ខេត្តព្រះសីហនុ៖ សភាពាណិជ្ជកម្មខេត្តព្រះសីហនុ ដែលពោរពេញទៅដោយសមត្ថភាពនាអាណត្តិ  នឹងក្លាយជាដៃគូរ ដោយសាកសមក្នុងកិច្ចពិភាក្សាជាមួយរដ្ឋបាលថ្នាក់ខេត្តដើម្បីជំរុញការអភិវឌ្ឍនិងការវិនិយោគរបស់វិស័យឯកជនក្នុងខេត្តព្រះសីហនុតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង លោកឧកញ៉ា វណ្ណ សុខហេងប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានដឹកនាំក្រុមថ្នាក់ដឹកនាំសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ក្នុងការជួបសំដែងការគួរសមនិងបើកកិច្ចប្រជុំសំណេះសំណាលជាមួយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩។

ក្នុងឱកាសជួបសំណេះសំណាលជាមួយឯកឧត្តមអភិបាលខេត្តព្រះសីហនុ លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានលើកសំណើចំនួន ៤ជូនចំពោះឯកឧត្តមអភិបាលខេត្តមាន៖

១. ស្នើសុំឱ្យមានកម្មវិធីអាហារពេលព្រឹកប្រចាំខែជាមួយឯកឧត្តមអភិបាលខេត្តដើម្បីបង្កើតភាពស្និទ្ធស្នាលជាមួយវិស័យឯកជននិងងាយស្រួលក្នុងការប្រមូលព័ត៌មានមាននាពីវិស័យឯកជនឲ្យទាន់សភាពការណ៍។

២. ស្នើសុំឲ្យមានកិច្ចប្រជុំជាមួយវិស័យឯកជន ៣ខែម្ដងដើម្បីដោះស្រាយរាល់បញ្ហាប្រឈមនានារបស់វិស័យឯកជនមុននឹងបញ្ហាប្រឈទាំងនោះត្រូវបានបញ្ជូនចូលក្នុងកិច្ចប្រជុំថ្នាក់ជាតិ។

៣. ស្នើសុំឱ្យមានតំណាងវិស័យឯកជនអមដំណើរឯកឧត្តមអភិបាលពេលទៅបេសកកម្មទៅក្រៅប្រទេសម្ដងៗដើម្បីឲ្យវិស័យឯកជនជួយធ្វើជាអ្នកទាក់ទាញអ្នកវិនិយោគបន្ថែមទៀតក្នុងខេត្តព្រះសីហនុ។

៤. ស្នើសុំរៀបចំក្រុមការងារបច្ចេកទេសរៀបចំឯកសារដែលបង្ហាញពីសក្ដានុពលរបស់ខេត្ត ចំណុចគោលដៅ ក្នុងការជុំវិញការវិនិយោគដែលជាមធ្យោបាយងាយស្រួលពន្យល់ដល់វិនិយោគទុន នឹងទាក់ទាញវិនិយោគឲ្យមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ។ហើយឆ្លៀតក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានមានមតិពិភាក្សានិងសំណេះសំណាលជាមួយថ្នាក់ដឹកនាំសភាពាណិជ្ជកម្មខេត្តព្រះសីហនុ លើកឡើងពីបញ្ហាផ្លូវទាំង ៣៥ខ្សែ ដែលកំពុងតែស្ថាបនា នាពេលបច្ចុប្បន្ននេះ ហើយឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា សំណើស្នើសុំរបស់សភាពាណិជ្ជកម្មខេត្តព្រះសីហនុលើកឡើងចំនួន ៤ចំណុចនោះគឺឯកឧត្តម អភិបាលខេត្តឯកភាពចំនួន ៣ចំណុចហើយមួយចំណុចទៀតឯកឧត្តមកំពុងតែពិចារណា និងមិនទាន់ឯកភាពនៅឡើយទេ បន្ទាប់ពីឯកឧត្តមបានទទួលសំណើរ ពីថ្នាក់ដឹកនាំសភាពាណិជ្ជកម្មខេត្ត ៣ចំណុចខាងលើនេះបានរួចរាល់ ហើយបានធ្វើការថតរូបទុកជាអនុស្សាវរីយ៍ជាមួយសភាពាណិជ្ជកម្មខេត្តព្រះសីហនុ៕