ភ្នំពេញ៖ មន្ត្រីនគរបាលប៉ុស្តិ៍បឹងសាឡាងម្នាក់ ដែលសង្ស័យថាមានជម្លោះជាមួយអ្នកជិតខាង យកកាំភ្លើងAK បាញ់រះអស់ ៣គ្រាប់បណ្តាលអោយបរុសម្នាក់រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់នៃស្នងការនគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនខ្លួន ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩នេះ។

សូមបញ្ជាក់ថា មន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាងខណ្ឌទួលគោកជាមួយអ្នកជិតខាង រហូតផ្ទុះអាវុធចំនួន៤គ្រាប់ បណ្ដាលឲ្យត្រូវជនរងគ្រោះ១គ្រាប់ចំខ្នង បានកើតឡើងកាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ផ្ដើមចេញពីរឿងសត្វឆ្កែចិញ្ចឹមរបស់ជនរងគ្រោះ ធ្លាប់ខាំមន្ដ្រីនគរបាលូបនេះ ហើយក៏ធ្លាប់ទាស់ពាក្យសម្ដីគ្នា កាលពីពេលកន្លងទៅផងដែរ។ជនសង្ស័យមានឈ្មោះ សុង ពិសិដ្ឋ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្រ្តីនគរបាលប៉ុស្តិ៍បឹងសាឡាង ស្នាក់នៅផ្ទះជួល ផ្លូវលេខ៦៦២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះ ឈ្មោះ សឹង សុផល ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះលេខ៥៧ ផ្លូវលេខ៦៦២ ក្រុមទី៦ ភូមិ២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាងម្នាក់នេះ បានឈ្លោះជាមួយបុរសម្នាក់ដែលមានឈ្មោះហៀង ជនបង្កបានស្រែកលឺៗ ថា អាហៀងៗ រស់នៅជិតខាងគ្នា តែពុំឃើញមានឈ្មោះហៀងនោះទេ ស្របពេលនោះក៏មានបុរសចំណាស់ ដែលមានផ្ទះនៅជិតគ្នាបានជិះម៉ូតូចេញទៅធ្វើការដូចធម្មតា បែរ ជាជនបង្កបានទាញកាំភ្លើង AK47 បាញ់ចំនួន៣គ្រាប់ផ្ទួនៗ គ្នា ក្នុងនោះ២គ្រាប់បានបាញ់ឡើងលើ បាញ់ចូលផ្ទះ និង១គ្រាប់ទៀត បាញ់ត្រូវចំខ្នងរបស់បុរសចំណាស់ជនរងគ្រោះបណ្ដាលឲ្យរងរបួស ដែលជនបង្កបានទៅប៉ុស្តិ៍នគរបាល យកកាំភ្លើង AK47 ស្ពាយជិះម៉ូតូចេញពីប៉ុស្ដិ៍  ដែលធ្វើអោយមន្ត្រីប៉ូលីសដូចគ្នា គិតថា ជនសង្ស័យចេញល្បាត ដូចសពដង ដឹងអី ពេលជិះម៉ូតូចេញមិនបានប៉ុន្មានផងក៏កើតចេញជារឿងបាញ់រះដូចខាងលើតែម្តង។ក្រោយពេលកើតហេតុមន្ដ្រីនគរបាលជាជនបង្កត្រូវបានប៉ូលីសឃាត់ខ្លួនភ្លាមៗនៅកន្លែងកើតហេតុ ធ្វើតេសទឹកជាលទ្ធមានសារធាតុញៀន និងបានបន្តបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញភ្លាមដែរដើម្បីធ្វើការសួរនាំ និងចាត់តាមនីតិវិធី៕