ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់ម្ចាស់ស្តង់លក់ទំនិញ ម្ចាស់ទីតាំងប្រគំតន្រ្តី អ្នកលក់ដូរ បងប្អូនប្រជាពលរដ្ឋជាកីឡាករប្រណាំងទូក និងអ្នកមកលេងកម្សាន្តនៅក្នុង តំបន់កម្សាន្តព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឱ្យបានជ្រាបថា ដើម្បីចូលរួម ថែរក្សាសណ្តាប់ធ្នាប់ សោភណភាព អនាម័យ និងបរិស្ថានរាជធានីភ្នំពេញឱ្យបានល្អប្រសើរ។

រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់បងប្អូនជាម្ចាស់ស្តង់លក់ទំនិញ ម្ចាស់ទីតាំងប្រគំតន្ត្រី និង អ្នកលក់ដូរទាំងអស់ ត្រូវមានធុងសំរាម ឬថង់សម្រាប់ទុកដាក់សំរាមផ្ទាល់ខ្លួនឱ្យបានត្រឹមត្រូវ។
ដោយឡែកចំពោះបងប្អូនដែលជាកីឡាករប្រណាំងទូក និងប្រជាពលរដ្ឋដែលមកលេង កម្សាន្តទាំងអស់ ក៏សូមមេត្តាជួយថែរក្សាអនាម័យ ដោយត្រូវវេចខ្ចប់ និងទុកដាក់សំរាមនៅក្នុងធុងសំរាម ឬកញ្ចេរសំរាមឱ្យបានត្រឹមត្រូវផងដែរ។

អាស្រ័យហេតុនេះ សូមបងប្អូនជាម្ចាស់ស្តង់លក់ទំនិញ ម្ចាស់ទីតាំងប្រគំតន្រ្តី អ្នកលក់ដូរកីឡាករទូក និងប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប និងចូលរួមចំណែកក្នុងការថែរក្សាសណ្តាប់ធ្នាប់សោភណភាព អនាម័យ និងបរិស្ថានរាជធានីភ្នំពេញយើងឱ្យបានល្អប្រសើរគ្រប់ៗគ្នា៕