ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំបើក រថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនបាន រ៉េចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់១ដើម រថយន្តរងការខូចខាតកល់ជាប់ទៅមុខលែងរួចតែសំណាងល្អមិនបង្ករឲ្យនរណាម្នាក់រងរបួសនោះទេ។ ហេតុការណ៏នេះកើតឡើងនៅ វេលាម៉ោង១១និង១០នាទីយប់ថ្ងៃពុធ ទី៦ ខែ វិឆ្ឆិកា ឆ្នាំ២០១៩។ ស្ថិតតាមបណ្ដោយផ្លូវ២៧១ ចំណុចខាងត្បូងប្រមាណ៧០ម៉ែត្រពីសាលា វិទ្យាល័យជាស៊ីម សាមគ្គី ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត លុច្សស៊ីសRX300 ពណ័ខ្មៅពាក់ស្លាកលេខភ្នំពេញ2K. 8865 ធ្វើដំណើរពីជើងទៅត្បូងបោះពួយក្នុងល្បឿនលឿនគួបផ្សំស្រវឹងស្រាជោកជាំផងនោះ ខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្តាំជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់១ដើមរថយន្តខូចខាតផ្នែកខាងមុខខាងស្ដាំយ៉ាងដំណំកល់ជាប់ទៅមុខលែងរួច តែសំណាងល្អមិនបង្កឲ្យ នណាម្នាក់រងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញវាស់វែងស្ទូចរថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោករងចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។