(ត្បូងឃ្មុំ)៖ ថ្លែងនៅចំពោះមុខកងកម្លាំងនគរបាលទាំងអស់ ដែលបង្ហាញនូវភាពស្វាហាប់មានស្មារតី និងជំហររឹងមាំ នោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់បំផុត ដាច់ខាតត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបឱ្យបាននូវក្រុមក្បត់ជាតិ ដោយមានទណ្ឌិត សម រង្សុី ជាមេខ្លោង ដែលកំពុងបង្កចលាចល ប៉ុនប៉ងប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោត ដោយត្រៀមខ្លួនជាស្រេចដើម្បី ការពារ ជាតិ សាសនា ព្រះមហាក្សត្រ មិនឲ្យនរណាមកជាន់ឈ្លី និងប្រមាថបាននោះឡើយ។

ថ្លែងក្នុងគោលជំហរ និងបទបញ្ជារដ៍មុតស្រួចបែបនេះ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងឳកាស ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំងឯកឧត្តម ហាក់សុខមករា អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត អញ្ជើញចុះជួបសំណេះសំណាល ចែកជូនស្បៀងអាហារ និងថវិការក្នុងម្នាក់ ៥ មុឺនរៀល ដល់កងកម្លាំងនគរបាលជាង៦០០នាក់ នៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។

ការចុះសំណេះសំណាលនេះជាការលើកទឹកចិត្ត ក្រោមការយកចិត្តទុកខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំខេត្ត ចំពោះកងកម្លាំងប្រដាប់អាវុធ ក្នុងការការពារសុខសុវត្ថិភាពជូនប្រទេសជាតិ និងត្រៀមខ្លួនជាស្រេចទប់ស្កាត់ និងកម្ទេច រាល់ទង្វើទាំងឡាយណា ដែលចង់ឲ្យជាតិធ្លាក់ចូលភ្លើងសង្គ្រាមជាថ្មី ដូចជនក្បត់ជាតិ ទណ្ឌិត សម រង្សុី និងបក្ខពួក កំពុងបង្កចលាចលម្តងហើយម្តងទៀត ជាដើមនោះ។

ឯកឧត្តមបណ្ឌិតជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងប្រកាសជាថ្មីទៀតថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុងស្រុក កងកម្លាំងប្រដាប់អាវុធ និងប្រជាជនទូទាំងខេត្ត គឺនៅស្វាគមន៍ ដោយចាត់វិធានការតាមផ្លូវច្បាប់ និងរៀបចំបន្ទប់ពន្ធនាគាររង់ចាំទទួលស្វាគមន៍ បើសិនជនក្បត់ជាតិ ទណ្ឌិត សម រង្សុី និងបក្ខពួក ហ៊ានឈានជើងជាន់ចូលទឹកដីខេត្តត្បូងឃ្មុំ៕