ភ្នំពេញ ៖ រថយន្តកុងតៃន័រ មួយគ្រឿង បើកបោះពួយល្បឿនលឿន បួងចង្កូតមិនទាន់ជ្រុលបុកចូលផ្ទះជាងក្រឡឹង បណ្តាលឲ្យរងខូចខាតសម្ភារៈមួយចំនួន សំណាងល្អស្ត្រី៣នាក់ម៉ែកូន រត់គេចទាំងព្រលឹងចុងសក់ ចំណែកផ្ទះពេទ្យធ្មេញ និងផ្ទះជាងកាត់សក់ អមសងខាងនោះ ខូចខាតបន្តិចបន្តួច បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមផ្លូវចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។រថយន្តបង្ក ជាប្រភេទ ក្បាលអូសកុងតៃន័រ ពណ៌បៃតង ពាក់ស្លាកលេខ ព្រះសីហនុ 3A-1221 បើកបរដោយយុវជនម្នាក់ ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍វិញ បានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កបើកបរល្បឿនលឿន ពីកើតទៅ លិច ដល់ចំណុចខាងលើ បួងចង្កូតបំណង់ចូលទៅផ្លូវ បុរីផុន ស៊ុយ តែល្បឿននៃរថយន្តលឿនពេក ទើបយកចង្កូតមិនទាន់ ជ្រុលបុកចូលដល់ក្នុងផ្ទះប្រជាពលរដ្ឋតែម្តង សំណាងល្អគ្មានអ្នករងរបួស ។

ក្រោយកើតហេតុ ភាគីខាងតំណាងក្រុមហ៊ុនរថយន្តបង្ក ចេញមុខមកសម្របសម្រួល ដោយចេញសងរាល់ការខូច ខាត សម្ភារៈ និងជួសជុលជញ្ជាំង សំយ៉ាបផ្ទះ ទាំងផ្ទះជាងក្រឡឹង ផ្ទះពេទ្យធ្មេញ និងផ្ទះកាត់សក់ ក្រោមការឯក ភាពគ្នាជាមួយភាគីម្ចាស់ផ្ទះ ៕