ប៉ៃលិន៖ស្ត្រីម្នាក់បានទៅដាក់ពាក្យបណ្តឹងដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់ ដោយនាងអះអាងថា មានស្ត្រីជាជនជាតិចិនម្នាក់ បានឆបោកប្រាក់ខ្លួន៩០ម៉ឺនបាត (ប្រាក់ថៃ) ស្មើនឹងជាង១០០លានរៀលកាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៩ ហើយសន្យាសងវិញនៅថ្ងៃទី៣ ខែធ្នូឆ្នាំ២០១៩ តែដល់ថ្ងៃកំណត់ស្ត្រីខាងលើបែរជារត់គេចខ្លួនបាត់ស្រមោលទៅវិញ។​ហេតុការណ៍ស្ត្រីរងគ្រោះដាក់ពាក្យបណ្តឹងនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី៣ ខែធ្នូនេះ នៅប៉ុស្តិ៍​នគ​របាលរដ្ឋបាលឃុំស្តឹងកាច់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

បើ​តាមប្រភពព័ត៌មា​នពីស្រី្ត ឈ្មោះ មិន រ៉ា អាយុ៣១ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ​ស្រុកសាលាក្រៅ បានឲ្យដឹងថា ស្ត្រីជាជនជាតិចិនម្នាក់ ឈ្មោះ សាំវួយយៀង អាយុ២៥ឆ្នាំ បានល្បួងសុំខ្ចីលុ​យនាងចំនួន៩០ម៉ឺនបាត (ប្រាក់ថែ) ប្រហែលជាជាង១០០លានរៀល ហើយបានសន្យាសងវិញនៅថ្ងៃទី៣ ខែធ្នូឆ្នាំ២០១៩ តែដល់ថ្ងៃកំណត់ជនខាងលើបានរត់គេចខ្លួនបាត់មិនដឹងជាទៅទីណានោះទេ ។

​ស្រី្តខាងលើបានបន្តទៀតថា ដោយស្រ្តីខាងលើជាបុគ្គលិកកាស៊ីណូជាមួយគ្នាម៉្យាងទៀតស្ត្រីរូបនោះជាកូនចៅរបស់ប្តីខ្លួនផងទើបនាងទុកចិត្តឲ្យខ្ចីលុយយ៉ាងច្រើនបែបនេះ ហើយក៏គេ​ចខ្លួនរហូតមក ។នាងបញ្ជាក់ថា បើបងប្អូនណាប្រទះឃើញស្រ្តីដូចមានរូបរាងខាងលើ សូមផ្តល់ព័ត៌មានឲ្យសមត្ថកិច្ចផងព្រោះមានពាក្យបណ្តឹង​រួចរាល់អស់ហើយ ឬក៏​ទូរស័ព្ទទៅកាន់លេខ 088 36 99 872 ខាងម្ចាស់បំណុលនឹងជូនជាសគុណជាទីគាប់ចិត្តផងដែរ៕