កណ្តាល៖ ត្រពាំងចង្រ្កានដែលធ្លាប់តែស្តុកទឹកនិងបណ្តោះទឹកកំឲ្យជន់លិចភូមិនៅរដូវវស្សាពេលមេឃភ្លៀងមកម្តងៗ លុះសព្វថ្ងៃតម្លៃដីហក់ឡើងខ្ពស់កប់ពពកផងនោះ ទើបធ្វើឲ្យជនខិលខូចមួយក្តាប់តូចឆ្លៀតឱកាសចាក់អាចម៍ដីលប់ប្រព័ន្ធបង្ហូរទឹក និងអាងស្តុកទឹកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនទាំងកំរោល។ត្រពាំងស្តុកទឹកមួយនេះស្ថតនៅក្នុងភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ប្រភពពីពលរដ្ឋបានលួចបង្ហើបប្រាប់អោយដឹងថា ថៅកែហាងខារាអូខេផឹកស៊ីមួយនេះបានលុបត្រពាំងរួមភូមិនឹងលុប ប្រព័ន្ធលូបង្ហូរទឹកចូលក្នុងត្រពាំងស្តុកទឹកប្រើប្រាស់ក្នុងភូមិ ហើយទឹកដែលហូរចេញពីក្នុងភូមិ នៅពេលមានភ្លៀងធ្លាក់មកម្តងៗ គឺបុកមកតែម្តុំនេះខ្លាំងជាងគេ។លុះសព្វថ្ងៃនេះម្ចាស់ហាងដែលមានយីហោ ខារ៉ាអូខេ រីករាយចុងភូមិមាស ព្រមទាំងមានគ្រឿងចក្រផងនោះបានបញ្ជាកូនចៅរបស់ខ្លួនដឹកអាចម៍មកលប់អាងស្តុកទឹក ក្នុងគោលបំណងយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ទាំងដឹងថាជាសម្បត្តិ៍សាធារណៈ។
ប្រភពដដែរបានបន្តទៀតថា ការចាក់លប់ត្រពាំងនេះគឺមិនមានការឯកភាពពីពលរដ្ឋឡើង សង្ស័យតែអាងខ្នងឱពុកក្មេកជាមេភូមិស្វាយមាសហើយមើលទៅ បានជាលប់ត្រពាំងសាធារណៈដោយអត់មានការស្ទាក់ស្ទើរអ្វីទាំងអស់។
ចំពោះការចាក់លប់ និងដឹកជញ្ជូនទាំងនេះឃើញថាទាំងថ្ងៃទាំងយប់តែម្តង ដើម្បីចាក់បំពេញត្រពាំងមួយនេះ និងមិនឃើញមានអាជ្ញាធរឬមន្ត្រីជំនាញពាក់ព័ន្ធណាម្នាក់ចេញមកឃាត់គ្រឿងចក្រឡើយ ប្រហែលជាត្រូវដងត្រូវផ្លែគ្នា លក្ខណៈជាប្រព័ន្ធឬស៊ីតាមជំនាញហើយ ទើបអត់មានវិធានការទប់ស្កាត់បែបនេះ។
ពាក់ព័ន្ធនិងការលើកឡើងខាងលើកម្ចាស់ហាងខារ៉ាអូខេរីករាយចុងភូមិមាសបាននិយាយថា ការសាងសង់ធ្វើកញ្ចុះនិងលប់ត្រពាំងនេះគឺអជ្ញាធរអនុញ្ញាតឲ្យធ្វើ។ប៉ុន្តែលោក ម៉េង ឈាងហេង មេឃុំវិហារសួគ៌បានឲ្យដឹងថា រាល់បញ្ហាចាក់លប់ត្រពាំងចង្រ្កានឬធ្វើកញ្ចុះនេះបានរាយការណ៍ទៅសូរិយោដីស្រុកខ្សាច់កណ្តាលដើម្បីមានវិធានការទប់ស្កាត់។ចំពោះលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ដីត្រពាំងចង្រ្កាននេះបានដាក់កម្លាំងចុះធ្វើការឃាត់គ្រឿងចក្រម្តងហើយ បើសិននៅតែបំពានទៀត និងមានវិធានការក្តៅហើយ៕