កំពង់ចាម ÷ កងកម្លាំងប្រដាប់អាវុធយើង បានត្រៀមរួចជាស្រេច ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យនាពេលខាងមុខនេះ ” ។ នេះជាការថ្លែង របស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី ៦ ខែវិច្ឆិកាឆ្នាំ ២០១៩ ខណៈអញ្ជើញចុះត្រួតពិនិត្យ កងកម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការដ្ឋានកង រាជអាវុធហត្ថ ខេត្តកំពង់ចាម ។

លោកអភិបាលខេត្តបានថ្លែងបន្តថា ប្រសិនបើការវិលត្រឡប់ របស់ទណ្ឌិតសម រង្ស៊ី នៅថ្ងៃទី ៩ ខែវិច្ឆិកា ខាងមុខនេះ ពិតមែន គឺខុសគ្នា កាលពីការវើត្រឡប់នៅឆ្នាំ ២០១៣ ព្រោះកាលនោះមានការលើកលែងទោស ពីរអង្គព្រះមហាក្សត្រ ដូច្នេះយើងហៅថា ការវិលត្រឡប់ដោយស្របច្បាប់ ដែលប្រជាពលរដ្ឋអ្នកគាំទ្រអាចទៅទទួលបាន ។

ប៉ុន្តែប្រសិនបើការវិលត្រឡប់ របស់ទណ្ឌិតសម រង្ស៊ី នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខនេះ គឺការវិលត្រឡប់ស្ពាយទោស ជាប់ខ្លួនមកជាមួយ ដូច្នេះគាត់ត្រូវ ប្រឈមមុខ ដោះស្រាយផ្លូវច្បាប់ ហើយកម្លាំងប្រដាប់អាវុធយើង ត្រូវតែអនុវត្តច្បាប់ ។ទោះបីទណ្ឌិតសម រង្ស៊ីវិលមកឬមិនមកក៏ជីវិតនយោបាយរបស់ទណ្ឌិតត្រូវបានបញ្ចប់ផងដែរ។

ម្យ៉ាងទៀតទន្ទឹមនឹងនោះដែរ ទណ្ឌិតសម រង្ស៊ី បានបង្កើតរឿងថ្មីពីរទៀត ពោលគឺឆ្លងហួសបន្ទាត់ក្រហម ទី១ គឺគាត់បានបំផុសកងកម្លាំង ប្រដាប់អាវុធ ឱ្យផ្ដាច់ខ្លួន ពីរដ្ឋាភិបាលទៅចូលរួមជា មួយគាត់ដើម្បីផ្ដួលរំលំរដ្ឋាភិបាលវិញ នោះជាអំពើខុសច្បាប់ ចំណុចទី ២ គឺគាត់បានប្រមាថ អង្គព្រះមហាក្សត្រថា ជាអាយ៉ង និងប្រើពាក្យ ឱ្យព្រះមហាក្សត្រដាក់រាជ្យ ដូច្នេះអំពើទាំងនោះដែលទណ្ឌិត សម រង្ស៊ី បានធ្វើគឺជាកំហុសខុសឆ្គង ដែលមិនអាចអត់ឱនឲ្យបាន នឹងត្រូវអនុវត្តច្បាប់ តបតទៅវិញ ។ ដោយឡែកចំពោះសកម្មជន ដែលបានចូលរួមជាមួយគាត់ ត្រូវជាប់ចោទពីបទចូលរួមគំនិតក្បត់ ដែលកម្លាំងសមត្ថកិច្ចយើង ត្រូវតែធ្វើការទប់ស្កាត់ផងដែរ ៕