បន្ទាយមានជ័យ៖ ក្នុងហេតុការពុលចំណីនៅមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ដែលជាកន្លែងអប់រំកែប្រែយុវជនផ្តាច់សារធាតុញៀនកាលពីពីរថ្ងៃមុនគិតមកដល់ថ្ងៃទី៣ធ្នូ២០១៩នេះមានជនរងគ្រោះជាយុវជនស្លាប់ចំនួន២នាក់និងកំពុងសង្រ្គោះចំនួន២៤៥នាក់។

តាមការអោយដឹងពីលោក ឃួន វុទ្ធី ប្រធានមន្ទីសង្គមកិច្ចនិងអតីតៈយុទ្ធជនខេត្តបន្ទាយមានជ័យផ្តល់អោយអ្នកព័ត៍មានគឺយុវជនដែលកំពុងអប់រំកែប្រែបន្សាបគ្រឿងញៀននៅមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់មានចំនួន ៨៣៣នាក់មានស្រី៤៩នាក់ហើយជាក់ស្តែងនៅថ្ងៃទី០១ខែធ្នូឆ្នាំ២០១៩រហូតយប់ម្សិលមិញមានយុវជនពុលចំណីមានចំនួន២៤៥នាក់ស្រី១៧នាក់ហើយមានអ្នកស្លាប់២នាក់១.ឈ្មោះ ឡុង កែវពិសិទ្ធ ភេទប្រុសអាយុ៣៤ឆ្នាំ ២.ឈ្មោះ សំ សូវីន ភេទប្រុសអាយុ៣២ឆ្នាំ។

លោកបានបញ្ជាក់ថា៖មុនពេលដែលយុវជនក្នុងមជ្ឈមណ្ឌលដែលកំពុងអប់រំកែប្រែមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ ពុលចំណីគឺបានទិញត្រសក់ស្រូវនៅផ្សារ(ហ៊ុយឡេង)ក្រុងសិរីសោភ័ណប្រមាណជាង១០ថង់១ថង់ស្មើ១០គីឡូក្រាម ដើម្បីធ្វើម្ហូបជាបន្លែអោយបរិភោគកាលពីល្ងាចថ្ងៃទី៣០ ខែវិច្ឆិការ ឆ្នាំ២០១៩។ តាមការសន្និដ្ឋានដំបូងអាចពុលត្រសក់ស្រូវ ព្រោះត្រសក់ស្រូវត្រូវបានអោយយុវជនបរិភោគនៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិការ ឆ្នាំ២០១៩ ក្រោយពេលហូបហើយរហូតដល់ម៉ោងប្រមាណ៨ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ ស្រាប់តែយុវជនទាំងអស់ចាប់ផ្តើមឈឺពោះរាគរុះក្អួតចង្អជាបន្តបន្ទាប់ត្រូវបានគ្រូពេទ្យក្នុងមជ្ឈមណ្ឌលព្យាលដោយស្ថានភាពឈឺច្រើនបានសុំរថយន្តសង្គ្រោះដឹកដាក់នៅមន្ទីពេទ្យបង្អែកក្រុងសិរីសោភ័ណ និងស្ថានភាពធ្ងន់ធ្ងរបញ្ជូនទៅមន្ទីពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរី ហើយមានយុវជនម្នាកដោយសភាពធ្ងន់ធ្ងរបានស្លាប់ម្នាក់។

សម្រាប់ការអប់រំកែប្រែនៅទីតាំងខាងលើមានយុវជនដែលឱពុកម្តាយយកមកផ្ញើ និងតាមប្រព័ន្ធតុលាការដែលសរុបចំនួន៨៨៣នាក់និងស្រី៤៩នាក់ ។គ្រូពេទ្យនៅមន្ទីពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរី បញ្ជាក់ថាយុវជនទាំងនេះពុលចំណីតាមការសន្និដ្ឋានដំបូង។យុវជនដែពុលត្រសក់ស្រូវដែលបរិភោគឆៅ ដោយត្រសក់អាចមានសាធាតុជាតិពុលថ្នាំបាញ់សំលាប់សត្វល្អិតបាញ់ទៅលើត្រសក់ស្រូវទើបបណ្តាលពុល។

យុវជនអប់រំផ្តាច់សារធាតុញៀនដែលពុលទាំងអស់បច្ចុប្បន្នកំពុងសំរាកព្យាបាលនៅតាមមន្ទីពេទ្យត្រូវកងកម្លាំងការពារដោយឃើញមានវត្តមានលោក អ៊ុ រាត្រី អភិបាលខេត្តនិងលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តនិងស្នងការរងទៅសួរសុខទុក ហើយកងកម្លាំងបានការពារយ៉ាងម៉ត់ចត់ផងដែរ។ការពុលនេះផងដែលកាលពីថ្ងៃទី២ធ្នូ២០១៩ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបានចុះទៅផ្សារហ៊ុយ ឡេង ដើម្បីពិនិត្យជាក់ស្តែងនៅទីតាំងលក់ត្រសក់ស្រូវដែលជាកន្លែងទិញអោយយុវជនហូប។