ភ្នំពេញ៖ យុវជន២ នាក់បានស្លាប់បាត់បង់ជីវិតម្នាក់ និង រងរបួសធ្ងន់ម្នាក់ ខណៈជិះម៉ូតូមួយគ្រឿងឌុបគ្នាទៅកន្លែងស្នាក់នៅវិញត្រូវរថយន្តដឹកប្រេងសណ្តោងធុនយក្សមួយគ្រឿងបុកចំពីមុខកិនពីលើ ពេញទំហឹងរួចព្យាយាមបើករត់ត្រូវបានសមត្ថកិច្ចដេញចាប់មកវិញ។ បង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង ៦ និង ៤០នាទីយប់ ថ្ងៃព្រហស្បត្តិ៏ ទី ៣១ ខែតុលា ឆ្នាំ ២០១៩ នៅតាមបណ្ដោយផ្លូវលេខ៤ជិតនិងបុរីពិភពថ្មី ក្នុងភូមិគុល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះ(ស្លាប់)មានឈ្មោះ តឿន រ័ត្នភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរជាងពិដាន ស្នាក់នៅភូមិចំការថ្បែង សង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅ ភូមិជ្រេស ឃុំជ្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងចំណែកម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវេវ ពណ៍ខៀវពាក់ស្លាក លេខភ្នំពេញ កំពង់ឆ្នាំង 1F-9538ឌុបគ្នាចេញពីកន្លែងធ្វើការ តាមបណ្តោយផ្លូវ ជាតិលេខ៤ ទឹសដៅពីលិចទៅកើត បំណងទៅកន្លែងស្នាក់នៅខណៈមកដល់ចំណុចកើតហេតុខាងលើក៍មានរថយន្តដឹកប្រេងឥន្ធនៈមួយគ្រឿងក្បាលពណ៌ ស លាយពណ៍ខៀវ ឆ្នូត ក្រហមពាក់ស្លាកលេខ ភ្នំពេញ3D-7332 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវ ជាតិលេខ៤ ក្នុងទិសដៅពីកើត ទៅលិច បញ្រ្ចាស់ទឹសគ្នា លុះដល់ចំណុចកើតហេតុខាងលើរថយន្តក៏ជ្រុលទៅបុកម៉ូតូបណ្តាលឲ្យខ្ទាតមិត្តភក្ត័អង្គុយនៅខាងក្រោយចូលកង់ រថយន្តខាងមុខផ្នែកខាងឆ្វេងកិនស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ។ ចំណែកម្នាក់ទៀតជាអ្នកឌុបខ្ទាតចេញក្រៅរងរបួសធ្ងន់។
ភ្លាមៗនោះរថយន្តបង្កបានព្យាយាមបើករត់តែត្រូវបានប្រជាពលរដ្ឋឃើញហេតុការណ៏នេះបានដេញចាប់បានប្រគល់ជូនសមត្ថកិច្ចបញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូលរងចាំប្រគល់ឲ្យជំនាញ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័​យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕