ជាច្រើនលើកមកហើយដែល លោកប្រធានក្រឡាស់សម្តីក្រោមហេតុផលដែលមិនគួរជឿ ឬតាមរបៀបកំប្លែង។ ប៉ុន្តែ ខ្ញុំក៏ដូចជាអ្នកគាំទ្រជាច្រើនទៀតនៅតែចិញ្ចឹមចិត្តគាំទ្រនិងបន្តចាំមើលក្រែងមានថ្ងៃណាមួយដែលពាក្យសន្យាបានក្លាយជាការពិត។ លើកនេះ ខ្ញុំខំតាមដាននិងដាក់ចិត្តជឿម្តងទៀតថា លោកប្រធាននឹងមកដល់កម្ពុជានៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៩ ។ លោកប្រធានអះអាងពីផែនការដ៏
ល្អិតល្អន់និងពីសេណារីយោជាច្រើនដែលត្រូវបានរៀបចំដើម្បីធ្វើយ៉ាងណាឲ្យលោក
ប្រធានមកដល់កម្ពុជានៅថ្ងៃទី ៩ វិច្ឆិកា។
ប៉ុន្តែ នៅល្ងាចថ្ងៃទី ៧ វិច្ឆិកា ពេលដែលខ្ញុំខំទន្ទឹងរង់ចាំដំណឹងល្អពីលោកប្រធានប្រកាស
តាមហ្វេសប៊ុក ខ្ញុំបែរជាធ្លាក់ថ្លើមក្តុកពីព្រោះអ្វីដែលលោកប្រធានប្រកាសប្រាប់អ្នកគាំទ្រនោះគឺ ការពន្យារពេលនៃការ
វិលត្រឡប់ដោយមូលហេតុ
សំបុត្រយន្តហោះដែលជាមូលហេតុរាក់កំភែល។
លោកប្រធានប្រហែលបានជ្រាបហើយថា ថៃមិនអនុញ្ញាត ឲ្យលោកប្រធានចូលទឹកដីរបស់គេទេ ដូច្នេះ បើគ្រាន់តែគិត
លេងៗ ក៏ខ្ញុំអាចយល់បានដោយ ងាយដែរថា លោកប្រធានមិនបាច់ខាតពេលទៅព្រលានយន្ត ហោះតាមជើងហោះហើរទៅកាន់ប្រទេសថៃនោះឡើយព្រោះពេលវេលាកាន់តែកៀកណាស់ទៅហើយ។ លោកប្រធានគួរតែប្តូររកច្រកថ្មីក្រៅពីក្រុមហ៊ុនថៃ និងក្រៅពីទិសដៅ ទៅចុះចតនៅលើទឹកដីថៃ។ ដូច្នេះ តើហេតុអ្វីបានជាលោក
ប្រធានចាំដល់ថ្ងៃ ៧ វិច្ឆិកា ទៅ ហើយទើបទៅព្រលានយន្ត ហោះតាមជើងហោះហើរទៅប្រទេសថៃទៀត? ម្យ៉ាងទៀត បើទោះជាអាជ្ញាធរថៃមិនឲ្យចូល ក៏ក្រុមហ៊ុនយន្តហោះនេះមិនគួរ ហាមឃាត់លោកប្រធានមិនឲ្យជិះយន្តហោះដែរពីព្រោះសំបុត្រ យន្តហោះបានទិញរួចទៅហើយនោះ?
រឿងឲ្យចូល មិនឲ្យចូលចាំទៅ ដល់ព្រលានដឹងហើយដូច
លោកស្រី មួរ សុខហួរ ធ្លាប់បានទៅម្តងហើយតែពេលទៅដល់បានគេហាមមិនឲ្យចូល។ ចុះ
ហេតុអីបានជាគេហាមលោក
ប្រធានតាំងពីដើមទី? ឬមួយលោកប្រធានមិនបានទិញ
សំបុត្រយន្តហោះដូចគេថាមែន?
បញ្ហាងាយៗមួយទៀតដែលគួរតែធ្វើបានតែលោកប្រធានមិនធ្វើ៖ គេអាចទិញសំបុត្រយន្តហោះពីក្រុមហ៊ុនអឺរ៉ុបដូចជា Air France ជាដើមហើយទៅចុះចតនៅប្រទេសផ្សេងក្រៅពីប្រទេសអាស៊ានមុននឹងបន្តដំណើរចូលកម្ពុជាព្រោះសព្វថ្ងៃនេះ មានជើងហោះហើរត្រង់ច្រើនណាស់ ឧទាហរណ៍ ពី
តៃវ៉ាន់ រឺ ពីកូរ៉េ រឺ ពីជប៉ុនមកភ្នំពេញ ។ ហេតុអ្វីលោកប្រធានមិនព្រមធ្វើ ហើយបែរជាចង់ទៅថៃដែលគេហាមឃាត់ទៅវិញ? ឬមួយលោកប្រធានមិនចង់មកដូចគេថាមែន?
រហូតដល់យប់ថ្ងៃទី ៧ វិច្ឆិកា ទៅហើយទើបលោកប្រធានចេញមកប្រកាសថា ពន្យារពេលទាំងកណ្តាលទីដែលធ្វើឲ្យខ្ញុំនិងអ្នកគាំទ្រជាច្រើនទៀតហួសចិត្តនិងខកចិត្តស្ទើរធ្លាក់ថ្លើមដល់ដីពីព្រោះលោក ហ៊ុន សែន ទើបតែនិយាយចំអកឲ្យលោកប្រធានកាលពីព្រឹកម្សិលមិញថា លោក ប្រធាននឹងប្រកាសពន្យារពេលដោយយកលេសថា មកពីគេមិនឲ្យចូលដីថៃ។ លុះល្ងាចឡើងស្រាប់តែលោកប្រធានប្រកាសដូច្នោះមែន? ហេតុអីក៏ជួនគ្នាម៉្លេះ? តើអ្នកណាមិនខ្មាស់គេ?
ម្យ៉ាងទៀត ពេលលោកប្រធានប្រកាសពន្យារពេលការធ្វើដំណើរ លោកស្រីមួរ សុខហួរ ឯណោះប្រកាសថា ផែនការ នៅដដែល។ ក្រែងលោកប្រធានអះអាងថា ក្រុមការងារទាក់ទងគ្នាគ្រប់ម៉ោង គ្រប់នាទីនោះអី? ហេតុអីក៏មិនយល់គ្នាបែបនេះ? ឬមួយលោកប្រធានជាមនុស្សអត្តនោម័តចូលចិត្តធ្វើអ្វីតែម្នាក់ឯងដូចគេថាមែន? ហើយចុះឯណាតំណាងរាស្ត្រអឺរ៉ុបតំណាងរាស្ត្រអាមេរិក ដែលលោកប្រធានថានឹងហែរហម លោកប្រធានមកកម្ពុជានោះ? ពួកគេនៅឯណាបានជាមិនឃើញម្នាក់សោះអ៊ីចឹង? ឬមួយលោកប្រធានបោកពួកខ្ញុំអ្នកគាំទ្រដូចគេថាមែន?
ឥឡូវនេះយប់ថ្ងៃទី ៨ វិច្ឆិកា ទៅហើយៗលោកប្រធានកំពុងតែនៅប្រទេសបារាំងនៅឡើយ ! តើធ្វើម៉េចអាចមក ដល់ស្រុកខ្មែរថ្ងៃទី ៩ វិច្ឆិកា បាន? ឬមួយលោកប្រធានបោក ឲ្យអ្នកគាំទ្រនិងសកម្មជនចូលមក ឲ្យអាជ្ញាធរចាប់ខ្លួនជំនួសលោក ប្រធានដូចគេថាមែន?
តាមរយៈសំណួរងាយៗទាំងអស់នេះ ខ្ញុំមានអារម្មណ៍ឆ្អែតចិត្តជាពន់ពេកនិងស្តាយចិត្តណាស់ដែលខំជឿលោកប្រធានជារៀង រហូតមក។ អ្វីដែលធ្វើឲ្យខ្ញុំខកចិត្តបំផុតនោះគឺ ស្ទីលរបស់លោក
ប្រធាននៅប្រើដដែលៗ គឺជាស្ទីលដែលគេបានដឹងមុននិងបានទាយទុកមុនស្ទើរគ្រប់គ្នាទៅហើយ តែលោកប្រធាននៅតែប្រើវាដដែល។
និយាយតាមត្រង់ ចុងក្រោយនេះ ខ្ញុំសង្កេតឃើញអ្វីដែលលោក
ប្រធានមានប្រសាសន៍ និងអ្វីដែលបានធ្វើ គឺប្រៀបដូចរឿងកំប្លែងតុក្កតា ឆ្មាកណ្តុរអ៊ីចឹង -Tom and Jerry – គឺទប់សំណើចមិនបាន។ ដូច្នេះ ខ្ញុំ
សូមលាហើយក្បួនភូត «ម៉ឺនឆ្នាំ» របស់លោកប្រធាន៕
សូមផ្ញើចម្រៀងមួយបទជូនលោកប្រធានស្តាប់កម្សាន្ត ។

ពី : អ្នកគាំទ្របក្សសង្គ្រោះជាតិម្នាក់នៅរាជធានី ភ្នំពេញ