លោកចាន់ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី បានអះអាងថាអាកាសធាតុនៅខេត្តរតនគិរី ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះសីតុណ្ហភាពស្ថិតនៅចន្លោះពី ២៨ អង្សារសេ ទៅ ១៨ អង្សារសេក្នុងកម្រិតធម្មតានៅឡើយ ។
នេះបើតាមការបញ្ជាក់របស់ លោក ចាន់ ប៊ុនធឿន ដែលបានផ្តល់បទសម្ភាសន៍ដល់ទូរទស្សន៍ ប៉ុស្តិ៍លេខ8HD ។
ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តរតនគិរីរូបនេះ បានអោយដឹងទៀតថា កម្រិតសីតុណ្ហភាពក្នុងខេត្តនាពេលនេះ ស្ថិតនៅកម្រិតដូចធម្មតានៅឡើយខណ:ដែលរយ:ពេលដើមឆ្នាំដូចគ្នាកាលពីឆ្នាំកន្លងទៅ ឃើញថាសីតុណ្ហភាពចុះត្រជាក់ដល់ ១៣ °C ដែលសីតុណ្ហភាពត្រជាក់ខ្លាំងដូចនោះគឺជាលើកទី១ ហើយសម្រាប់ខេត្តរតនគិរី បន្ទាប់ពីខកខានអស់រយៈពេលជិត ២០ឆ្នាំចុងក្រោយនេះ ។
ទន្ទឹមហ្នឹឹងនោះ លោក ចាន់ ប៊ុនធឿនបានធ្វើការសន្និដ្ឋានថា អាកាសធាតុក្នុងខេត្តរតនគិរីនាឆ្នាំនេះពុំត្រជាក់ខ្លាំងដូចឆ្នាំកន្លងទៅដែលបានធ្វើអោយប៉ះពាល់ដល់សុខមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសចំពោះមនុស្សចាស់និងកុមាររួមទាំងបានធ្វើអោយប៉ះពាល់ដល់ទិន្នផលផលដំណាំកសិកម្មមួយចំនួនទៀតផងដែរជាពិសេសដំណាំស្វាយចន្ទីរ ដែលធ្វើអោយម្ចាស់ចំការនីមួយៗមានការថ្អូញថ្អែរនិងខាតបង់ចំណូលជាច្រើន ដោយសារការប្រមូលផល បានតិចតួចខុសប្លែកពីសព្វមួយដង៕