ខេត្តសៀមរាប៖ ស្ត្រីម្នាក់ទំនងទើបតែចេះបើករថយន្តមិនប្រយ័ត្នដល់ផ្លូវកែងជាន់ហ្គាថាហ្វ្រាំង ទៅបុកគូទរថយន្តNISSAN មួយគ្រឿង និងបន្តទៅបុកធុងទឹកអំពៅ និងរបងផ្ទះអ្នកលក់ភេសជ្ជៈ បណ្ដាលខូចខាតម៉ូតូចំនួន៣គ្រឿង និងម៉ាស៊ីនភ្លើងតូចមួយនិងម៉ូតូរឺម៉កលក់ទឹកអំពៅផងដែរ។ ចំណែករថយន្តបង្កខ្ទេចផ្នែកខាងមុខយ៉ាងធ្ងន់ តែសំណាងល្អ ម្ចាស់មិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតឡើយ។

ហេតុការ នេះបានកើតឡើង ស្ថិតនៅចំណុចផ្លូវកែង លោកតាណើយ លើដងផ្លូវលូទឹកស្អុយ ត្រង់របងផ្ទះ លក់ភេសជ្ជៈយីហោចែខួច ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។

ប្រភពពីកន្លែងកើតហេតុបានបញ្ជាក់ថា ម្ចាស់រថយន្តហាយ ឡែនឌឺ ដែលបង្ក នោះមានឈ្មោះ ជា ស្រី ទូច ភេទស្រី អាយុ៤៨ឆ្នាំរស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ចំណែករថយន្តម៉ាក NISSAN ពណ៌ស ពាក់ស្លាកលេខ សៀមរាប ២.A.៤៧៤០ ដែលត្រូវរថយន្តបង្ក បុកនោះ ជិះពីនាក់ប្តីប្រពន្ធ ឈ្មោះ(ប្តី) មិញ ប៊ុន ឡា អាយុ៥៣ឆ្នាំនិងប្រពន្ធ ឈ្មោះ សោ គឹមតេង អាយុ៦១ឆ្នាំ។ ខូចខាតផ្នែកគូទខាងក្រោយត្រង់ស្តុបនិងកាង ខាងស្តាំ។ ដោយឡែកអ្នកលក់ទឹកអំពៅ ឈ្មោះ ព្រំ សុង ភេទប្រុស អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀម ខេត្តសៀមរាប។ ចំណែកម្ចាស់ផ្ទះដែលត្រូវរថយន្តបុក ចូលរបងផ្ទះនោះ ឈ្មោះ តាន់ ប៊ុនលេង ភេទប្រុស អាយុ៥០ឆ្នាំមុខរបរលក់ភេសជ្ជៈ។ បច្ចុប្បន្ន កម្លាំងជំនាញ បានអូសយករថយន្តបង្ក ទៅរក្សាទុកនៅគោលដៅ សួនច្បារមាត់ស្ទឹងសៀមរាបដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់៕