(ភ្នំពេញ)៖ ការរៀបចំធ្វើម្ចាស់ផ្ទះលើកដំបូងនៃព្រឹត្តិការណ៍កីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ដ្រី លើកទី១៧ នៅកម្ពុជា បានទទួលការកោតសរសើរ ពីគណៈប្រតិភូ និងកីឡាករ-កីឡាការិនីអន្ដរជាតិ គឺជាព្រឹត្តិការណ៍មានការរៀបចំល្អជាងគេបំផុត ដែលពួកធ្លាប់ចូលរួមកន្លងមក។ នេះបើតាមការបញ្ជាក់របស់លោក សុខ សប្បាយណា អគ្គលេខាធិការសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ។

ឯកឧត្តម សុខ សប្បាយណា មានប្រយោជន៍ថា ស្របពេលព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ បានរៀបចំពិធីបិទការប្រកួត កាលពីចុងសប្តាហ៍កន្លងទៅ ក្រោយដំណើរការប្រកួតដ៏ស្វិតស្វាញរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៩-២៣ ខែវិច្ឆិកានៅពហុកីឡដ្ឋានជាតិ ខណៈដែលពិធីបិទ ព្រឹត្តិការណ៍នេះ បានធ្វើឡើងក្រោមវត្តមាន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក Claude Azema ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់ពិភពលោក រួមទាំងប្រតិភូចូលរួមទាំង ៤៩ប្រទេសផងដែរ។

ឯកឧត្តមអគ្គលេខាធិការបានបញ្ជាក់ថា ការដណ្ដើមបានមេដាយមាស ៤ជំនាន់ជាប់ៗគ្នា ដោយវីរកីឡាការិនី កែ ឡេង ស្របពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជាមោទនភាពដ៏ធំធេងមួយ សម្រាប់អ្នកស្រី សហព័ន្ធ និងប្រទេសជាតិទាំងមូល។ ប៉ុន្ដែទន្ទឹមជាមួយគ្នា ថ្នាក់ដឹកនាំសហព័ន្ធរឹតតែសប្បាយចិត្ត ក្រោយព្រឹត្តិការណ៍នេះ បានរៀបចំយ៉ាងរលូន និងជោគជ័យ ពិសេសការទទួលបានការសរសើររបស់ប្រតិភូ និងកីឡាករ-កីឡាការិនីចូលរួម គឺជាប្រទេសមានការរៀបចំល្អជាងគេបំផុតតែម្ដង ។

លោកថា «ក្រៅពីមានការទទួលស្គាល់ក្រុមកីឡាប៉េតង់កម្ពុជា គឺជាមហាអំណាចមួយក្នុងវិស័យប៉េតង់លើពិភពលោក ក៏មានគណៈប្រតិភូជាច្រើន បានកោតសរសើរ ចំពោះការរៀបចំ និងធ្វើជាម្ចាស់ផ្ទះលើកដំបូងរបស់កម្ពុជាផងដែរ ដោយពួកគាត់ បាននិយាយផ្ទាល់ប្រាប់ខ្ញុំថា នេះគឺជាលើកទី១ ហើយ ដែលពួកគេបានចូលរួមព្រឹត្តិការណ៍ពិភពលោកមានការរៀបចំល្អបែបនេះ ទាំងការស្នាក់នៅ ការហូបចុក ធ្វើដំណើរ និងការសម្របសម្រួលប្រកួតពីក្រុមយុវជនស្ម័គ្រចិត្តរបស់យើង គឺមានស្ដង់ដារអន្ដរជាតិ»។

គួរបញ្ជាក់ថា ចំពោះលទ្ធផលប្រកួតដ៏ស្វិតស្វាញរយៈពេល ៥ថ្ងៃ ដោយមាន ៤៩ប្រទេសចូលរួម គឺក្រុមអត្តពលិកថៃ បានឈរលេខ១ ដោយដណ្ដើមបានមេដាយមាស២ និងសំរឹទ្ធ១ ខណៈលេខ២ បានទៅសាធារណរដ្ឋបារាំង ឈ្នះមេដាយមាស១ និងសំរឹទ្ធ ២ និងលេខ ៣ គឺម្ចាស់ផ្ទះកម្ពុជា ឈ្នះមេដាយមាស១ និងសំរឹទ្ធ១ គ្រាដែលឡាវ ឈរលេខ៤ ឈ្នះមេដាយប្រាក់៣ និងម៉ូណាកូ ឈ្នះមេដាយប្រាក់១ ឈរលេខ៥។ ឯអត្តពលិកប្រទេសអេស្ប៉ាញ ម៉ាដាហ្គាស្កា មីយ៉ាន់ម៉ា និងចិន ក៏ដណ្ដើមបានមេដាយសំរឹទ្ធ១ ដូចៗគ្នាដែរ៕