អគារសិក្សា១ខ្នង ស្មើនឹង៥បន្ទប់ ជាអំណោយរបស់ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់បំពេញតាមតម្រូវការខ្វះខាត របស់ សិស្សានុសិស្ស នៅសាលាបឋមសិក្សាក្អមសំណក្រោម កាលពីព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ ២០១៩ ដោយមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករ។
ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាលបានមាន ប្រសាសន៍ថា អគារសិក្សាដែលត្រូវបញ្ចុះបឋមសិលាសាងសង់នាពេលនេះ សាងសង់ពីថ្មប្រក់ក្បឿង តាមគម្រោងគឺសាងសង់ រយៈពេល៦ខែ នឹងហើយរួចរាល់ជាស្ថាពរ។ ជាងនេះទៅទៀតឯកឧត្តមក៏បានជំរុញឱ្យក្រុមហ៊ុនដែលជាអ្នកម៉ៅការសាងសង់ត្រូវធ្វើឱ្យបានលឿនបំផុត ធ្វើយ៉ាងណាយកចិត្តទុកដាក់សាងសង់ឱ្យបានត្រឹមត្រូវ ទៅតាមបទដ្ឋានបច្ចេកទេសធានាបានទាំងគុណភាព និងសោភ័ណភាព ព្រោះអគារសិក្សានេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សិស្សានុសិស្ស នៅតំបន់នេះ។
ឯកឧត្តមបានបន្តថា ពេលសាលារៀនមួយខ្នងនេះ ហើយជាស្ថាពរសូមក្មួយៗសិស្សានុសិស្សជួយថែរក្សាអគានេះ ព្រមទាំងសំអាតអនាម័យទាំងក្នុង និងក្រៅអោយបានស្អាត ដើម្បីអោយអគារសិក្សានេះប្រើប្រាស់បានយូអង្វែង និងដោយឡែកសិស្សានុសិស្សទាំងអស់ត្រូវ ខិតខំរៀនសូត្រកុំខ្ជិលច្រអូសជាពិសេសត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ដែលនាំឱ្យខូចអនាគតរបស់ខ្លួន។
នៅក្នុងឱកាសនោះឯកឧត្តមបានសន្យាថានឹងផ្ដល់ផ្លូវបេតុង១ខ្សែប្រវែង ១០០០ម ជូនប្រជាពលរដ្ឋក្នុងឃុំក្អមសំណ នៅឆ្នាំ២០២០។
លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកបានឱ្យដឹងដែរថា ស្រុកលើកដែកមានអគារសរុប ៨១ខ្នង ស្មើនឹង ៣៥៣ បន្ទប់ ក្នុងនោះអគារដែលឧបត្ថម្ភដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេច កិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សរុបចំនួន៣៨ខ្នង ស្មើនឹង១៨៩បន្ទប់ និងឧបត្ថម្ភដោយឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្ត ចំនួន០១ខ្នង ស្មើនឹង៥បន្ទប់ ។ ក្រៅពីសមិទ្ធិផលខាងលើ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានជួសជុលផ្លូវបេតុងអាមេ និងសមិទ្ធិផលជាច្រើនទៀតក្នុងមូលដ្ឋានស្រុកលើកដែក។
លោកបានបន្ថែមថា នៅក្នុងស្រុកលើកដែក មានសមិទ្ធិផលជាច្រើនបានកើតឡើងជាបន្តបន្ទាប់ ជាពិសេសទៅទៀតក្នុងឃុំក្អមសំណ មានភាពរីកដុះដាលជាបន្តបន្ទាប់ធ្វើអោយជីវភាពរបស់ប្រជាពលរដ្ឋកើនឡើង នេះជាការបញ្ជាក់អោយឃើញយ៉ាងច្បាស់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។