(ត្បូងឃ្មុំ)៖ ប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងយ៉ាងម៉ឺងម៉ាត់ថា កម្លាំងកងរាជអាវុហត្ថទូទាំងខេត្ត ត្រៀមខ្លួនរួចរាល់ទទួលបញ្ជា ទប់ស្កាត់និងបង្ក្រាបក្រុមក្បត់ជាតិ ដែលចង់បំផ្លាញសន្តិភាពនៅកម្ពុជា គឺរង់ចាំស្វាគមន៍ដោយចាប់វាយខ្នោះ និងរៀបចំបន្ទប់ពន្ធនាគារទទួល ឲ្យតែហ៊ានឈានជើងចូលទឹកដីខេត្តត្បូងឃ្មុំ។

ថ្លែងលើកឡើងយ៉ាងមុតស្រួចបែបននេះ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងឪកាសឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ អមដំណើរដោយ អភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្តនិងមន្ទីរជុំវិញខេត្ត អញ្ជើញចុះជួបសំណេះសំណាល ចែកជូនស្បៀងអាហារ និងថវិការដល់កងកម្លាំងកងរាជអាវុធហត្ថខេត្តចំនួនជិត២០០នាក់ ក្នុងម្នាក់៥មុឺនរៀល នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ។

ដែល២ថ្ងៃកន្លងមក លោក ក៍បានជួបសំណេះសំណាលកងទ័ពជាង៧០០នាក់ និងកម្លាំងនគរបាលជាង៦០០នាក់ ដោយឧបត្ថម្ភជាស្បៀង និងថវិការផ្ទាល់ខ្លួនរបស់លោក ក្នុងម្នាក់៥ម៉ឺនរៀល ដូចៗគ្នាផងដែរ។

ការចុះសំណេះសំណាល និងផ្តល់ការលើកទឹកចិត្តដោយផ្ទាល់នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ គឺបានបង្ហាញពីភាពស្និទ្ធស្នាល យកចិត្តទុកដាក់ និងលើកទឹកចិត្ត ចំពោះកងកម្លាំងប្រដាប់អាវុធ ក្នុងការការពារសុខសុវត្ថិភាពជូនប្រទេសជាតិ ដោយដាក់បទបញ្ជាឲ្យកងកម្លាំង ត្រៀមខ្លួនជាស្រេចទប់ស្កាត់ និងបង្ក្រាបរាល់គ្រប់សកម្មភាពទាំងឡាយណា ដែលចង់ឲ្យកម្ពុជាធ្លាក់ចូលភ្លើងសង្គ្រាមជាថ្មី ដើម្បី ការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងពលរដ្ឋខ្មែរទូទាំងប្រទេស។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងប្រកាសជាថ្មីទៀតថា ជាមួយនឹងការប្រកាសវិលចូលស្រុក បង្ករចលាចលរបស់ ទណ្ឌិត សម រង្ស៊ីនេះ និងបក្ខពួក ពិសេសចូលមកតាមច្រកព្រំដែនខេត្តត្បូងឃ្មុំ រដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ និងប្រជាជនទូទាំងខេត្ត គឺនៅស្វាគមន៍ដោយចាប់វាយខ្នោះ និងរៀបចំបន្ទប់ពន្ធនាគាររង់ចាំទទួល ។

ក្រោមជំហររឹងមាំ និងស្មារតីយ៉ាងម៉ុះមុត ក្នុងនាមមេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ បានប្តេជ្ញាអនុវត្តន៍តាមបទបញ្ជាររបស់រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំខេត្ត ធានាឲ្យបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងទប់ស្កាត់ បង្រ្កាបឱ្យបានរាល់សកម្មភាពទាំងឡាយណា ដែលប៉ុនប៉ងប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោត ដូចជនក្បត់ជាតិ ទណ្ឌិត សម រង្សុី និងបក្ខពួក កំពុងបង្កចលាចលវឹកវរដល់ស្ថេរភាពសង្គមជាតិម្តងហើយម្តងទៀតនោះ៕