ភ្នំពេញៈ ដើម្បីរៀបចំសណ្តាប់ធ្នាប់ និងសោភ័ណ្ឌភាពនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ អោយបានល្អប្រសើរ ជាថ្មីម្តងទៀតរដ្ឋបាលខណ្ឌ បានដាក់ចេញនូវវិធានការចុះរៀបចំសណ្តាប់ធ្នាប់នៅតាមផ្លូវជុំវិញផ្សារច្បារអំពៅ ដោយតម្រូវអោយម្ចាស់ផ្ទះនៅជុំវិញផ្សារទាំងអស់ត្រូវរុះរើ និងកាត់សំយ៉ាបផ្ទះ ណាដែលសាងសង់រំលោភយកចិញ្ចើមផ្លូវសាធារណៈ បន្ទាប់មកក្រុមការងារចាប់ផ្តើមស្ថាបនាផ្លូវបេតុងជុំវិញផ្សារដើម្បីបង្កលក្ខណៈងាយស្រួលដល់អាជីវករលក់ដូរទំនិញ

ផ្សេងៗ  ។

ផ្លូវជុំវិញផ្សារច្បារអំពៅដែលកន្លងមកជាប្រភេទផ្លូវចាក់កៅស៊ូបានទទួលរងនូវការខូចខាតស្ទើគ្រប់កន្លែងនោះ ពេលនេះក្រុមការងាររបស់ រដ្ឋបាលរាជធានីភ្នំពេញសហការជាមួយក្រុមការងាររបស់ រដ្ឋបាលខណ្ឌច្បារអំពៅ ចាប់ផ្តើមដំណើរការគម្រោស្ថាបនាផ្លូវបេតុងនៅជុំវិញផ្សារច្បារអំពៅហើយ ដោយចាប់ផ្តើមឈូសឆាយចេញពីផ្លូវលេខ៣៦៩ ។

ក្រុមការងារបច្ចេកទេសបានបញ្ជាក់ថា  គម្រោងស្ថាបនាផ្លូវបេតុងនេះមានទទឹង១១ម៉ែត្រ កំរាស់២០សង់ទីម៉ែត្រ និងមាន បណ្តោយ៥០០ម៉ែត្រព័ទ្ធជុំវិញផ្សារច្បារអំពៅ។ បើតាមការគ្រោងទុកគម្រោងស្ថាបនាផ្លូវបេតុងនេះ និង ត្រូវប្រើប្រាស់រយៈពេលយ៉ាងយូ១ខែ តែបើតាមការចុះអនុវត្តជាក់ស្តែងគម្រោងនេះអាចមានការយឺតយ៉ាងដោយសារជួបនូវបញ្ហាប្រឈមខ្លះៗ ផ្តើមចេញពីការសម្របសម្រួលជាមួយ ម្ចាស់លំនៅដ្ឋានដែលនៅជុំវិញផ្សារ។

ទោះជាយ៉ាងណា ក៏ក្រុមការងារជឿជាក់ថាម្ចាស់លំនៅដ្ឋានជុំវិញផ្សារច្បារអំពៅ និងបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារ ស្ថាបនាផ្លូវបេតុងនេះ ព្រោះផ្លូវនេះមិនមែនជារបស់បុគ្គលណាម្នាក់ឡើយគឺទុកសម្រាប់បម្រើអោយផលប្រយោជន៍រួម ចំណែកម្ចាស់លំនៅដ្ឋានជុំវិញផ្សារច្បារអំពៅក៏ទទួលបានប្រយោជន៍ពីផ្លូវបេតុងនេះផងដែរ។

សូមបញ្ជាក់ថាមុន និង ចាប់ផ្តើមបើកការដ្ឋានស្ថាបនាផ្លូវបេតុងជុំវិញផ្សាច្បារអំពៅ រដ្ឋបាលខណ្ឌបានជូនដំណឹងដល់ម្ចាស់លំនៅដ្ឋានជុំវិញផ្សារត្រូវរុះរើកាត់សំយ៉ាបផ្ទះដែលសង់រំលោភយកផ្លូវសាធារណៈដើម្បីអោយក្រុមការងារស្ថាបនាផ្លូវបេតុងអោយបានស្អាត។ បន្ទាប់ពីជូនដំណឹងហើយរដ្ឋបាលខណ្ឌច្បារអំពៅ បានអញ្ជើញម្ចាស់លំនៅដ្ឋានជុំវិញផ្សារច្បារអំពៅ មកប្រជុំណែនាំបន្ថែមនៅសាលាខណ្ឌកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ កន្លងទៅក្រោមវត្តមាន លោក រស់ សុភ័ក្ត  អភិបាលរងខណ្ឌ តំណាងលោកអភិបាល។

ក្នុងនោះដែរ បងប្អូន ប្រជពលរដ្ឋម្ចាស់ផ្ទះទាំងអស់ បានឯកភាពរុះរើតាមការណែនាំ  តែសំណូមពរអោយអាជ្ញាធរខណ្ឌ ចុះវាស់វែងកំណត់ទីតាំង ដើម្បីរុះរើ បន្ទាប់ពីម្ចាស់លំនៅដ្ឋានទាំងអស់ព្រមព្រៀងតាមការណែនាំ រដ្ឋបាលខណ្ឌច្បារអំពៅ បានចុះវាស់វែង និង កំណតទីតាំងដើម្បីរុះរើ ទើបឈានដល់ការបើកការដ្ឋានស្ថាបនាផ្លូវបេតុងនៅជុំវិញផ្សារ ៕អត្ថបទ និង រូបភាព ទឹម វិបុល