មានប្រសាសន៍ក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅក្នុងឃុំស្វាយអំពារ ស្រុកមុខកំពូល នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩នេះ ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ពីគោលបំណងរបស់វេទិការ គឺធ្វើឡើងដើម្បីប្រមូលមតិយោបល់ បញ្ហាប្រឈម និងសំណូមពរនានាពីអ្នកចូលរួមទាំងអស់ យកមកពិភាក្សាស្រាយបំភ្លឺ ដោយតម្លាភាព ពន្លឿនក្នុងការដោះស្រាយឲ្យបានចំគោលដៅ ក្របកដោយប្រសិទ្ធិភាព និងទាន់ពេលវេលា ដើម្បីពង្រឹង និងលើកកំពស់ការឆ្លើយតបចំពោះតម្រូវការក្នុងមូលដ្ឋានឲ្យកាន់តែមានភាពប្រសើឡើង។

ឯកឧត្តមបន្តថា វេទិកានេះ ក៍ជាឱកាស សម្រាប់ក្រុមប្រឹក្សាខេត្ត បានជម្រាប់ជូនដល់ ក្រុមប្រឹក្សាស្រុក ឃុំ  ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ អំពីសកម្មភាព និងលទ្ធផលសំរេចបានរបស់ក្រុមប្រឹក្សាខេត្តដែលបានអនុវត្តក្នុងឆ្នាំកន្លងមក ពិសេសគឺការឆ្លើយតបចំពោះសំណើក៍ដូចជាសំណូមពរនានារបស់ប្រជាពលរដ្ឋ ដែលបានស្នើកាលពីឆ្នាំមុនផងដែរ។

សូមជំរាបថា តាមរបាយការណ៍ឆ្លើយតបរបស់ក្រុមប្រឹក្សាខេត្តលើកទី៥ អាណត្តិទី២ កាលពីឆ្នាំ២០១៨ ក្រុមប្រឹក្សាខេត្តទទួលបានសំណូមពរពីប្រជាពលរដ្ឋចំនួន៤ មាន២សំណូមពរបានដោះស្រាយរួចរាល់ ដោយឡែកនៅមាន ២សំណូមពរទៀតរដ្ឋបាលខេត្ត និងរដ្ឋបាលស្រុកកំពុងធ្វើការដោះស្រាយ ទី១ទាក់ទងនឹងសំណូមពរ របស់ប្រជាពលរដ្ឋនៅក្នុងឃុំស្វាយអំពារ ស្នើដាក់ភ្លើងស្តុកនៅចំណុចផ្សារកំពង់ប្រាសាទ ទី២ ទាក់ទងនឹងសំណើរបស់ប្រជាពលរដ្ឋក្នុងភូមិលើ សុំកាត់ទ្រូងផ្លូវលេខ ៦អា ចំណុចមុខវត្តអាស្រមពោធិញាណ ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់។

ពាក់ព័ន្ធនឹងបញ្ហាសំរាម ឯកឧត្តម តុង ម៉េងលាន អភិបាលរងខេត្តកណ្តាល  បានបញ្ជាក់ថា ការចូលរួមសហការពីប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកមុខកំពូល រួមគ្នាសម្អាតបរិស្ថានតាមផ្ទះរៀងៗខ្លួនគឺសំខាន់ណាស់ ជាពិសេសត្រូវចេះរៀបចំទុកដាក់សំរាមឲ្យបានត្រឹមត្រូវ  កុំចោលសំរាមពាស់វាលពាស់កាលដែលជាហេតុធ្វើឲ្យ ខូចសោភ័ណ្ឌភាព និងបរិស្ថាន  ត្រូវចូលរួមគ្នាក្នុងការសំអាតបរិស្ថានស្អាតសម្រាប់យើងទាំងអស់គ្នា។

សំរាប់វេទិការក្នុងនាថ្ងៃនេះ ក្រុមប្រឹក្សាខេត្តទទួលបានសំណូមពរពីប្រជាពលរដ្ឋបានចំនួន ៦បញ្ហា ពាក់ព័ន្ធ  ការស្នើសុំធ្វើផ្លូវ ការស្នើសុំធ្វើសាលាបុណ្យ  បញ្ហាដីធ្លី  បញ្ហាជុលផល ស្នើសំលៀកបំពាក់ប្រជាការពារ សុំជួយកសាងវត្តព្រះធម៍កំពូលត្រៃភព ស្ថិតនៅក្នុងភូមិអំពិលទឹក ដែលបញ្ហាទាំងត្រូវបានក្រុមប្រឹក្សាបានធ្វើការឆ្លើយតប និងទទួលយក និងបានជំរុញឲ្យមន្ទីរជំនាញយកទៅពិនិត្យពិភាក្សា ដោះស្រាយឲ្យបានរួចរាល់ក្នុងពេលឆាប់ៗនេះ។