សដោយឆ្លងកាត់ព្យុះភ្លៀងរាប់មិនអស់។ រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនត្រឹមតែយកជីវិតធ្វើដើមទុន ដើម្បីនាំប្រទេសចេញពីរបបវាលពិឃាតប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបាននាំមកឲ្យប្រទេសដ៏កំសត់មួយនេះនូវសុខសន្តិភាពយ៉ាងពេញលេញដែលកម្រកើតមាននៅកម្ពុជាក្នុងប្រវត្តិសាស្ត្រ ៥០០ ឆ្នាំចុងក្រោយ។ ដូច្នេះ តើរដ្ឋាភិបាលគួរតែទុកឲ្យមនុស្សមួយក្តាប់តូចបន្តអុកឡុកសភាពការណ៍ប្រទេសជាតិដោយប៉ុនប៉ងធ្វើរដ្ឋប្រហារបង្ហូរឈាមខ្មែរដូចពីអតីតកាលទៀតឬយ៉ាងណា?

ខ្ញុំសុំការយោគយលអធ្យាស្រ័យពីមេដឹកនាំបក្សបក្សកាន់អំណាច ដែលខ្ញុំនិយាយការពិតដោយត្រង់ៗក្នុងទស្សនៈវិភាគនេះទោះបីជាខ្ញុំដឹងច្បាស់ថា «ពាក្យពិតរែងស្លែង»ក៏ដោយចុះពីព្រោះខ្ញុំយល់ឃើញថា ខ្មែរយើងបានចំណាយពេលវេលាឥតប្រយោជន៍ច្រើនពេកណាស់ទៅហើយក្នុងជម្លោះនយោបាយ ហើយជានយោបាយបែបបំផ្លិចបំផ្លាញដដែលៗនាំឲ្យខូចប្រយោជន៍ជាតិយ៉ាងធ្ងន់ធ្ងរ។ នយោបាយដែលលោកសម រង្ស៊ី និងគូកនបាននិងកំពុងតែធ្វើនេះគឺមិនគួរត្រូវអនុញ្ញាតឲ្យកើតមានលើទឹកដីដ៏កំសត់នេះតទៅទៀតទាល់តែសោះ។

សម្រាប់ខ្ញុំ ៩ វិច្ឆិកាដែលលោក សម រង្ស៊ី និងគូកនគាត់បានប្រកាសកំណត់យកជាថ្ងៃវិលចូលស្រុកវិញគួរតែក្លាយជាថ្ងៃជម្រះបញ្ជីជាមួយក្រុមលោក សម រង្ស៊ី តែម្តងទៅដើម្បីជៀសវាងកុំឲ្យក្រុមនេះនៅបន្តធ្វើព្យុះភ្លៀងរំខានដល់រដ្ឋាភិបាលនិងពលរដ្ឋខ្មែរឥតឈប់ឈរយ៉ាង ដូច្នេះតទៅទៀតពីព្រោះខ្មែរត្រូវការពួតដៃគ្នាដើម្បីកសាងសេដ្ឋកិច្ចរបស់ខ្លួនឲ្យបានរឹងមាំសម្រាប់អនាគតនៃកូនចៅយើងជំនាន់ក្រោយ។ ខ្ញុំយល់ថា ការប្រកាសកន្លងមករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញ “អ្នកក្លាហានអោយចូលស្រុក” វិញដែលសំដៅទៅលើលោក សម រង្ស៊ី ដើម្បីអាចចាត់វិធានការតាមផ្លូវច្បាប់មិនត្រឹមតែជាវិធីដ៏ ល្អបំផុតដើម្បីជម្រះបញ្ជីខ្មៅនេះចេញពីកម្ពុជាតាមយុទ្ធសាស្ត្រ “ចាប់ឆ្កែចចកញាត់ទ្រុងប្រសើរជាងទុកឲ្យវារស់នៅក្នុងព្រៃ” ប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ជាការប្រកាសដែលចេញពីទឹកចិត្តនិងបំណងពិតៗរបស់លោក ហ៊ុន សែននិងមេដឹកនាំគណបក្សប្រជាជនដែលចង់ឲ្យសម រង្ស៊ី វិលចូលស្រុកវិញនៅថ្ងៃ៩វិច្ឆិកា រឺ មុនថ្ងៃ៩វិច្ឆិកាទៀតផង។

ហេតុអ្វីបានជាខ្ញុំហ៊ានអះអាងយល់យ៉ាងដូច្នេះ? សម្រាប់ក្រសែភ្នែករបស់ខ្ញុំ ទាំងលោកហ៊ុន សែននិងអ្នកដឹកនាំដទៃទៀតមិនថាជាស៊ីវីល រឺកងកំលាំងប្រដាប់អាវុធនោះទេ សុទ្ធតែមានជំហរនិងទស្សនៈយល់ឃើញដូចគ្នាថា៖

ទី១៖ បច្ចុប្បន្ននេះគឺជាឱកាសមាសដ៏ល្អបំផុតដើម្បីរៀបចំអោយអ្នកជំនាន់ថ្មីបន្តកិច្ចការដឹកនាំប្រទេសជាតិ ប៉ុន្តែ វាជា«ការរៀបបន្តវេន»គឺមិនមែនជាការបន្តទំនាស់នោះឡើយ ។ អ្វីដែលគួរឲ្យកត់សម្គាល់គឺ បច្ចុប្បន្ន រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងកាន់អំណាចទាំងស្រុង ១០០% ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ទាំងស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធ និងទាំងកំលាំងសេដ្ឋកិច្ច។ ស្ថានការណ៍បច្ចុប្បន្ន ខុសគ្នាស្រឡះបើធៀបទៅនឹងឆ្នាំ ១៩៧៩ ដែលគណបក្សប្រជាជនកម្ពុជាកសាងប្រទេសពីបាតដៃទទេសុទ្ធសាធ និងក្នុងស្ថានភាពដ៏លំបាកលំបិនបំផុត ប៉ុន្តែ រដ្ឋាភិបាលគណបក្សប្រជាជននៅតែអាចពុះពារជំនះធ្វើបាននិងឈានឡើងបានដល់កំរឹតខ្ពស់ដូចសព្វថ្ងៃ។ ចុះទម្រាំស្ថានភាពដ៏មហាសែនអំណោយផលដូចបច្ចុប្បន្ននេះតើមានអ្វីគួរឲ្យព្រួយបារម្ភ? គឺ ប្រាកដជាគ្មានទាល់តែសោះពោលគឺនពពិតជាឱកាសមាសពិតៗសម្រាប់រដ្ឋាភិបាល។

 

ទី២៖ គណបក្សប្រជាជនរឹងមាំខ្លាំងក៏ដោយសារតែមានសាមគ្គីនិងឯកភាពផ្ទៃក្នុងរឹងមាំនិងមិនដែលបាត់ម្ចាស់ការម្តងណាឡើយតាំងពីដើមរហូតដល់បច្ចុប្បន្នជាពិសេសពេលបក្សនេះត្រូវប្រឈមដោះស្រាយបញ្ហាគ្រោះថ្នាក់ដល់ជាតិម្តងៗ។ យុទ្ធមិត្តរបស់គណបក្សប្រជាជនដែលបានរួមដំណើរជាមួយគ្នា ស្មាកៀកស្មាគ្នាដើម្បីរំដោះប្រទេសជាតិចេញពីរបបខ្មែរក្រហមកាលពីឆ្នាំ ១៩៧៩ ពេលនេះក៏មានវ័យកាន់តែចាស់ ហើយយុទ្ធមិត្តមួយចំនួនក៏មានសុខភាពទ្រុឌទ្រោម ខណៈដែលមួយចំនួនទៀតក៏បានទទួលអនិច្ចកម្មទៅហើយ។ ដូច្នេះ មេដឹកនាំបក្សកាន់អំណាចប្រាកដជាចង់ឃើញកូនចៅជំនាន់ក្រោយបន្តរស់នៅក្នុងសុខសន្តិភាពនិងការអភិវឌ្ឍដោយគ្មានអ្នកណាមកបំផ្លាញសមិទ្ធផលដ៏កម្រដែលខ្លួនខំលះបង់គ្រប់បែបយ៉ាងនិងកសាងយ៉ាងលំបាកនោះឲ្យរលាយសាបសូន្យទៅវិញបានឡើយ។

ទី៣៖ ពេលនេះគឺជាពេលដែលប្រទេសនានាលើពិភពលោកកំពុងប្រឡងប្រណាំងប្រជែងគ្នាដើម្បីកសាងសេដ្ឋកិច្ចរបស់ប្រទេសគេរៀងៗខ្លួនក្នុងនោះក៏មានកម្ពុជាដែរ។ ដូច្នេះនេះជាពេលវេលាដែលកម្ពុជាត្រូវកសាងធនធានមនុស្សជំនាន់ក្រោយឲ្យបានរឹងមាំដើម្បីអនុញ្ញាតឲ្យមេដឹកនាំជំនាន់មុនដែលមានវ័យកាន់តែចាស់ទៅហើយនោះបានផ្ទេរអំណាច និងការទទួលខុសត្រូវដល់អ្នកបន្តវេនរបស់ខ្លួន ហើយពួកគេក៏អាចមានពេលឈប់សម្រាក និងអង្គុយចាំតម្រែតម្រង់អ្នកបន្តវេនរបស់ខ្លួនផង។

ទី៤៖ គេក៏គួរដឹងដែរថា ពេលនេះប្រជាពលរដ្ឋខ្មែរត្រូវការសន្តិភាពនិងភាពសម្បូរសប្បាយនិងចង់ឃើញកូនចៅរបស់ខ្លួនរស់ក្នុងស្ថានភាពបែបនេះទៅថ្ងៃអនាគត។ ដូច្នេះ គ្មានអ្នកណាចង់ឃើញ ប្រទេសជាតិរបស់ខ្លួនធ្លាក់ក្នុងសភាពវឹកវរវិលទៅរកអតីតកាលដ៏ឈឺចាប់វិញតាមការញុះញង់របស់លោក សម រង្ស៊ីនោះឡើយ។

ទី៥៖ ងាកមកមើលស្ថានភាពលោក សម រង្ស៊ី វិញ ! បច្ចុប្បន្ន គាត់ជាអ្ននយោបាយគ្មានបក្ស គ្មានអ្នកគាំទ្រច្រើនដូចគាត់បានអះអាងនោះឡើយ ទាំងនៅក្នុងស្រុក និងក្រៅស្រុកពីព្រោះកម្លាំងរបស់លោក សម រង្ស៊ី បានបែកបាក់ខ្ទេចខ្ទីស្ទើរអស់ទៅហើយ។ ដោយឡែកពាក្យថា «សម រង្ស៊ី-កឹម សុខាជាមនុស្សតែមួយ»នោះវាគ្រាន់តែជាល្បែងថ្ពឹនភ្នែកលើគោកដើម្បីបោកប្រាស់អ្នកគាំទ្រមួយគ្រាៗសម្រាប់ដោះទាល់តែប៉ុណ្ណោះ។ តែធាតុពិត កឹម សុខា និងសម រង្ស៊ី បែកគ្នាបាត់ទៅហើយ និងក៏គ្មានថ្ងៃចូលគ្នាវិញបានឡើយប្រៀបបានទឹកនិងប្រេង។ស្ថិតក្នុងស្ថានភាពបែបនេះ បើសិនជាលោក សម រង្ស៊ី ហ៊ានតែប្រថុយឈានជើងចូលជាន់ដីកម្ពុជា សមត្ថកិច្ចពិតជានឹងចាប់ខ្លួនលោក សម រង្ស៊ី ញាត់គុកដោយងាយបំផុត ប្រៀបដូចជាការចាប់ឆ្កែចចកញាត់ក្នុងទ្រុងដើម្បីកុំឲ្យវាបន្តដើរព្រូសក្នុងព្រៃនាំអោយរំខានឮត្រចៀកគេឯងតទៅទៀត។

មានមតិយោបល់ខ្លះយល់ថា រដ្ឋាភិបាលភ្នំពេញមិនចង់អោយ សម រង្ស៊ីវិលចូលស្រុកព្រោះខ្លាចប្រឈមនឹងបញ្ហាផ្សេងៗក្រោយចាប់សម រង្ស៊ី ដាក់គុក។ ប៉ុន្តែ ខ្ញុំមិនយល់ស្របតាមទស្សនៈនេះទេពីព្រោះជំហានដើររយៈពេលជាង៤០ឆ្នាំរបស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាពិតជាបានផ្តល់នូវមេរៀននិងបទពិសោធន៍យ៉ាងសម្បូរបែបនិងគ្រប់គ្រាន់ពេកក្នុងការប្រឈមមុខដោះស្រាយបញ្ហាដែលកើតឡើង កុំថាឡើយត្រឹមរឿងចាប់និងក្រោយចាប់លោក សម រង្ស៊ី ញាត់គុក ឬក្រោយពីអស់លោក សម រង្ស៊ី ពីឆាកនយោបាយកម្ពុជាជាយថាហេតុ។

គួរកត់សម្គាល់ថា ការស្តារប្រទេសឡើងវិញចេញពីគំនរផេះផង់ក្រោយការផ្តួលរំលំរបបខ្មែរក្រហមមិនត្រឹមតែបានធ្វើឡើងដោយមានតែបាតដៃទទេសុទ្ធសាធប៉ុណ្ណោះទេ ប៉ុន្តែ ដំណើរការកសាងប្រទេសពេលនោះបានធ្វើឡើងក្រោមសម្ពាធនិងការហ៊ុព័ទ្ធទាំងនយោបាយនិងសេដ្ឋកិច្ចអន្តរជាតិយ៉ាងធ្ងន់ធ្ងរទៀតផង។ ប៉ុន្តែ ទោះជាយ៉ាងនេះក៏ដោយ រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជានៅតែអាចជម្នះបានឧបសគ្គដ៏មហាសែនលំបាកទាំងនោះរហូតកសាងប្រទេសបានដូចសព្វថ្ងៃ។

ក្នុងចន្លោះពេលនោះទៀតសោត មានព្រឹត្តិការណ៍សំខាន់ៗជាច្រើនដែលរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានឆ្លងកាត់ដោយជោជ័យ។ ជាក់ស្តែង ព្រឹត្តិការណ៍ ៥ និង ៦ កក្កដា ឆ្នាំ ១៩៩៧ ដែលជាការតទល់ជាមួយកម្លាំងប៉ុនប៉ងធ្វើរដ្ឋប្រហាររបស់សម្តេចក្រុមព្រះដោយមានទាំងការប្រើប្រាស់កម្លាំងខ្មែរក្រហមជាជំនួយផង ក៏ប៉ុន្តែ ការប៉ុនប៉ងនេះត្រូវបរាជ័យក្រោមកណ្តាប់ដៃដែករបស់រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រៅពីនោះ កម្ពុជាក៏ត្រូវប្រឈមនឹងវិបត្តិសេដ្ឋកិច្ចសាកលធំៗពីរដែលកើតមានឡើងកាលពីឆ្នាំ ១៩៩៧ និងឆ្នាំ ២០០៧-២០០៨ ប៉ុន្តែ កម្ពុជានៅតែអាចទប់ទល់បានយ៉ាងល្អ។

យុទ្ធសាស្ត្រឌីហ្វីត (Divide – Isolate – Finish – Integrate – Develop) ដើម្បីបំផ្លាញអង្គការចាត់តាំងនយោបាយនិងយោធារបស់ខ្មែរ្រហមកាលពីឆ្នាំ ១៩៩៨ ក៏ធ្វើឡើងក្រោមគំនិតដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរ។ និងចុងក្រោយនេះគេក៏មិនត្រូវភ្លេចដែរនូវព្រឹត្តិការណ៍ក្រោយការ បោះឆ្នោត ឆ្នាំ២០១៣ដែលក្រុម លោក សម រង្ស៊ីបានប្រើប្រាស់កម្លាំងមហាជនដើម្បីផ្តួលរំលំដ្ឋាភិបាលជាប់ឆ្នោត ប៉ុន្តែ កម្លាំងនេះក៏ត្រូវបរាជ័យទាំងស្រុងក្រោមកណ្តាប់ដៃលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ចុះឥឡូវ ត្រឹមតែចាប់ចចកព្រៃពីរបីក្បាលដែលកំពុងតែបែកហ្វូងមកដាក់ក្នុងទ្រុង ខ្ញុំយល់ថាដូចជាគ្មានអ្វីគួរឲ្យពិបាក ទាល់តែសោះខណៈដែលចចកព្រៃទាំងនោះបានប្រកាសវិលចូលស្រុកវិញដោយខ្លួនឯង។

ដោយយោងលើអំណះអំណាងដូចបានលើកឡើងខាងដើម ខ្ញុំយល់ឃើញថា គេមិនគួរទុកឲ្យកម្ទេចភ្លើងតូចតាចបង្កជាផ្សែងនាំឲ្យខូចបរិយាកាសកសាងប្រទេសអូសបន្លាយតទៅទៀតនោះឡើយ ពោលគឺ ដល់ពេលដែលរដ្ឋាភិបាលត្រូវតែកម្ចាត់ចោលកូនបន្លាក្នុងបាតជើងនេះ ហើយ។ តាមការវិភាគរបស់ខ្ញុំ ប្រសិនបើលោក សម រង្ស៊ី ហ៊ានប្រថុយចូលស្រុកថ្ងៃទី ៩ វិច្ឆិកាមែននោះ លទ្អផលមានតែ២គត់៖ ទី១ គឺជាប់គុក និងទី២ គឺអាចត្រូវបាតដៃទី៣ឆក់យកជីវិតដូចអ្វីដែលបានកើតឡើងនៅហ្វីលីពីនកាលពីឆ្នាំ ១៩៨៣។ មិនថាជោគវាសនារបស់លោក សម រង្ស៊ី ជួបប្រទះនឹងហេតុការណ៍ណាមួយក៏ដោយក្នុងចំណោមលទ្ធផលទាំងពីរ ក៏រដ្ឋាភិបាលគណបក្សប្រជាជននៅតែអាចគ្រប់គ្រងសភាពការណ៍បានដដែលព្រោះវាពិតជាមិនមែនជារឿងថ្មីនិងពិបាកពិបាកដោះស្រាយនោះឡើយសំរាប់បុរសខ្លាំងកម្ពុជាដែលមានបទពិសោធន៍នយោបាយយ៉ាងជោគជាំ ហើយដែលបច្ចុប្បន្នកំពុងកាន់អំណាចណែនក្នុងដៃតាំងពីជាង៤០មកហើយ។ សម្រាប់លោក សម រង្ស៊ី វិញ មិនថាត្រូវជាប់គុក ឬត្រូវអស់ជីវិតដោយសារបាតដៃទី៣ឡើយ ជីវិតនយោបាយរបស់លោក សម រង្ស៊ី  នឹងត្រូវចប់ជាស្ថាពរពីព្រោះបើអស់ពីលោក សម រង្ស៊ីនិងគូកនគាត់ប៉ុន្មាននាក់នេះទៅ អ្នកប្រឆាំងដែលនឹងបន្តវេននឹងច្បាស់ជាមានជម្រើសនយោបាយល្អប្រសើរជាងលោក សម រង្ស៊ី ជាក់ជាមិនខាន។ ដូច្នេះ តើការជម្រះបញ្ជីឲ្យដាច់ស្រឡះជាមួយលោក សម រង្ស៊ី នៅថ្ងៃទី ៩ វិច្ឆិកា មិនមែនជាជម្រើសល្អជាងទុកបណ្តោយឲ្យលោក សម រង្ស៊ី បន្តបង្កាត់ភ្លើងបក់ផ្សេងមកឲ្យគ្រប់គ្នាហិតក្នុងរយៈពេលយូរតទៅទៀតទេឬ

អ្វីដែលយើងគួរចងចាំគឺ សកម្មភាពនយោបាយនិងមនោគមវិជ្ជារបស់លោក សម រង្ស៊ី រយៈពេលជាង ២០ ឆ្នាំមកនេះគឺប្រៀបដូចជាមេរោគដំបៅមហារីកមួយដ៏គ្រោះថ្នាក់សម្រាប់សង្គមខ្មែរ។ ដូច្នេះការវះកាត់ដុំសាច់មហារីកមួយដុំនេះគ្រវាត់ចោលគឺជាការចាំបាច់ណាស់បើទោះបីជាត្រូវរងការឈឺចាប់ខ្លះក៏ដោយ តែវាល្អជាងការទុកដុំសាច់មួយដុំតូចនេះឲ្យវាបង្កជាជំងឺមហារីក។ សម្រាប់ខ្ញុំ មានតែវិធីនេះទេដែលគណបក្សប្រជាជនអាចកសាងគ្រិះដ៏រឹងមាំសំរាប់ «ការបន្តវេនដែលមិនបន្តទំនាស់»៕

ដោយ: សាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គមខេត្តកំពង់ចាម