តាកែវ៖ នៅក្នុងឱកាសចុះប្រមូលសំរាមនៅក្នុងបរិវេណសាលាវិទ្យាល័យ១ឧសភា នឹងតាមបណ្តោយផ្លូវជាតិលេខ៣ ជាមួយនឹងសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ នឹងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃច័ន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ប៉ែន សូនី នាយកប្រតិបត្តិសមាគមសម្របសម្រួលសេដ្ឋកិច្ចសហគមន៍កសិកម្ម បានចាត់ទុក សកម្មភាពរើសសម្រាមពីសំណាក់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនាពេលនេះ គឺជាសកម្មភាពដ៏ល្អ និងជាគំរូ សម្រាប់ឲ្យយុវជន ក៏ដូចជាមហាជនទូទៅ ចូលរួមសម្អាតបរិស្ថានអនាម័យទាំងអស់គ្នា ។

លោក ប៉ែន សូនី នាយកប្រតិបត្តិសមាគមសម្របសម្រួលសេដ្ឋកិច្ចសហគមន៍កសិកម្ម បានបន្ថែមទៀតថា ថ្ងៃនេះយើងបានចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងលោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យ១ឧសភា ដើម្បីរើសសម្រាមនៅក្នុងបរិវេណសាលា និងតាមបណ្តោយផ្លូវជាតិលេខ៣ តាមខ្នងផ្ទះ ផ្សារជាដើម ហើយសកម្មភាពរើសសម្រាមថ្ងៃនេះ គឺជាការចូលរួមការពារ និងសម្អាតបរិស្ថាន ហើយការការពារបរិស្ថាននេះ ដើម្បីគិតគូរពីសុខភាពរបស់ប្រជាពលរដ្ឋ ពិសេសគឺការអភិវឌ្ឍន៍ប្រកបដោយនិរន្តិរភាព ។

លោក ប៉ែន សូនី បន្តទៀតថា យើងដឹងហើយថា សម្រាមគឺវាពិតជាប៉ះពាល់ទៅដល់សុខភាពយ៉ាងខ្លាំង ពិសេសថង់ប្ល៉ាស្ទិកវាបង្ករ ផលប៉ះពាល់ច្រើនទៅដល់បរិស្ថាន និងសុខភាពរបស់មនុស្ស ពិសេសនៅតំបន់ជនបទ និងតំបន់ដែលផលិតម្ហូបអាហារ ហើយលក់អាហារច្រកជាថង់ប៉ា្លស្ទិក ដូចនេះប្រសិនបើថង់ប្ល៉ាស្លិកនេះវាមានបរិមាណច្រើននៅតំបន់ ជនបទ ចឹងម្ហូបអាហាររបស់យើងវាក៏អាចមានសារធាតុពុលច្រើនផងដែរ ។

បើតាមលោក ប៉ែន សូនី ការធ្វើកម្មវិធីនេះឡើង គឺដើម្បីបំផុសឲ្យក្រុមយុវជន សហគមន៍ ក៏ដូចជាមហាជនទូទៅ ក្រុមផលិតម្ហូបអាហារ បានយល់ដឹងពីផលប៉ះពាល់នៃបរិស្ថាន ហើយចូលរួមទាំងអស់គ្នា ដើម្បីកាត់បន្ថយការផលប៉ះពាល់ទាំងអស់នេះ ។ ហើយកម្មវិធីរើសសម្រាមនេះដែរ រូបលោកបានធ្វើតាំងពីឆ្នាំ២០១៨និងឆ្នាំ២០១៩ នឹងបន្តធ្វើ ចលនារើសសម្រាមនេះ ឲ្យបានគ្រប់ទូទាំងប្រទេសកម្ពុជា ដើម្បីជាការបំផុស្មារតីទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យរួមគ្នាសម្អាតបរិស្ថានអនាម័យជុំវិញខ្លួន ពិសេសគឺរួមគ្នាកាត់បន្ថយការបោះសម្រាមចោលពាសវាលពាសកាលតទៅទៀត ។

យុវតីសិស្សឈ្មោះ សាវិន ស្រីនុច ដែលកំពុងតែសិក្សានៅថ្នាក់ទី១២បេ នៃសាលាវិទ្យាល័យ១ឧសភា បានសម្តែងការយល់ឃើញផងដែរថា សកម្មភាពដើររើសសម្រាមក្នុងថ្ងៃនេះ គឺជាការចូលរួមចំណែកជាមួយសង្គមយ៉ាងធំ ពីព្រោះយើងបានចូលរួមចំណែកថែរក្សា និងសម្អាតបរិស្ថានយើងឲ្យស្រស់ស្អាតល្អ ធ្វើឲ្យប្រទេសយើងមានបរិស្ថានល្អស្អាត ហើយវាក៏ជាគម្រូមួយសម្រាប់មហជនយល់ដឹងអំពីការទុកដាក់សម្រាម និងផលវិបាកនៃការបោះសម្រាម ។ ក្នុងនាមប្អូនជាយុវជនម្នាក់ ក៏សូមធ្វើការអំពាវនាវចូលរួមថែរក្សាបរិស្ថាន ទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ  ដើម្បីធ្វើឲ្យសហគន៍យើង និងប្រទេសជាតិរបស់យើង ក្លាយជាសហគមន៍និងប្រទេសដែលគ្មានសម្រាម ឬថង់ប្ល៉ាស្ទិកហើរតាមខ្យល់ ។

យុវសិស្សឈ្មោះ សែម ជីវ័ន្ត ក៏បានសម្តែងការចាប់អារម្មណ៍ស្រដៀងគ្នាដែរថា ថ្ងៃនេះប្អូនក៏ដូចជាសិស្សានុសិស្សដទៃទៀត បាននាំគ្នាដើររើសសម្រាម ពិសេសនៅតាមផ្លូវជាតិលេខ៣ ព្រោះថា ផ្លូវជាតិពេលប្អូន ជិះមករៀនម្តងៗ ឃើញសម្រាមច្រើនពេញផ្លូវ ដែលជាហេតុនាំឲ្យបាត់បង់សោភ័ណ្ឌផ្លូវ ដូច្នោះយើងសម្អាតផ្លូវជាតិលេខ៣នេះ ឲ្យបានច្រើនជាងគេ