ភ្នំពេញ៖ មន្ទីរសាធារណៈការរាជធានីភ្នំពេញ បានបន្តចុះរៀបចំនិងបាញ់ទឹកសម្អាត សណ្តាប់ធ្នាប់អនាម័យសាធារណៈក្នុងមូលដ្ឋាន ខណ្ឌដូនពេញដោយផ្តោតសំខាន់លើកផ្លូវសំខាន់ៗរួមមាន តិរិវិថី ព្រះសីសុវត្ថិ និងសួនច្បារមាត់ទន្លេ ជាគោលកាណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ។

ជាក់ស្តែងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៩ និង០០នាទី នេះ មន្ទីរសាធារណៈការរាជធានីភ្នំពេញ ធ្វើការបូមទឹកបាញ់លាងសម្អាតតាមសួនច្បារមុខព្រះបរមរាជវាំង-ច្រាំងទន្លេ ចាប់ពីសាលមហោស្រប ចតុមុខ ដល់ផ្សារាត្រី ដើម្បីឲ្យមានបរិស្ថានអនាម័យល្អ ជូនបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត និងសម្រាប់ត្រៀមកម្មវិធីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

ចំពោះការងារបរិស្ថាន អនាម័យ និងសោភ័ណភាពទីក្រុង វិញ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់ម្ចាស់ស្តង់លក់ទំនិញ ម្ចាស់ទីតាំងប្រគំតន្រ្តី អ្នកលក់ដូរ បងប្អូនប្រជាពលរដ្ឋជាកីឡាករប្រណាំងទូក និងអ្នកមកលេងកម្សាន្តនៅក្នុងតំបន់កម្សាន្តព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឱ្យបានជ្រាបថា ដើម្បីចូលរួមថែរក្សាសណ្តាប់ធ្នាប់ សោភណភាព អនាម័យ និងបរិស្ថានរាជធានីភ្នំពេញឱ្យបានល្អប្រសើររដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់បងប្អូនជាម្ចាស់ស្តង់លក់ទំនិញ ម្ចាស់ទីតាំងប្រគំតន្ត្រីនិងអ្នកលក់ដូរទាំងអស់ ត្រូវមានធុងសំរាម ឬថង់សម្រាប់ទុកដាក់សំរាមផ្ទាល់ខ្លួនឱ្យបានត្រឹមត្រូវ។

ដោយឡែក ចំពោះបងប្អូនដែលជាកីឡាករប្រណាំងទូក និងប្រជាពលរដ្ឋដែលមកលេងកម្សាន្តទាំងអស់ ក៏សូមមេត្តាជួយថែរក្សាអនាម័យ ដោយត្រូវវេចខ្ចប់ និងទុកដាក់សំរាមនៅក្នុងធុងសំរាម ឬកញ្ចោរសំរាមឱ្យបានត្រឹមត្រូវផងដែរ៕