បន្ទាយមានជ័យ ៖ ក្រោយមានសត្វស្លាបចម្រុះរាប់ម៉ឺនក្បាល ទៅទុំស្នាក់នៅពេលយប់ក្នុងចំការមួយកន្លែងក្រោយភ្នំបន្ទាយនាង ស្ថិតក្នុងឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ លោក រ័ត្ន ដាស៊ីណង់ អភិ បាលស្រុកមួយនេះ បានអំពាវឲ្យភ្ញៀវទេសចរជាតិ អន្តរជាតិ ទៅទស្សនាកម្សាន្ត និងចូលរួមជួយអភិរក្ស ។

តាមការឲ្យដឹងពីប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើ បានរៀបរាប់ឲ្យដឹងកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះថា ជារៀងរាល់ឆ្នាំទីតាំងនេះ តែងមានសត្វចម្រុះ ដូចជា ចង្កៀលខ្យង ក្រសារ ក្អែកទុំ ស្មោញ កុកស និង កុកសាប់ មកដេកពេលយប់ តែមានមិនប៉ុន្មានរយក្បាលនោះទេ ប្លែកតែឆ្នាំនេះ ជាពិសេសរយៈពេលជិត២ខែចុងក្រោយនេះ សត្វស្លាបទាំងនោះ មានចំនួនកើនឡើងដល់រាប់ម៉ឺនក្បាលដូចដែលឃើញនេះឯង ។

ជាមួយគ្នានេះអ្នកស្រី ជ ថាវី ជាកូនស្រីម្ចាស់ដីចម្ការ ដែលជាទីតាំងសត្វស្លាបចម្រុះស្នាក់នៅខាងលើ បានឲនយដឹងដារថា ក្រុមគ្រួសារអ្នកស្រី ធ្លាប់ធ្វើសិប្បកម្មឡឥដ្ឋ ហើយដីនៅខាងក្រោយព័ទ្ធ័របងបន្លាលួស មានចម្ការដាំឈើអាកាស្យា ព្រីង ថ្កូវ ស្វាយ ដូងស្លា អំពិល ត្របែក អំពិលព្រៃ..ហើយឥឡូវបានក្លាយជាទីស្នាក់នៅសត្វស្លាប់ចម្រុះរាប់មឺុនក្បាលដេកនៅពេលយប់ ដូច្នេះលោកស្រីរីករាយ និងសុខចិត្តអនុញ្ញាតិឲ្យសត្វទាំងនោះមករស់នៅបន្ត តែអ្នកស្រីក៏សូមសំណូមពរ ដល់អាជ្ញាធរ និងមន្ត្រីជំនាញ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើយ៉ាងណា ចាត់វិធានការម៉ឹងម៉ាតជួយថែរក្សា ការពារសត្វទាំងនោះផង ។

ជាថ្មីម្ដងទៀតលោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរី ក្រៅពីការអំពាវនាវដល់ភ្ញៀវទេសចរជាតិនិងអន្តរ ជាតិ ឲ្យមកទស្សនាកម្សាន្តសត្វស្លាបនេះ ក្នុងនាមអាជ្ញាធរ បានថ្លែងអំណរគុណដល់ម្ចាស់ចម្ការ និងពលរដ្ឋ អ្នក ពាកព័ន្ធទាំងឡាយ ដែលផ្តល់ទីសុខសាន្តដល់សត្វទុំដេក និងស្នាក់នៅ ។ ហើយក៏សូមកុំឲ្យមានជនខិល ខូច មកបៀតបៀន ការរស់នៅរបស់សត្វទាំងនោះឲ្យសោះ តែបើមានអាជ្ញាធរនឹងមានវិធានការផ្លូវច្បាប់មិនខាន ៕