ខេត្តបាត់ដំបង៖ ចោរស្រីវ័យក្មេងម្នាក់ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរដំបង១ ចុះធ្វើការបង្ក្រាបឃាត់ខ្លួនភ្លាមៗខណះដែលរូបគេកំពុងធ្វើសកម្មភាពចូលផ្ទះអ្នកស្រុករុករកលួចទ្រព្យសម្បត្តិ។

លោក ហូរ សុវណ្ណរិទ្ធី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរដំបង១ បានបញ្ជាក់អោយដឹងថាបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីម្ចាស់ផ្ទះ ឈ្មោះ ស៊ុយ អុឹង ភេទប្រុស អាយុ៧៨ឆ្នាំ រស់នៅចំណុចក្រុមទី៥ ស្ថិតក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង នៅវេលាម៉ោង១៧និង៤០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩មានករណីចោរលួចចូលផ្ទះភ្លាមនោះលោកបានដឹកនាំកម្លាំងសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែចុះបើកកិច្ចប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនបានក្មេងស្រីខណះដែលរូបគេកំពុងធ្វើសកម្មភាពក្នុងបទល្មើសជាក់ស្តែង។
លោកបានបន្តថា ចោរស្រីវ័យក្មេងត្រូវបានឃាត់ខ្លួនឈ្មោះ កែត ស្រីណុច អាយុ១៦ឆ្នាំ រស់នៅភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។
តាមការបញ្ជាក់ពីលោកអ៊ុំឈ្មោះ ស៊ុយ អុឹង អាយុ៧៨ឆ្នាំ បានអោយដឹងថានៅមុនពេលកើតហេតុក្រុមគ្រួសារលោកអ៊ុំបានចាក់សោទ្វារផ្ទះទុកចោលជាប្រចាំនិងបានពាក់កូនសោនៅនិងបង្អួចក្បែរទ្វារផ្ទះដូចសព្វដង ហើយបាននាំគ្នាពីរនាក់ប្តីប្រពន្ធទៅផ្ទះកូនៗនៅក្បែរគ្នាដើម្បីជួយលក់ដូរ លុះនៅវេលាម៉ោង១៧និង៤០នាទីល្ងាចលោកក៏បានដើរមកផ្ទះដើម្បីសម្រាក លុះពេលមកដល់ក៏ស្រាប់ឃើញខាងក្នុងផ្ទះមានបើកភ្លើងហើយលោកអើតមើលតាមបង្អួចក៏ស្រាប់តែឃើញភ្លើងភ្លឺគ្រប់បន្ទប់ខុសផ្លែកធម្មតាដែកគ្រួសារលោកមិនដែលបានបើកភ្លើងចោលនោះទេ។
លោកអ៊ុំបន្តថា ដោយមានការសង្ស័យលោកក៏បានហៅកូនៗមកជួយមើលនិងរាយការណ៍ទៅសមត្ថកិច្ចចុះមកឆែកឆេរក៏ប្រទះឃើញក្មេងស្រីម្នាក់ដែលអ្នកស្រុកស្គាល់ថាជាចោរវ័យក្មេងលួចយ៉ាងសកម្មតាំងពីតូចនោះកំពុងសម្ងំកកូរកកាយដើម្បីស្វែងរកទ្រព្យសម្បត្តិក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ដោយឡែកចំពោះទ្រព្យសម្បត្តិវិញមិនមានការបាត់បង់អ្វីនោះទេ។លោក ហូរ សុវណ្ណរិទ្ធី ជានាយប៉ុស្តិ៍អូរដំបង១ បានបញ្ជាក់បន្ថែមថាជនសង្ស័យខាងលើក្រោយធ្វើការឃាត់ខ្លួនត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកសង្កែដើម្បីចាត់ការបន្តតាមនីតិវិធី។