ខេត្តកំពត៖ ស្ពានដែកមាត់ពាម ដែលស្ថិតជាប់និងឃុំកំពង់គ្រែង និងឃុំម៉ាក់ប្រាង្គ ក្នុងស្រុកទឹកឈូ  ខេត្តកំពត ។ទទួលរងភាពទ្រុឌទ្រោមយ៉ាងធ្ងន់ធ្ងរខណៈដែលរថយន្តដឹកដីធ្វើអាជីវកម្មឆ្លងកាត់គ្មានទទួលខុសត្រូវ និងគ្មានការទប់ស្កាត់ពីអាជ្ញាធរមូលដ្ឋាន   ប្រជាពលរដ្ឋដែលរស់នៅក្នុងទឹកដីភូមិសាស្ត្រខាងលើ បានធ្វើការរិះគន់ចំពោះអាជ្ញាធរមូលដ្ឋាន ថាគ្មានភាពទទួលខុសត្រូវ ខណៈដែលស្ពានស្ថិតក្នុងសភាពបង្កគ្រោះថ្នាក់បែបនេះទៅហើយ បែជាអាជ្ញាធរមិនជួសជុលស្ថាបនាឡើងវិញ។

ស្ពានដែកមួយនេះ ត្រូវបានគេដឹងថា ជាស្ពានដែលកសាងដោយក្រុមហ៊ុនចិនវ៉ារីអគ្គីសនីកំចាយមារ ក្រោយពីក្រុមហ៊ុនខាងលើបញ្ចប់ការសាងសង់ទំនប់វ៉ារីអគ្គីសនីរបស់ខ្លួនរួចរាល់ហើយទាំងស្រុង ស្ពានដែកមួយនេះត្រូវបានក្រុមហ៊ុនដាក់បម្រើជាសាធារណៈ ហើយបានបម្រើអោយប្រជាពលរដ្ឋជាច្រើន ព្រមទាំងបង្កភាពងាយស្រួលឆ្លងកាត់របស់សិស្សានុសិស្សផងដែរ។ ស្ពានដែកមាត់ពាមខាងលើ គឺមានប្រវែងជាង៣០ម៉ែត្រ ទទឹង៨ម៉ែត្រ ចំណែកផ្ទៃកណ្តាលមានក្រាលបន្ទះដែកម៉ាឡេយ៉ាងរឹងមាំ អស់រយៈកាលជាច្រើនឆ្នាំ កន្លងមកនេះ ស្ពានដែកខាងលើ បានទទួលរងការខូចខាតពិបាកក្នុងការធ្វើដំណើរ ហើយត្រូវបានឯកឧត្តមជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត យកចិត្តទុកដាក់ ហើយឯកឧត្តមអិបាលខេត្តបានអោយមន្ត្រីបច្ចេកទេសនៃមន្ទីរសាធារណៈខេត្តទៅជួស​ជុល់​២លើកមកហើយ តែមិនអាចល្អធានាគុណភាពបានយូឡើយ ដោយកន្លងមកគេសង្កេតឃើញថា មានសកម្ម​ភាពក្រុមឈ្មួញដឹកដីធ្វើអាជីកម្មដឹកដីឆ្លងកាត់យ៉ាងអនាធិបតេយ្យ ដែលជាមូលហេតុធ្វើយអោយស្ពានរឹតតែទ្រុឌទ្រោមបន្ថែមទៀត ពលរដ្ឋលើកឡើងថា បើអាជ្ញាធរគ្មានគិតគូរពីបញ្ហាខាងលើនេះទេ ស្ពានដែកមួយនេះនិងបង្កគ្រោះថ្នាក់រឹតតែខ្លាំងឡើង។

ពីព្រោះពលរដ្ឋពីចំងាយមួយចំនួនពួកគាត់មិនបានដឹងពីស្ថានភាពស្ពានបាក់ខាង​លើ​នេះឡើយ។នៅរសៀលថ្ងៃទី​០៦ ខែមករា ឆ្នាំ២០១៩នេះ លោក សេង ឆាយ មេឃុំម៉ាក់ប្រាង្គខណៈដែលភ្នាក់ងារអង្គភាពទូរទស្សន៍CTV8 សួរនាំពីបញ្ជាពាក់ព័ន្ធស្ពានទ្រោឌទ្រោមខាងលើ លោកបានឆ្លើយតាមទូរស័ព្ទថា លោកមិនទាន់បានទទួលព័ត៌មានពីប្រជាពលរដ្ឋនៅឡើយទេ ហើយរូបគាត់បានបញ្ជាក់ថា ស្ពានដែកមួយនេះ កន្លងមកត្រូវបានជួសជុលរួចហើយ តែអ្វីដែលរងការខូចខាតផុងស្រុតថ្មីៗនេះលោកមិនទាន់បានដឹងច្បាស់នៅឡើយទេ។ លោក នាក់ សុវណ្ណរី អភិបាលស្រុកទឹកឈូ ខណៈដែលភ្នាក់ងារព័ត៌មានទូរទស្សន៍CTV8 ទំនាក់ទំនងតាមទូរស័ព្ទលោកមិនលើកទូរស័ព្ទឡើយ ពេលភ្នាក់ងារព័ត៌មានយើងព្យាយាមទាក់ទង់តាមរយៈប្រព័ន្ធទំនាក់ទំនងតាមតេឡេក្រាមលោកក៏មិនឆ្លើយតបដែរ ។ចំណែកប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើ បានធ្វើការរិគន់អាជ្ញាធរថា គ្រាន់តែស្ពានដែក កេរ្តិ៍ដំណែលចាស់របស់ក្រុមហ៊ុនចិនវ៉ារីអគ្គីសនីកំចាយសម្រាប់បម្រើអោយពលរដ្្ឋក្នុងមូលដ្ឋានខាងលើមួយសោះ ​ បែជាអាជ្ញាធរគ្មានសមត្ថភាពក្នុងការថែទាំ ហើយ បណ្តែតបណ្តោយអោយក្រុមឈ្មួញដឹកដីធ្វើអាជីវកម្មបំផ្លាញស្ទើទាំងស្រុងទៅហើយ ហើយក្រុមឈ្មួញដឹកដីទាំងនោះមិនទទួលខុសត្រូវជួសជុលស្ពានជូនប្រជាពលរដ្ឋវិញឡើយ។