ភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ អាជ្ញាធរសង្កាត់ចោមចៅ៣ ចុះទៅឃាត់ខ្លួនបាន រួមជាមួយសម្ភារៈជក់មួយចំនួនទៀត ខណៈដែលកំពុងសេពគ្រឿងញៀន កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យទាំង៤នាក់ ឃាត់ខ្លួនបាន ទី១ ឈ្មោះ សុង សីហា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ។ ទី២ ឈ្មោះ ហុឹម យ៉ាងកឺ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ។ ទី៣ ឈ្មោះ ព្រឿន ស្រីណុច ភេទស្រី អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ។ ទី៤ ឈ្មោះ អួត ស្រីនិច ភេទស្រី អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ។ ជនសង្ស័យទាំង៤នាក់ស្នាក់នៅកន្លែងកើតហេតុ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ រាល់យប់ថ្ងៃ តែងតែផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន បង្កអសន្តិ សុខក្នុងមូលដ្ឋាន ទើបនៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលប៉ុស្តិ៍ និងអាជ្ញាធរសង្កាត់ ចុះ ទៅបង្ក្រាបចាប់ឃាត់ខ្លួន ជាក់ស្តែង ខណៈដែលក្រុមជនសង្ស័យប្រុសស្រីកំពុងផ្តុំគ្នាជក់ថ្នាំញៀន ដកហូតបានសម្ភារៈពាក់ព័ន្ធ ឧបករណ៍ជក់មួយចំនួនទៀត រួចនាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕