នារសៀលថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ឧបនាយករដ្ឋមន្ត្រី រួមជាមួយអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីមន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរ ចុះពិនិត្យការដ្ឋានជួលជុល ពង្រីកបន្ថែម និងសាងសង់ផ្លូវថ្មីសរុប ៣៤ខ្សែ ដែលកំពុងត្រូវបានបើកដំណើរការដែលគ្រោងប្រកាសបើកស្ថាបនាសាងសង់នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឲ្យក្រុមហ៊ុនស្ថាបនាសាងសង់ចូលតាមគោលដៅនីមួយៗក្នុងខេត្ដព្រះសីហនុ។

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់ មានប្រសាសន៍ថា ដើម្បីរៀបចំស្ដារហេដ្ឋរចនាសម្ព័ន្ធក្រុង ខេត្ដ ពិសេសប្រព័ន្ធគមនាគមន៍ (ផ្លូវ) ឲ្យល្អប្រសើរឡើងវិញ បន្ទាប់ពីរងការខូចខាតធ្ងន់ធ្ងររយៈកាលកន្លងទៅនេះ។

ក្រោមការយកចិត្ដទុកដាក់ពីប្រមុខដឹកនាំរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុមត្ដ័កញ្ចប់ថវិកាពិសេសសម្រាប់ការស្ដារហេដ្ឋារចនាសម្ព័ន្ធខេត្ដព្រះសីហនុនេះ។ ក្នុងចំណោមផ្លូវទាំង ៣៤ខ្សែ ដែលត្រូវជួលជុល និងសាងសង់បន្ថែមនោះ គឺរដ្ឋបាលខេត្ដបានរៀបចំផ្លូវអាទិភាពចំ នួន ២៤ខ្សែ ក្នុងចំណោម៣៤ខ្សែរ។ ផ្លូវទាំង ៣៤ខ្សែ មានប្រវែងជាង ៧៤គីឡូម៉ែត្រ ត្រូវបានក្រុមហ៊ុន និងអង្គភាពចំនួន ០៧និងគ្រោងប្រើពេលវេលាប្រហែល៨ខែ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ មានប្រសាសន៍ថា (មានផ្លូវ គឺមានសង្ឃឹម) ការធ្វើដំណើរមានភាពងាយស្រួល កាត់បន្ថយពេលវេលា និងចំណេញថវិកាដល់ប្រជាពលរដ្ឋ។

ខេត្ដព្រះសីហនុ រយៈពេលពីរ បីឆ្នាំនេះ មានការអភិវឌ្ឍឡើងយ៉ាងកំហុក ដែលបានធ្វើឲ្យខេត្ដមានការប្រែមុខមាត់ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់តែម្ដងរងការខូចខាតស្ទើរទាំងស្រុង ដែលទាមទារឲ្យមានការជួលជុលកែលម្អឡើងវិញ ពង្រីកបន្ថែម និងសាងសង់ផ្លូវបន្ថែម ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បញ្ចៀសការកកស្ទះចរាចរណ៍។

ឯកឧត្ដម ស្នើសុំឲ្យក្រុមការងារបច្ចេកទេស ត្រូវចុះពិនិត្យមើលស្ថានភាពផ្លូវសំខាន់ៗក្នុងក្រុងហើយត្រូវកំណត់និយាមការតាមប្លង់ប្រព័ន្ធ ស្របតាមគំរូប្លង់មេរបស់គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា ដើម្បីរៀបចំផែនការធ្វើការជួសជុលកែលម្អល្អឡើងវិញ។សូមបញ្ជាក់ថា ដោយសារការអភិវឌ្ឍរយៈពេល ៣ឆ្នាំចុងក្រោយនេះធ្វើឲ្យផ្លូវថ្នល់រង ការខូចខាតយ៉ាងច្រើន ដោយសារការដឹកជញ្ជូន។រាជរដ្ឋាភិបាលបានបញ្ចេញថវិកា ធ្វើការជួសជុលកែលម្អ ពង្រីកបន្ថែម សរុបចំនួន ៣៤ខ្សែ។