ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ក្នុងក្រុងកំពតអោយបានកាន់តែប្រសើរឡើង ជាពិសេសរក្សានូវសណ្ដាប់ធ្នាប់ក៏ដូចជាការរួមចំណែកកាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៍។នៅរសៀលថ្ងៃទី ៤ ខែវិច្ឆិកាឆ្នាំ ២០១៩ ឯកឧត្តមជាវ តាយអភិបាលនៃគណៈអភិបាលខេត្តបានដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធ មានមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត មន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងអង្គភាពអគ្គិសនីខេត្តរួមទាំងអាជ្ញាធរមូលដ្ឋានក្រុងសង្កាត់បានអញ្ជើញចុះពិនិត្យសិក្សានិងវាយតម្លៃអំពីផលប៉ះពាល់នៃគម្រោងការកសាងផ្លូវវាងក្រុងមួយខ្សែដែលស្ថិតនៅក្នុងភូមិកំពង់បាយខាងជើងសង្កាត់កំពង់បាយក្រុងកំពតខេត្តកំពត។

តាមគម្រោងនៃការកសាងផ្លូវវាងក្រុងមួយខ្សែនេះមានទទឹង ១៥ ម៉ែត្របណ្ដោយ ១៣៨០ម៉ែត្រធ្វើពីបេតុងសរសៃដែកអមដោយប្រព័ន្ធលូរំដោះទឹកចេញពីក្នុងក្រុងកំពត ដោយផ្លូវនេះតបំបែកចេញពីផ្លូវជាតិលេខ៣ឆ្ពោះមកទល់នឹងផ្លូវបេតុងម៉ាកេងស្របតាមបណ្ដោយផ្លូវរថភ្លើងដែលមានគំលាតពីផ្លូវរថភ្លើងចំងាយ ១២ម៉ែត្រនិងចិញ្ចើមផ្លូវម្ខាងទៀតមានចំនួន ៣ម៉ែត្រ ក្រោមគម្រោងប្រើប្រាស់ថវិការបស់រដ្ឋបាលខេត្តកំពត។

ផ្លូវវាងក្រុងមួយខ្សែនេះគឺពិតជាមានសារៈសំខាន់ក្នុងការកាត់បន្ថយការកកស្ទះនូវរថយន្តតូចនិងរថយន្តធំបើកបរលើដងផ្លូវជាតិលេខ៣ ក្បែរផ្សារសាមគ្គីក្រុងកំពត និងក៏ដូចជាការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ព្រមទាំងរបៀបរៀបរយសណ្ដាប់ធ្នាប់សាធារណៈក្នុងក្រុងកំពត ព្រោះបច្ចុប្បន្នក្រុងកំពតផ្លូវវាងក្រុងប៉ែកខាងជើងឬខាងលិចក្រុងកំពតនៅពុំទាន់មាននៅឡើយ។

ហើយនៅថ្ងៃតទៅមុខទៀត ផ្លូវវាងក្រុងមួយខ្សែនេះដែរក៏មានគម្រោងកសាងបន្តទៀតទិសដៅស្របតាមផ្លូវរថភ្លើងនេះដែររហូតទល់នឹងមាត់ព្រែកកំពតក្បែរស្ពានដែករថភ្លើង។ហើយរដ្ឋបាលខេត្តមានគម្រោងនឹងធ្វើសំណើទៅរាជរដ្ឋាភិបាលដើម្បីកសាងស្ពានឆ្លងកាត់ព្រែកកំពតផ្លូវវាងក្រុងមួយខ្សែនេះផងដែរ។ ដូច្នេះឯកឧត្តមជាវ តាយអភិបាលខេត្តក៏បានណែនាំជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់រួមទាំងអាជ្ញាធរមូលដ្ឋានត្រូវធ្វើយ៉ាងណាសហការគ្នាដើម្បីសិក្សាពីផលប៉ះពាល់ក៏ដូចជាគម្រោងផែនការលំអិតពាក់ព័ន្ធផ្សេងៗនៃគម្រោងការកសាងផ្លូវវាងក្រុងមួយខ្សែនេះឲ្យបានល្អដើម្បីពន្លឿនការកសាងឲ្យបានឆាប់រហ័សតាមលក្ខណៈស្តង់ដារបច្ចេកទេស អោយហើយនៅមុនព្រឹត្តិការណ៍នៃពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ដែលឈានមកដល់នៅចុងឆ្នាំ ២០១៩ នេះដែលខេត្តកំពតត្រូវទទួលធ្វើជាម្ចាស់ផ្ទះសំដៅជួយសម្រួលនូវការកកស្ទះចរាចរណ៍នៅក្រុងក្នុងកំពតនេះផងដែរ។