ភ្នំពេញ ៖ រហូតមកដល់​រសៀល​ថ្ងៃទី​១៦​ខែមករា ឆ្នាំ​២០១៩​នេះ មេការ និង​ជា​អ្នក​គិតលុយ​ជនជាតិ​ ពាក់ព័ន្ធ​ករណី​បង្ខំ​ឲ្យ​នារី​ម្នាក់​ធ្វើការ​វះកាត់ និង​បង្ខាំង​ស្ដ្រី​ជា​ម្ដាយ​នៅក្នុង​មន្ទីរពេទ្យ​វ៉ិ​ច​តូ​រៀ ដើម្បី​បង្ខំ​ឲ្យ​បង់លុយ​ថ្លៃ​វះកាត់ ត្រូវបាន​បញ្ជូន​មកកាន់​អយ្យការ​អម​សាលាដំបូង​ហើយ។

បុរស​ជនជាតិ​ចិន​នេះ​ឈ្មោះ លី ហ្ស៊ី អា​យុ​៣៧​ឆ្នាំ។ ព្រះរាជអាជ្ញា​អម​តុលាការ​កំពុង​សាកសួរ​ជនសង្ស័យ​រូបនេះ។ ចំណែក​អ្នក​មិន​ពាក់ព័ន្ធ​ផ្សេងទៀត រួម​ទាំង​លោកស្រី សៀង សុគន្ធ ដែល​ជា​អ្នក​ឈរឈ្មោះ​ឲ្យ​មន្ទីរពេទ្យ ត្រូវបាន​ដោះលែង​ឲ្យ​ត្រឡប់​ទៅវិញ​អស់ហើយ។

សូម​បញ្ជាក់​ថា ​ករណី​កក្រើក​អំពី​មន្ទីរពេទ្យ​ឯកជន វ៉ិ​ច​តូ​រៀ គាប​អ្នកជំងឺ​ឲ្យ​វះកាត់ រួច​គិតលុយ​ច្រើន​កប់​ពពក​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​៨​យប់​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៩ មន្ទីរពេទ្យ វ៉ិច​តូ​រៀ ដែល​មាន​ទីតាំង​នៅផ្ទះ​លេខ​៦១A ផ្លូវ​លេខ ៥៩២ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែលជា របស់​លោកស្រី​វេជ្ជបណ្ឌិត សៀង សុគន្ធ អ្នកទទួលខុសត្រូវ មន្ទីរពេទ្យវ៉ិ​ច​តូ​រៀ។

សម្រាប់​ហេតុការណ៍​នេះ ដំបូង​ឡើយ​នារី​រងគ្រោះ​បាន​ទៅ​មន្ទីរពេទ្យ​អន្តរជាតិ​វ៉ិ​ច​តូ​រៀ ជាមួយ​ម្ដាយ ដើម្បី​មក​ពិនិត្យ​ជំងឺ​រោគ​ស្ត្រី​។ បន្ទាប់ពី​បាន​ពិនិត្យ​រួច ស្រាប់តែ​ខាង​មន្ទីរពេទ្យ បាន​ប្រាប់​ឲ្យ​នារី​រងគ្រោះ​ត្រូវតែ​វះកាត់ បើ​មិន​វះកាត់​ទេ​អាច​នឹង​ស្លាប់​។

 

ភ្លាមៗ​នោះ​នារី​រងគ្រោះ បាន​និយាយ​ថា ខ្លួន​គ្មាន​ប្រាក់​ទេ បាន​សុំ​ចេញទៅ​ក្រៅ​វិញ ថែមទាំង​សុំ​អង្វរ​ទៀត តែ​បែរជា​ខាង​មន្ទីរពេទ្យ​បង្ខិតបង្ខំ​ឲ្យ​នារី​រងគ្រោះ​ខាងលើ ត្រូវតែ​ធ្វើការ​វះកាត់​ជាបន្ទាន់ ហើយ​ថែមទាំង​មិន​ប្រាប់​ពី​តម្លៃ​នៃ​ការវះកាត់​ទៀតផង​។

​ខាង​មន្ទីរពេទ្យ បាន​យក​ក្រដាស​១​សន្លឹក មិន​ដឹង​ថា ជា​សរសេរ​អ្វីខ្លះ​នោះ​ទេ បាន​ឲ្យ​ម្ដាយ​របស់​នារី​រងគ្រោះ ផ្ដិតមេដៃ​។ លុះ​ក្រោយ​ធ្វើការ​វះកាត់​រួច ខាង​មន្ទីរពេទ្យ​បាន​យក​វិក្កយបត្រ​បង់ថ្លៃ​វះកាត់​មក​ឲ្យ​គាត់ ដោយ​អស់ប្រាក់​ចំនួន​២,០០០​ដុល្លារ ថ្លៃ​ពិនិត្យ​១០​ដុល្លារ ថ្លៃ​ពិសោធន៍​៤៦​ដុល្លារ ហើយ​ការវះកាត់​នេះ មិនទាន់​ដឹង​ថា​ ជា​ជំងឺ​អ្វី​ឲ្យ​ប្រាកដ​នោះទេ​។

​ ​ម្ដាយ​របស់​នារី​រងគ្រោះ គាត់​មាន​ប្រាក់​តែ​៦០០​ដុល្លារ​ទេ សល់​ប៉ុន្មាន​គាត់​សុំ​រំលស់ ម្ដង​១០០​ដុល្លារ តែ​ករណីនេះ​ខាង​មន្ទីរពេទ្យ​មិន​ព្រម​ទេ ទាល់​តែ​មាន​៥០០​ដុល្លារ​ទៀត​។ ភ្លាមៗ​នោះ​ទ្វារ​របស់​មន្ទីរពេទ្យ ក៏​ត្រូវ​សន្តិសុខ យក​ច្រវាក់​មក​ចាក់​ទ្វារ មិន​ឲ្យ​ក្រុមគ្រួសារ​របស់​គាត់​ចេញ​ឡើយ​។

​ក្រោយ​វះកាត់​រួច នារី​រងគ្រោះ​បាន​មាន​អាការៈ​ឈឺ​ចុកចាប់​ខ្លាំង ត្រូវ​ក្រុម​គ្រួសារ​ហៅ​ម៉ូតូ​កង់​បី ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​រដ្ឋ​វិញ​។ ករណីនេះ​ក៏បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​អ្នកសារព័ត៌មាន ចុះទៅ​ផ្សាយ​ព្រោងព្រាត រហូតដល់​យប់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩​នេះ មន្ដ្រី​ក្រសួងសុខាភិបាល និង​អាជ្ញាធរ​ខណ្ឌទួលគោក ក្រោម​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា និង​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី រដ្ឋ​មន្ដ្រី​សុខាភិបាល បាននឹងកំពុង​ស្រាវជ្រាវ​នៅក្នុង​មន្ទីរពេទ្យ​វ៉ិ​ច​តូ​រៀ ហើយ​ឈានទៅដល់​ការឃាត់ខ្លួន​មេការ និង​ជា​អ្នក​គិតលុយ​ជនជាតិ​ចិន​ឈ្មោះ​លី ហ្ស៊ី ពាក់ព័ន្ធ​ករណី​បង្ខំ​ឲ្យ​នារី​ម្នាក់​ធ្វើការ​វះកាត់ និង​បង្ខាំង​ស្ត្រី​ជា​ម្ដាយ​នៅក្នុង​មន្ទីរពេទ្យ​របស់​ខ្លួន ដោយសារតែ​ពួកគេ គ្មាន​លុយ​បង់ថ្លៃ​ព្យាបាល តាម​ការកំណត់​របស់​មន្ទីរពេទ្យ​នោះ។ ឥឡូវនេះ​ក្រសួងសុខាភិបាល​បានសម្រេច​បិទ​មន្ទីរពេទ្យ វ៉ិ​ច​តូ​រៀ ជា​ផ្លូវការ និង​បញ្ជូន​មេការ​ជនជាតិ​ចិន​មក​តុលាការ​ដើម្បី​សម្រេច​តាមច្បាប់៕