ខេត្តបាត់ដំបង ! កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំបានចុះប្រតិបត្តិការបង្ក្រាបករណីប្រើប្រាស់ឬរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណីនិងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់។សមត្ថកិច្ចបានអោយដឹងថា នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅចំណុចក្រុមទី០៤ ភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ជនសង្ស័យត្រូវបានឃាត់ខ្លួន ១-ឈ្មោះ អេង វាសនា ហៅក្រាញ់ ភេទប្រុស អាយុ២៨ឆ្នាំ ២-ឈ្មោះ ជឿន សុខជា ភេទប្រុស អាយុ២២ឆ្នាំ ទាំងពីរនាក់មានទីលំនៅក្នុងភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

វត្ថុតាងដកហូតបានរួមមាន -ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០៨ថង់ ទម្ងន់ ២៤,៤១ក្រាម ថង់សម្រាប់ច្រករំលែកថ្នាំញៀនលក់មួយចំនួន និងទូរស័ព្ទដៃចំនួន០១គ្រឿង។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី។