ខេត្តស្វាយរៀង៖  អ្នកប្រកបមុខរបរដាល់អំបុកជាង១០០គ្រួសារ នៅក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រីករាយយ៉ាងខ្លាំងនៅពេលថ្ងៃបុណ្យអុំទូក អកអំបុក និងសំពះព្រខែ ជិតមកដល់ខាងមុខនេះ និងបានត្រៀមអកអំបុកថ្ងៃ០៩ វិច្ឆិកា ដែលមានអ្នកកម្មង់អំបុកច្រើនដោយគ្មានកំណត់ គឺមានប៉ុន្មានគេទិញយកទាំងអស់។

ប្រជាពលរដ្ឋជាអ្នកផលិតអំបុក នៅតាមដងផ្លូវជាតិលេខ១ បានអះអាងថា ក្នុង១គ្រួសារ ពួកគាត់ផលិតបានអំបុក៤០០ ទៅ៥០០កំប៉ុង ហើយអំបុក១គីឡូ មានតម្លៃ១ម៉ឺនរៀល។

អ្នកស្រី ម៉ៅ ផា អាយុ៣៥ឆ្នាំ រស់នៅភូមិដូនលែប ឃុំគោកព្រីង ស្រុកស្វាយជ្រុំ បានឱ្យដឹងថា នៅថ្ងៃអកអំបុក ត្រូវបានភ្ញៀវកម្មង់ទិញ ២ពាន់កំប៉ុង ហើយនៅថ្ងទី២ វិច្ឆិកា ថ្នាក់ដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង និងប្រមូលទិញអំបុកទាំង ២៦គ្រួសារ ដោយក្នុង១គ្រួសារតម្រូវឲ្យមានអំបុក ១៨០កំប៉ុង សម្រាប់អកថ្ងៃ៩ វិច្ឆិកា ២០១៩ ខាងមុខនេះ។

ចំពោះស្រូវដាល់អំបុកវិញ ពួកគាត់ទិញស្រូវសែនក្រអូប ក្នុង១គីឡូ តម្លៃ១៥០០រៀល ហើយស្រូវនេះទិញមកពីស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងខេត្តកំពង់ធំ ដោយមានមានឈ្មួញនៅករអណ្តើក ជាអ្នកប្រមូលទិញស្រូវយកមកផ្គត់ផ្គង់រាល់ថ្ងៃ។ មួយវិញទៀត នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ក៏បានទិញ ៦០០កំប៉ុង និងអ្នករាជធានីភ្នំពេញ ក៏បានកម្មង់ទិញអំបុកនៅថ្ងៃ៩ វិច្ឆិកា ចំនួន ១ម៉ឺនកំប៉ុងផងដែរ។

អ្នកស្រីបានបន្តថា ក្នុងមួយគ្រួសារមានត្បាល់១ គឺប្រើកម្លាំង ២នាក់ ផលិតអំបុក ក្នុង១ថ្ងៃ ៥តៅស្រូវ ឬអំបុក៤០០ ទៅ៥០០កំប៉ុង ហើយនៅឃុំក្រោលគោនេះដែរ ក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំក្រោលគោក៏បាន កម្មង់ទិញអំបុក ៤ពាន់កំប៉ុង សម្រាប់ចែកឱ្យប្រជាពលរដ្ឋឃុំក្រោលគោ អកអំបុកថ្ងៃ៩ វិច្ឆិកានេះផងដែរ។ ចំណែកម៉ាស៊ីន និងត្បាល់ សម្រាប់ដាល់អំបុកស្វ័យប្រវត្តិ ១គ្រឿង តម្លៃ១២០០ដុល្លារ។

អ្នកស្រី ម៉ៅ ផា បានបន្តថា ចំណែកនៅតាមមន្ទីនានាក្នុងខេត្ត ក៏មានកម្មង់អំបុកច្រើនដែរ ដូច្នេះនៅថ្ងៃ៩ វិច្ឆិកា មានពិធីអកអំបុកច្រើនណាស់គ្រប់មន្ទីរ និងគ្រប់ស្ថាបន័រដ្ឋ និងប្រជាពលរដ្ឋ ក៏ដូចជាសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា គឹត្រៀមអកអំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រទាំងអស់គ្នា។

មន្រ្តីអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ទាំងមន្រ្តី និងពលរដ្ឋបានត្រៀមរួចហើយ ឆ្លើយតបការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ដោយសម្តេចបានប្រកាសយកថ្ងៃ៩ វិច្ឆិកា ដែលជាថ្ងៃបុណ្យឯករាជជាតិ គឺជាទិវាអកអំបុកទូទាំងប្រទេស៕