ភ្នំពេញ​ នា​រសៀល​ថ្ងៃ​ចន្ទ​ ៨​កើត​ ខែ​ក​ក្ដិក​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​០៤​ ខែតុលា​ ឆ្នាំ​២០១៩​នេះ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ​ បាន​អនុញ្ញាត​ឲ្យ​ឯកឧត្តម​គ្រី​ស្ទា​ន​ បែក​ហ្គឺ​ ឯកអគ្គរដ្ឋទូត​ទើប​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ចូល​ជួប​សម្តែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ នៅ​ទីស្តីការក្រសួង​មហា​ផ្ទ​។​ជា​កិច្ច​ចាប់ផ្ដើម​នៃ​ជំនួប​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​ថ្លែង​ស្វាគមន៍​ និង​សេចក្ដី​រីករាយ​ដែល​បាន​ជួប​ឯកឧត្តម​ជា​លើក​ទី​មួយ​ក្នុង​អាណត្តិ​ការទូត​របស់​ឯកឧត្តម​នៅ​កម្ពុជា​ ហើយ​សម្ដេច​ក៏​បាន​សម្ដែង​នូវ​ការ​ត្រៀមខ្លួន​ជា​និច្ច​ដើម្បី​ផ្ដល់​កិច្ចសហការ​រវាង​ប្រទេស​ទាំង​ពីរ​សំដៅ​ធ្វើ​យ៉ាងណា​លើកកម្ពស់​ទំនាក់ទំនង​កម្ពុជា​ និង​អា​ល្លឺ​ម៉​ង់​ និង​បន្ត​ថែរក្សា​នូវ​អ្វី​ដែល​ភាគី​ទាំង​ពីរ​បាន​សម្រេច​ជាមួយ​គ្នា​ជា​សមិទ្ធផល​នា​ពេល​កន្លង​មក​។

​សម្ដេច​ក្រឡាហោម​ បាន​មាន​ប្រសាសន៍​ទៀត​ថា​ ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​ស្ថាបន​ដែល​មាន​ភារកិច្ច​ទទួល​នូវ​ការងារ​ថែរក្សា​សន្តិសុខ​ក៏​មាន​ក្ដី​រីករាយ​ក្នុង​ការ​បន្ត​នូវ​ភារកិច្ច​ថែរក្សា​សន្តិសុខ​សុវត្ថិភាព​ដល់​បណ្ដា​មន្ត្រី​ស្ថានទូត​ក្នុង​អាណត្តិ​ការងារ​ឲ្យ​ប្រកបដោយ​សុវត្ថិភាព​ និង​ទទួល​បាន​ជោគជ័យ​ក្នុង​បេសកកម្ម​។​សម្ដេច​ក៏​បាន​ជំរាប​ជូន​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​អា​ល្លឺ​ម៉​ង់​ដែរ​ថាស​ម្ដេច​ក៏​បាន​ជ្រាប​អំពី​ខ្លឹមសារ​ដ៏​ប្រពៃ​របស់​ឯកឧត្តម​ដែល​បាន​លើក​ឡើង​ជាមួយ​សម្ដេច​តេ​ជោ​នៅ​ក្នុង​ជំនួប​សម្ដែង​ការ​គួរសម​ដែល​ក្នុង​នោះ​ឃើញ​ថា​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​បាន​ប្ដេជ្ញា​បន្ត​ជួយ​គាំទ្រ​បន្ថែម​ទៀត​ទៅ​ដល់​ដំណើរការ​នៃ​កំណែទម្រង់​វិមជ្ឈការ​ និង​វិ​សហ​មជ្ឈការ​របស់​កម្ពុជា​ដែល​នេះ​ត្រូវ​បាន​សម្ដេច​ចាត់ទុកជា​ព័ត៌មាន​មួយ​ដ៏​រីករាយ​សម្រាប់​កម្ពុជា​ និង​សម្ដេច​ផ្ទាល់​ដែល​ជា​អ្នកដឹកនាំ​នូវ​កិច្ច​ការងារ​នេះ​។​

សម្ដេច​ក៏​បាន​បញ្ជាក់​អំពី​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ធ្វើ​យ៉ាងណា​ខិតខំ​ពង្រឹង​កិច្ចសហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំង​ក្នុង​រាជរដ្ឋាភិបាល​ និង​ដៃគូ​ពាក់ព័ន្ធ​ដទៃ​ទៀត​ ដើម្បី​ជំរុញ​ឲ្យ​ដំណើរការ​កំណែទម្រង់​វិមជ្ឈការ​ វិ​សហ​មជ្ឈការ​នេះ​មាន​វឌ្ឍនភាព​ទៅ​មុខ​ ហើយ​បើ​ទោះបីជា​ជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួន​លើ​កិច្ចការ​កំណែទម្រង់​នេះ​ ក៏​រាជរដ្ឋាភិបាល​ខិតខំ​ធ្វើ​យ៉ាងណា​ស្វែងរក​ដំណោះស្រាយ​ដើម្បី​ឲ្យ​មានការ​វិវឌ្ឍន៍​រីក​ចំរើន​លើ​ការងារ​នេះ​។​សម្ដេច​ក៏​បាន​ជរាប​ជូន​ឯកឧត្តម​ឯកអគ្គ​រដ្ឋ​ទុ​ត​អា​ល្លឺ​ម៉​ង់​អំពី​ដំណើរការ​កំណែទម្រង់​វិមជ្ឈការ​ និង​វិ​សហ​មជ្ឈការ​ ដោយ​កន្លង​មក​ រាជរដ្ឋាភិបាល​បាន​កំណត់​យក​ខេត្តបាត់ដំបង​ជា​ខេត្ត​គំរូ​មួយ​ក្នុង​ការ​ផ្ទេរ​មុខងារ​ អប់រំ​ សុខាភិ បាល​ ពី​ថ្នាក់​ជាតិ​ទៅ​ឲ្យ​រដ្ឋបាល​ខេត្តបាត់ដំបង​ ហើយ​ជោគជ័យ​នេះ​ នឹង​ក្លាយទៅជា​គំរូ​មួយ​ដ៏​មាន​ឥ​ត្ធិ​ពល​សម្រាប់​យើង​បន្ត​នូវ​កំណែទម្រង់រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នេះ​ទៅ​កាន់​បណ្ដា​ខេត្ត​ជា​បន្តបន្ទាប់​ទៀត​។​

ជា​ការ​ឆ្លើយ​តប​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​អា​ល្លឺ​ម៉​ង់​ បាន​សម្ដែង​សេចក្ដី​ថ្លែងអំណរគុណ​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ដែល​បាន​ផ្ដល់​ព័ត៌មាន​អំពី​បច្ចុប្បន្នភាព​នៃ​ដំណើ​ការ​កែទម្រង់​វិមជ្ឈការ​ និង​វិ​សហ​មជ្ឈការ​របស់​កម្ពុជា​ ហើយ​ឯកឧត្តម​ក៏​បាន​សម្ដែង​នូវ​ក្ដី​រីករាយ​ចំពោះ​ល្បឿន​នៃ​កំណែទម្រង់​នេះ​របស់​សម្ដេច​ ជា​ពិសេស​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​ និង​គណៈប្រតិភូ​ក្រសួង​ទៅ​កាន់​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​។​

ឯកឧត្តម​គ្រី​ស្ទា​ន​ បែក​ហ្គឺ​ ក៏​បាន​ជំរាប​ជូន​សម្ដេច​ក្រឡាហោម​ដែរ​ថា​សម្រាប់​ភាគី​អា​ល្លឺ​ម៉​ង់​ គឺ​អា​ល្លឺ​ម៉​ង់​មាន​ទីភ្នាក់ ងារ​GIZ​នៅ​កម្ពុជា​ដែល​ធ្វើ​ការងារ​គាំទ្រ​លើ​វិស័យ​កំណែទម្រង់​វិមជ្ឈការ​ និង​វិ​សហ​មជ្ឈការ​នេះ​ ហើយ​ឯកឧត្តម​សូម​ស្នើ​ក្រសួងមហាផ្ទៃ​ និង​ផ្នែក​ពាក់ព័ន្ធ​ធ្វើ​យ៉ាងណា​បន្ត​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​GIZ​នេះ​បន្ថែម​ទៀត​ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​អ្វី​ដែល​ជា​ទិស​ដៅ​នៃ​កំណែទម្រង់​នេះ​។

​ឯកឧត្តម​បាន​បន្ត​ជំរាប​ជូន​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ពី​ការ​មើលឃើញ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សម្ដេច​ក្រឡា ហោម​ ស​ ខេ​ង​ និង​ក្រសួងមហាផ្ទៃ​ផ្ទាល់​នៅ​ក្នុង​ការងារ​កំណែទម្រង់​វិមជ្ឈការ​ និង​វិ​សហ​មជ្ឈការ​ ហើយ​ឯកឧត្តម​បាន​សង្កត់ធ្ងន់​ថា​ក្រសួងមហាផ្ទៃ​ និង​រាជរដ្ឋាភិបាល​កម្ពុជា​មិន​ត្រឹមតែ​ខិតខំ​អនុវត្ត​នូវ​គោលនយោបាយ​នោះ​ទេ​ ប៉ុន្តែ​បាន​ខិតខំ​ផ្សព្វផ្សាយ​ដើម្បី​ឲ្យ​សាធារណជន​ទាំងមូល​បានដឹង​ពី​អត្ថប្រយោជន៍​នៃ​កំណែទម្រង់​នេះ​ ហើយ​បាន​ចូលរួម​ក្នុង​ដំណើរការ​កែទម្រង់​នេះ​។

​ពាក់ព័ន្ធ​នឹង​ដំណើរ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​សម្ដែង​នូវ​ការ​ថ្លែងអំណរគុណ​ និង​ដោយ​ក្ដី​រីករាយ​ចំពោះ​ភាគី​អា​ល្លឺ​ម៉​ង់​ដែល​បាន​រៀបចំ​នូវ​កម្មវិធី​ទស្សនកិច្ច​ប្រកបដោយ​ការ​គិតគូ​គ្រប់​ជ្រុងជ្រោយ​ ដោយ​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​សម្ដេច​បាន​ជួប​តាំងពី​រដ្ឋបាល​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​ក្រោម​ជាតិ​ដែល​ធ្វើ​ឲ្យ​គណៈប្រតិភូ​អន្តរក្រសួង​របស់​កម្ពុជា​មានការ​យល់​ដឹង​កាន់តែ​ច្រើន​អំពី​ប្រព័ន្ធ​នៃ​រដ្ឋបាល​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត​។​

សម្ដេច​បាន​មាន​ប្រសាសន៍​ថា​ទោះបីជា​នៅ​ក្នុង​ដំណាក់កាល​ខ្លី​ខាង​មុខ​កម្ពុជា​មិន​អាច​សម្រេច​បាន​ទាង​ស្រុង​ដូច​អ្វី​ដែល​សាធារណរដ្ឋ​អា​ល្លឺ​ម៉​ង់​កំពុង​មាន​នា​ពេល​បច្ចុប្បន្ន​នេះ​ ក៏​ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​តែ​មានការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ខិតខំ​ឲ្យ​អស់ពី​លទ្ធភាព​ និង​គៀងគរ​ការ​គាំទ្រ​ពី​ភាគី​ពាក់ព័ន្ធ​ដើម្បី​អនុវត្ត​នូវ​គោលនយោបាយ​កំណែទម្រង់​វិមជ្ឈការ​ និង​វិ​សហ​មជ្ឈការ​នេះ​ឲ្យ​ទ​ទួ​ឡ​បាន​នូវ​ជោគជ័យ​។​ ​

ឯកឧត្តម​ក៏​បាន​សម្ដែង​ក្ដី​សង្ឃឹម​ជឿជាក់​ដែរ​ថា​តាម​រយៈ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​ក្រឡា​ហោ​ ស​ ខេ​ង​ នឹង​រួមចំណែក​យ៉ាង​សំខាន់​ដល់​កម្ពុជា​នៅ​ក្នុង​ការ​បន្តការងារ​កំណែទម្រង់​វិមជ្ឈការ​ និង​វិ​សហ​មជ្ឈការ​នេះ​ ហើយ​ឯកឧត្តម​ក៏​រីករាយ​ដែរ​ដែល​មុន​នឹង​មក​ទទួល​ការ​តែងតាំង​ និង​ថ្វាយ​សារតាំង​ ឯកឧត្តម​បាន​ទទួល​ដំណឹង​ថាស​ម្ដេច​បាន​ដឹកនាំ​គណៈប្រតិភូ​ង​ន្ត​រ​អ​ក្រសួង​បំពេញ​ទស្សនកិច្ច​នៅ​អា​ល្លឺ​ម៉​ង់​ ដែល​ពិតជា​បាន​បង្ហាញ​ឲ្យ​ឃើញ​អំពី​សក​ក្ដា​នុ​ពល​នៃ​កិច្ច​សហប្រតិបត្តិការ​ និង​ពង្រីក​បន្ថែម​ទៀត​នូ​វិស័យ​ដែល​បំរើ​ឲ្យ​ផលប្រយោជន៍​រវាង​ជាតិ​ និង​ប្រជាជន​ប្រទេស​ទាំង​ពីរ​ កម្ពុជា​ និង​អា​ល្លឺ​ម៉​ង់​៕