ភ្នំពេញៈ  យុវជនម្នាក់បានរងរបួសធ្ងន់ធ្ងរត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈជិះម៉ូតូលឿនជ្រុលបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងកំពុងបត់ឆ្លងផ្លូវពេញទំហឹង  កាលពីវេលាម៉ោង  ១០នឹង៣០នាទី  ព្រឹកថ្ងៃទី  ៣  ខែធ្នូ  ឆ្នាំ  ២០១៩  ស្ថិតនៅមុខសាលាបឋមសិក្សាចាក់អង្រែលើ  តាមបណ្តោយផ្លូវជាតិលេខ២  សង្កាត់ចាក់អង្រែលើ  ខណ្ឌមានជ័យ  រាជធានីភ្នំពេញ  ។

តាមសម្តីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានអោយដឹងថា  មុនកើតហេតុមានយុវជនម្នាក់បានជិះម៉ូតូម៉ាក  ឌ្រីម សង់  ពណ៌ខ្មៅ  ពាក់ស្លាកលេខភ្នំពេញ1HW-4987ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២  ទិសដៅពី ជើងទៅត្បូង ក្នុងល្បឿនលឿន  ខណៈមកដល់ចំណុចកើតហេតុស្របពេលមានម៉ូតូកង់បីឥណ្ឌាមួយគ្រឿង  បើក បរ បញ្ច្រាស់ទិសគ្នា  ហើយបានបត់ត្រឡប់ក្រោយ ឆ្លងកាត់ផ្លូវជាតិលេខ២  ក៏ត្រូវយុវជនដែលជិះម៉ូតូជាន់ ហ្វ្រាំងមិនទាន់ជ្រុលបុកពេញទំហឹង  បណ្តាលអោយយុវជនម្ចាស់ម៉ូតូរងរបួសធ្ងន់  ចំណែកភាគីម៉ូតូកង់បីឥណ្ឌា  ឃើញសភាពមិនស្រួលក៏បានបើកគេចបាត់ស្រមោលភ្លាមៗ។ ក្រោយកើតហេតុអ្នករងរបួសត្រូវបានដឹកតាមម៉ូតូកង់បីទៅសង្គ្រោះនៅមន្ទីរពេទ្យ  ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះមកយកទៅរក្សាទុកនៅស្នាក់ការនគរបាលប៉ុស្តិចាក់អង្រែលើរងចាំសាច់ញាតិយកឯកសារមកពិនិត្យរួចប្រគល់ជូនវិញ៕