ភ្នំពេញ៖ រថយន្តដឹកភេសជ្ជៈកូការកូឡាបើកឡើងខឿនក្រឡាប់ចាក់ទឹកក្រូចចោលពេញផ្លូវ កាលពីវេលាម៉ោង៤និង១០នាទីទាបភ្លឺ ថ្ងៃព្រហស្បតិ៍ ទី៧ ខែ វិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីរថយន្តក្រឡាប់ផ្ងារជើងយ៉ាងច្រងាងនៅលើផ្លូវវិមានឈ្នះៗ(ទំនប់កប់ស្រូវ) ស្ថិតក្នុង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសំដីអ្នកបើកបរបានឲ្យដឹងថា មុនកើតហេតុ រូបគេបើករថយន្តដឹកទឹកក្រូចមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3E.4444 បានធ្វើដំណើរតាមបណ្ដោយផ្លូវវិមានឈ្នះៗ(ទំនប់កប់ស្រូវ) ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចផ្លូវកោង ងោកមួយភាំង បួងចង្កូតមិនទាន់ ក៏បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងឡើងច្រងាងតែម្ដង ធ្វើឲ្យរថយន្ត រងការខូចខាតយ៉ាងដំណំ និងភេសជ្ជៈមួយចំនួនរាយបាយពេញផ្លូរ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់​រងរបួសឡើយ។ ចំណែកអ្នកបើកបររថយន្តត្រូវសម្ថតិកិច្ចឃាត់ខ្លួនយកទៅសួរនាំនៅបុស្តិ៍។ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទាក់ទងទៅជំនាញចរាចរណ៍​ក្រុង ឲ្យមកធ្វើការវាស់វែងយក រថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍​ជើង​គោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី៕